អ្នកជំនាញច្បាប់​ពួតដៃគ្នាស្នើ UEFA ហាមអុីស្រាអែលពីការប្រកួតបាល់ទាត់តំបន់អឺរ៉ុប

​យ៉ាងហោចមានអ្នកជំនាញផ្នែកច្បាប់ជាង ៣០នាក់ បានពួតដៃគ្នាផ្ញើលិខិតស្នើសុំឱ្យសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដាក់ការហាមឃាត់ក្រុមជម្រើសជាតិអ៊ីស្រាអែល និងក្លិបបាល់ទាត់ក្នុងប្រទេសនេះ ពីការប្រកួតក្នុងតំបន់អឺរ៉ុប ជុំវិញការវាយប្រហារតំបន់កាហ្សា។

លិខិតបានរួមគ្នាស្នើពីសំណាក់អ្នកជំនាញផ្នែកច្បាប់ មានគោលបំណងផ្ញើទៅលោក Aleksander Ceferin ប្រធាន UEFA ដោយផ្ទាល់ នៅថ្ងៃទី៣ តុលា ដើម្បីជំរុញឱ្យដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដោយលើកហេតុផលជារឿងចាំបាច់ខ្លាំង ក្រោយ ឃើញរបាយការណ៍របស់អង្គការសហប្រជាជាតិ ថាអ៊ីស្រាអែលប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។

មិនតែប៉ុណ្ណោះ ពួកគេក៏បានទទូចឱ្យសមាជិក UEFA ផ្សេងៗ រួមគ្នាបំពេញកាតព្វកិច្ចច្បាប់ សីលធម៌ និងរក្សាច្បាប់អន្តរជាតិ ឆ្ពោះទៅមុខរួមគ្នាដើម្បីអាចដាក់ការហាមឃាត់លើបាល់ទាត់អ៊ីស្រាអែល ឱ្យបានពេញលេញ។

​លិខិតដដែល ក៏បានលើកឡើងពីទំហំខូចខាត​វិស័យកីឡាធ្ងន់ធ្ងរក្នុងតំបន់កាហ្សា ពីការវាយប្រហាររបស់អ៊ីស្រាអែល ដោយកីឡាករបាល់ទាត់សញ្ជាតិប៉ាឡេស្ទីន​ប្រមាណ ៤២១នាក់ត្រូវបានស្លាប់ ចាប់តាំងពីការវាយប្រហារដំបូងរបស់អ៊ីស្រាអែល លើតំបន់កាហ្សា។

ការទទូចទៅ UEFA ស្រដៀងគ្នានេះ បានកើនឡើងខ្លាំងពីសំណាក់ស្ថាប័នបាល់ទាត់ប្រទេសមួយចំនួន និងអ្នកជំនាញនានា បន្ទាប់ពីអង្គការសហប្រជាជាតិ បង្ហាញរបាយការណ៍ថាអ៊ីស្រាអែលសម្លាប់រង្គាលលើពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់កាហ្សា។ 

ដោយឡែកកន្លងមក សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក៏ធ្លាប់បានប្រកាសដាក់សម្ពាធលើស្ថាប័នបាល់ទាត់អន្តរជាតិធំៗរួមមានទាំង FIFA និង UEFA ឱ្យដាក់ទណ្ឌកម្មលើក្រុមជម្រើសជាតិអ៊ីស្រាអែលពីការប្រកួតអន្តរជាតិក្នុងតំបន់ និងពិភពលោក។ អេស្ប៉ាញ ក៏ដាក់សម្ពាធទៅ FIFA ថាខ្លួនអាចនឹងធ្វើពហិការមិនចូលរួមការប្រកួត World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ប្រសិនបើមានវត្តមានរបស់អ៊ីស្រាអែលក្នុងការប្រកួត។ 

កាលពីសប្តាហ៍មុនសហព័ន្ធបាល់ទាត់តួកកី បានធ្វើសកម្មភាពដូចគ្នាទៅនឹងអេស្ប៉ាញ ទាមទារឱ្យ FIFA និង UEFA ហាមអ៊ីស្រាអែលពីការប្រកួតបាល់អន្តរជាតិនានា។

ក្រៅពីបាល់ទាត់ ព្រឹត្តិការណ៍ប្រណាំងកង់ធំៗក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី ត្រូវបានក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នាំគ្នាចេញតវ៉ា និងបានបំផ្លាញសម្ភារៈរៀបចំ រហូតធ្វើឱ្យអ្នករៀបចំការប្រណាំងសម្រេចចិត្តដក ក្រុមប្រណាំងកង់អ៊ីស្រាអែលចេញពីការប្រកួត ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top