សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានសាកល្បងប្រើប្រាស់កាតពណ៌បៃតងក្នុងកីឡាបាល់ទាត់លើកដំបូង និងប្រចាំប្រវត្តិសាស្ត្ររបស់ FIFA ដោយកាតមួយសន្លឹងដំបូងត្រូវបានប្រើក្នុងការប្រកួតពានរង្វាន់ U20 World Cup ឆ្នាំ ២០២៥។ កាតបៃតងមួយសន្លឹដំបូងនេះ ត្រូវបានគ្រូជម្រើសជាតិក្រុម U20 ម៉ារ៉ុកប្រើវាទាមទារ ឱ្យអាជ្ញាកណ្តាលពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ប្រឆាំងការផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅក្រុមអាយុក្រោម២០ឆ្នាំ U20 អេស្ប៉ាញ។
វិស័យបាល់ទាត់សម័យទំនើប ចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៧០ កាតក្រហម និងកាតលឿងត្រូវបាន FIFA ដាក់ឱ្យប្រើលើកដំបូង ដើម្បីដាក់ពិន័យលើកីឡាករ ដែលបង្កកំហុសធ្ងន់ធ្ងរលើគូប្រកួត អំឡុងពេលប្រកួត។ ប៉ុន្តែមកដល់បច្ចុប្បន្ន FIFA ក៏កំពុងតែស្វះស្វែងរកវិធីសាស្ត្របង្កើនច្បាប់បន្ថែមចូលក្នុងការប្រកួត ដែលរឿងនេះកំពុងតែអាចផ្លាស់ប្តូររសជាតិក្នុងវិស័យបាល់ទាត់ពិភពលោក នៅពេលអនាគត។
ការប្រកួតពានរង្វាន់ U20 World Cup កំពុងធ្វើនៅក្នុងប្រទេសស៊ីលី ជាពេលដ៏ល្អសម្រាប់ FIFA ធ្វើតេស្តសាកល្បងច្បាប់ការប្រកួតថ្មីរបស់ខ្លួន ដោយប្រើកាតពណ៌បៃតង។
កាតបៃតងក្នុងការប្រកួត FIFA U20 World Cup មានដំណើរការក្នុងការប្រឆាំងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល វាបានទាមទារឱ្យអាជ្ញាកណ្តាលកាត់ក្តីលើទីលាន ត្រូវត្រួតពិនិត្យការសម្រេចចិត្តឡើងវិញដាច់ខាត ដោយការមើលលើប្រព័ន្ធ VAR។
អំឡុងការប្រកួតរវាង U20 អេស្ប៉ាញ ដែល ចាញ់ម៉ារ៉ុក លទ្ធផល ២-០ កាលពីថ្ងៃទី២៩ ខែកញ្ញា កាតបៃតងនេះត្រូវបានប្រើលើកដំបូងក្នុងពេលធ្វើតេស្តសាកល្បង។ ដំបូងឡើយអេស្ប៉ាញរកបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ក្នុងប្រអប់គ្រោះថ្នាក់របស់ម៉ារ៉ុក ប៉ុន្តែគ្រូបង្វឹកម៉ារ៉ុក លោក Mohamed Ouahbi បានតវ៉ាខ្លាំងលើការសម្រេចចិត្តផ្តល់បាល់ពីសំណាក់អាជ្ញាកណ្តាល។ គ្រូម៉ារ៉ុក ក៏បញ្ចេញកាតបៃតងលើកដំបូង ទាមទារអាជ្ញាកណ្តាល ឱ្យត្រួតពិនិត្យ VAR ដាច់ខាត រហូតរកឃើញថាគ្មានកំហុស ហើយអាជ្ញាកណ្តាលសម្រេចដកសិទ្ធិបាល់ពិន័យ ១១ម៉ែត្រ របស់អេស្ប៉ាញចេញវិញ។
តាមលក្ខខណ្ឌការប្រើកាតបៃតងនេះ អ្នកចាត់ការក្រុមនីមួយៗ មានសិទ្ធិអទិភាពទាមទារអាជ្ញាកណ្តាលប្រើប្រាស់កាតនេះ ២លើក ប៉ុណ្ណោះក្នុងមួយប្រកួត ដើម្បីត្រួតពិនិត្យតវ៉ាគ្នាឱ្យដាច់ស្រេច និងច្បាស់លាស់ពេលកើតមានភាន់ច្រឡំ ឬស្រពេចស្រពិល លើការពិន័យមិនច្បាស់លាស់ណាមួយរបស់អាជ្ញាកណ្តាល។
ការប្រើកាតបៃតងនេះ ធ្វើឡើងតាមគំរូការប្រកួតកីឡាបាល់ឱបរបស់អាម៉រិក បាល់បោះ វាយកូនបាល់ ដែលអ្នកចាត់ការក្រុមម្នាក់មានសិទ្ធិតវ៉ា ២លើក ក្នុងការប្រកួត៕
ប្រភព៖ THMEYTHMEY



