ក្រុមជម្រើសជាតិបារាំង បានកោះហៅខ្សែប្រយុទ្ធ Jean Philippe Mateta ឱ្យចូលរួមក្រុមលើកដំបូង ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះ World Cup 2026 និងអនុញ្ញាតឱ្យកីឡាករក្រុម Crystal Palace បញ្ចេញសមត្ថភាព។ Mateta បានបង្ហាញភាពលេចធ្លោខ្លាំងដោយជួយ Crystal Palace ឈ្នះ FA Cup និងជាក្រុមមិនទាន់ស្គាល់ចាញ់ នៅ Premier League រដូវកាលនេះ។
បារាំងត្រៀមបើកទ្វារផ្ទះ ស្វាគមន៍ភ្ញៀវអាស៊ែបៃហ្សង់ មុនពេលត្រូវធ្វើដំណើរទៅប៉ះក្រុមអ៊ីស្លង់ ក្នុងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប។
សម្រាប់ Mateta ត្រូវបានមើលឃើញកំពុងមានទម្រង់លេងល្អខ្លាំង នៅក្លិប Crystal Palace ខណៈបច្ចុប្បន្នក្នុងរដូវកាលថ្មី គេរកបាន ៤គ្រាប់ រាល់ការប្រកួតទាំងអស់ និងក្រុមរបស់គេមិនទាន់ចាញ់ការប្រកួតណាមួយនៅឡើយ។ រដូវកាលមុនកីឡាករវ័យ ២៨ឆ្នាំ រួមចំណែកជួយក្រុមឈ្នះពាន FA Cup ផងដែរ។ សប្តាហ៍មុនកីឡាករបារាំង ក៏រួមចំណែកសំខាន់ជួយឱ្យ Crystal Palace ផ្តួលក្រុមខ្លាំង Liverpool ក្នុងជំនួប Premier League និងទាញក្រុមឈរលេខ ៣ នៅលើតារាង។
ការកោះហៅ Mateta ពីសំណាក់ លោក Didier Deschamps គ្រូបង្វឹកបារាំង ធ្វើឡើងក្រោយពេលកីឡាករតំបន់ប្រយុទ្ធសំខាន់ៗ ក្នុងក្រុមជម្រើសជាតិបច្ចុប្បន្នជួបបញ្ហារបួស ដែលរួមមាន Randal Kolo Muani, Marcus Thuram ជាពិសេសកីឡាករម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៥ Ousmane Dembele។ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ធ្លាប់ជួយក្រុមយុវជនបារាំង ប្រកួតដណ្តើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ផងដែរ។
ចំពោះការជ្រើសយកកីឡាករវ័យ ២៨ឆ្នាំ លោក Deschamps លើកឡើងថា កីឡាករក្រុម Crystal Palace មានសមត្ថភាពក្នុងការរកគ្រាប់បាល់ល្អ និងមានចរិតល្អ ជាហេតុធ្វើឱ្យលោកសម្រេចចិត្តជ្រើសយកគេមកជួយក្រុម ទោះបីក្រុមជម្រើសជាតិបានតាមដានកីឡាករខ្សែប្រយុទ្ធវ័យក្មេងៗជាងនេះក៏ដោយ។ សមិទ្ធផលរបស់ Mateta ធ្វើបានអំឡុងអូឡាំពិកទាក់ទាញចិត្ត គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលើកនេះ។
កីឡាករក្រុមម្ចាស់ពាន FA Cup នឹងរួមដៃគ្នាជាមួយប្រធានក្រុមបារាំង ខ្សែប្រយុទ្ធ Kylian Mbappe ស្ថិតក្នុងតំបន់ប្រយុទ្ធដូចគ្នា រួមទាំង Ekitike របស់ក្រុម Liverpool។
នៅវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប បារាំងជាជើងខ្លាំងពូល D ដោយត្រៀមបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្រុមអាស៊ែបៃហ្សង់ នៅថ្ងៃទី១០ ខែតុលា មុនបន្តទៅជួបអ៊ីស្លង់ នៅ៣ថ្ងៃ បន្ទាប់។ បារាំងឈរកំពូលតារាង មាន៦ពិន្ទុក្នុងដៃ ពីលើក្រុមអ៊ីស្លង់ លេខ២ មាន៣ពិន្ទុ និងក្រុមអ៊ុយក្រែន អាស៊ែបៃហ្សង់៕
ប្រភព៖ THMEYTHMEY



