ជំនួបអ៊ីតាលី-អ៊ីស្រាអែលក្នុងUEFA កាន់តែតានតឹង ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បន្តតវ៉ា

រដ្ឋបាលទីក្រុង Udine ប្រទេសអ៊ីតាលី បានបង្កើនចំនួនកងការពារសន្តិភាពជុំវិញបរិវេណកីឡដ្ឋាន ដើម្បីត្រៀមការពារ ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីតាលី ទល់នឹងអ៊ីស្រាអែល ខណៈបាតុករគាំទ្រប៉ាឡេស្ទីនបន្តរីកធំឡើង និងបន្តដង្ហែក្បួនបាតុកម្មមុនការប្រកួតចូលមកដល់។

អ៊ីតាលីនឹងស្វាគមន៍អ៊ីស្រាអែល ក្នុងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប (UEFA) ពូល I នៅថ្ងៃទី១៥ តុលា វេលាម៉ោង ១:៤៥យប់(ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋានរបស់ក្លិប Udinese មកពីលីគកំពូល Serie A។ ប៉ុន្តែយ៉ាងណា តំណាងក្រុមបាតុករ ថាពួកគេនឹងនៅតែទាមទារប្រឆាំងមិនឱ្យអ៊ីតាលីប្រកួតទល់អ៊ីស្រាអែល ទោះបីរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ក៏ដោយ។

រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃទី១០ តុលា បានឈានដល់កិច្ចព្រមព្រៀងក្នុងការអនុវត្តបទឈប់បាញ់ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដើម្បីស្វែងរកសន្តិភាព និងផែនការទាមទារឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន។

ទោះជាបែបនេះក្តី គណៈកម្មការរៀបចំបាតុកម្មសម្រាប់បាតុករជាអ្នកគាំទ្រប៉ាឡេស្ទីន ក្នុងទីក្រុង Udine អះអាងថានឹងនៅតែបន្តប្រឆាំងដាច់ខាតទៅនឹងទង្វើរបស់អ៊ីស្រាះអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាច្រើនពាន់នាក់ក្នុងតំបន់កាហ្សា។ 

មុនការប្រកួតចូលមកដល់មួយថ្ងៃ គណៈកម្មការរៀបចំបាតុកម្មប៉ាឡេស្ទីន ក៏បានបង្ហាញក្តីរំពឹងថានឹងមានមនុស្សចូលរួមប្រមាណ ១០ ០០០នាក់ ក្នុងការដង្ហែបាតុកម្មប្រឆាំងទល់នឹងក្រុមអ៊ីស្រាអែល លើទឹកដីអ៊ីតាលី។

អ្នកនាំពាក្យម្នាក់របស់គណៈកម្មការរៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន ប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ដូច្នេះថា៖«ការទាមទាររបស់យើងមិនបានផ្លាស់ប្តូរឡើយ ដោយការប្រកួតនេះបៀបបានជារឿងអាម៉ាស់បំផុតមួយសម្រាប់ពួកគេ (អ៊ីស្រាអែល)។ យើងនឹងបន្តឈរជាមួយពលរដ្ឋប៉ាឡេស្ទីនគ្រប់រូប ហើយនឹងប្រយុទ្ធដើម្បីសិទ្ធិរបស់ពួកគេ សិទ្ធិក្នុងការវិលត្រឡប់ និងសិទ្ធិក្នុងការរស់ដោយសេរីភាពក្នុងតំបន់កាហ្សា និងនៅប៉ាឡេស្ទីនដោយផ្ទាល់។ ការដាក់សម្ពាធរបស់យើងនឹងបញ្ចប់ទៅវិញ នៅពេលដែលពលរដ្ឋប៉ាឡេស្ទីនទទួលបានសិទ្ធិពេញលេញ។»។

​សង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមហាម៉ាស់រយៈពេលជាង ២ឆ្នាំ នៅក្នុងតំបន់កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់ប្រមាណ ៦៧ ០០០នាក់ ចំណោមនោះកុមារមានប្រមាណជាង ១៧ ០០០នាក់។ នេះបើតាមអះអាងរបស់ស្ថាប័នសុខាភិបាលប្រចាំតំបន់កាហ្សា។

ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល ទល់នឹងក្រុមហាម៉ាស់ ចូលជាធរមាន ធ្វើឡើងនៅថ្ងៃទី១០ តុលា កងទ័ពអ៊ីស្រាអែល ក៏បានចាប់ផ្តើមដកថយចេញពីតំបន់កាហ្សា ហើយកម្តៅនៃការបាញ់ប្រហារគ្នាក្នុងតំបន់នោះបានថយចុះ។

គូសរំលឹកថា បន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិន័រវែសរួច ក្រុមជម្រើសជាតិអ៊ីស្រាអែល នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុង Udine ដើម្បីតទល់នឹងក្រុមអ៊ីតាលី នៅថ្ងៃទី១៥ ខែតុលា ចំណែកអ៊ីតាលីវិញ នឹងត្រូវតទល់នឹងក្រុមអេស្តូនី ថ្ងៃ១១ តុលា មុនត្រឡប់ចូលទឹកដីអ៊ីតាលីត្រៀមតទល់អ៊ីស្រាអែល៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top