Haaland អាចជាអ្នកសង្គ្រោះន័រវែសទៅ World Cup ជាថ្មី តាំងពីឆ្នាំ ១៩៩៨?

ខ្សែប្រយុទ្ធ Erling Haaland មកទល់ពេលនេះកំពុងនាំមុខគេក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន៩គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ​ ២០២៦ តំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធឆ្នើម Manchester City ថែមទាំងជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិន័រវែសរកបានជ័យជម្នះទាំង៥ប្រកួតក្នុងពូល I ទៀតផង។ Haaland អាចក្លាយជាអ្នកសង្គ្រោះក្រុមន័រវែស ទៅកាន់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកជាថ្មីឬទេ បន្ទាប់ពីក្រុមអឺរ៉ុបមួយនេះបាត់មុខដល់ទៅ ៦លើកចុងក្រោយមកហើយ។

ន័រវែស ធ្លាប់ប្រជែង World Cup ៣លើក នៅឆ្នាំ ១៩៣៨, ១៩៩៤ និងចុងក្រោយ ១៩៩៨ ដែលបារាំងធ្វើម្ចាស់ផ្ទះ។ ក្រុមដែលសព្វថ្ងៃមានលោក Stale Solbakken ជាគ្រូបង្វឹក បាត់មុខពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ២០០២ ដែលកូរ៉ជប៉ុនធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែនៅឆ្នាំ ២០២៦ ដែលអាម៉េរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះ ន័រវែស ហាក់បង្ហាញភាពលេចធ្លោរបស់ខ្លួននៅវគ្គជម្រុះ និងមានភាគរយខ្ពស់បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងក្រោយរយៈពេល២៨ឆ្នាំ។

នៅវគ្គជម្រុះតំបន់អឺរ៉ុប ក្នុងពូល I ដែលមានម្ចាស់ World Cup ៤សម័យអ៊ីតាលី អ៊ីស្រាអែល អេស្តូនី និងម៉ុងដូវ៉ា សុទ្ធតែត្រូវបានន័រវែស យកឈ្នះទាំងអស់។ ៥ប្រកួតដំបូង ក្នុងចំណោមប្រកួតទាំង៨ បានជួយក្រុមលោក Solbakken ឈរកំពូលតារាងមាន១៥ពិន្ទុពេញ តាមពីក្រោយដោយអ៊ីតាលីដែលមាន៩ពិន្ទុ ក្នុងការប្រកួត៤លើក ស្មើអ៊ីស្រាអែលដែលនៅលេខ៣ តែប្រកួត៥លើក។ អេស្តូនី ឈរលេខ៤ មាន៣ពិន្ទុ ស្របពេលម៉ុងដូវ៉ាគ្មានពិន្ទុរាប់នៅឡើយ។ ក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង នឹងបានកៅអីស្វ័យប្រវត្តិទៅ World Cup នៅអាម៉េរិកខាងជើង ស្របពេលលេខពីរបន្តទៅវគ្គជម្រុះបន្ទាប់ ឯ៣ក្រុមបន្តបន្ទាប់ហាលអាវ។

ជ័យជម្នះរបស់ន័រវែស កើតឡើងដោយសារពួកគេមានកីឡាករសក្តានុពលមួយចំនួនដូចជាប្រធានក្រុម Martin Ødegaard ហើយជាពិសេសនោះគឺខ្សែប្រយុទ្ធឆ្នើម Haaland តែម្តង។ ៥ប្រកួតក្នុងវគ្គជម្រុះនេះ កីឡាករន័រវែស ៩រូប រកបានគ្រាប់ស៊ុតសរុប២១គ្រាប់ ដោយក្នុងនោះ Haaland រកបាន៩គ្រាប់ ច្រើនដាច់គេក្នុងចំណោមពូលទាំង៦។

គុណភាពរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Man City វ័យ២៥ឆ្នាំ ពិតជាធ្វើឱ្យគូប្រជែងនៅតំបន់អឺរ៉ុបមិនអាចមើលរំលងបាននោះឡើយ។ សមិទ្ធផលផ្លែផ្ការបស់ Haaland និងសមាជិកក្រុម កំពុងនាំន័វែសធ្វើដំណើរយ៉ាងរលូនទៅកាន់ World Cup ឆ្នាំ២០២៦ និងជាលើកទី៤ ក្នុងកំណត់ត្រារបស់ពួកគេ។

៣ប្រកួតចុងក្រោយក្នុងពូល I លោក Solbakken គ្រូបង្វឹកសញ្ជាតិន័រវែស ត្រូវដឹកនាំក្រុម ស្វាគមន៍អ៊ីស្រាអែលនៅថ្ងៃទី១១ ខែតុលា មុនទទួលអ៊ីស្តូនីនៅថ្ងៃទី១៣ ខែវិច្ឆិកា និងចុងក្រោយទៅជួបអ៊ីតាលី នៅ៣ថ្ងៃបន្ទាប់។

គិតត្រឹមថ្ងៃទី១០ ខែតុលានេះ គេបានរកឃើញ២ក្រុមបន្ថែមទៀត ដែលរួមមានអេហ្ស៊ីប និងអាល់ហ្សេរី ពីទ្វីបអាហ្វ្រិក បានកៅអីទៅ អាម៉េរិក កាណាដា និងម៉ិកស៊ីក បន្ទាប់ពី ជប៉ុន នូវែលសេឡង់ អ៊ីរ៉ង់ អាហ្សង់ទីន អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី អូស្ត្រាលី ប្រេស៊ីល អេក្វាទ័រ អ៊ុយរូហ្កាយ កូឡុំប៊ី ប៉ារ៉ាហ្កាយ ម៉ារុក និងទុយនេស៊ី ដែលសរុប២០ក្រុម៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top