អាហ្សង់ទីន នឹងឡើងមកឈរលេខ២ ពីលើបារាំងវិញក្នុងតារាង World Ranking ក្រោយ Mbappe អវត្តមាន

(បរទេស)៖ ក្រុមបាល់ទាត់អាហ្សង់ទីន របស់ Lionel Messi នឹងឡើងមកឈរលេខ២ វិញក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែតុលា ឆ្នាំ២០២៥ នៅពេលដែល Kylian Mbappe របស់បារាំងបានអវត្តមានពីជម្រើសជាតិ។

គេហទំព័រ msn បានចេញផ្សាយថា FIFA នឹងធ្វើបច្ចុប្បន្នភាពនូវតារាងចំណាត់ថ្នាក់នាថ្ងៃទី២២ ខែតុលា នៅពេលដែលអាហ្សង់ទីន ម្ចាស់ពាន World Cup 2022 នៅកាតានឹងឡើងឈរលេខ២ ដែលជាទីតាំងរបស់បារាំង និងរុញក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ ធ្លាក់មកលេខ៣ វិញទៀតផង។

ទោះជាយ៉ាងណា វាក៏ជាព័ត៌មានអស្ចារ្យសម្រាប់ Messi និងជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីពួកគេបានបាត់បង់តំណែងលេខ១ កាលពីខែកញ្ញា ក៏ព្រោះតែចាញ់អេក្វាទ័រជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន នៅពេលអេស្ប៉ាញដែលមាន Lamine Yamal ឡើងឈរទីកំពូលតារាងវិញម្តង។

ចំណែកមាន់គកបារាំង អតីតម្ចាស់ជើងឯក World Cup 2018 និងរងជើងឯកកាល ៣ឆ្នាំមុន បានបរាជ័យក្នុងការយកឈ្នះអ៉ីស្លង់ នៅពេលខ្សែប្រយុទ្ធ Mbappe ត្រូវត្រឡប់មកកាន់អេស្ប៉ាញវិញដោយសាររបួស ហើយអាហ្សង់ទីនលេងឈ្នះវេណេហ្សូអេឡា ដោយពុំមានវត្តមាន Messi។ ប្រធានក្រុមរូបនេះបានវិលមករួមក្រុមវិញពេលប្រកួតឈ្នះ Puerto Rico។

គួរជម្រាបផងថា FIFA នឹងបន្តធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ ក្នុងខែវិច្ឆិកា មីនា និងខែមិថុនាបន្តទៀត មុនពេល World Cup 2026 ចាប់ផ្តើម៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top