សូម​ស្វាគមន៍! ម្ចាស់​ជើង​ឯក U.S Open លោក Michael មក​ប្រកួត​កីឡា​វាយកូនហ្គោល នៅ​កម្ពុជា​

លោក Michael Campbell ជា​កីឡាករ​វាយកូនហ្គោល​សញ្ជាតិនូវែលហ្សេឡង់-អូស្ត្រាលីដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក នឹង​មក​ចូល​រួម​ប្រកួត​កីឡា​វាយកូន​ហ្គោលអន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន» ដ៏​ធំផុត​លើក​ដំបូង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន​ វឌ្ឍនៈ ហ្គោល រីហ្សត ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក Michael Campbell ដែល​មាន​កេរ្ត៍​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​ទូទាំង​ពិភពលោក បន្ទាប់​ពី​លោក​បាន​ឈ្នះ​ពាន​រង្វាន់ U.S Open ដែល​ជា​ពាន​រង្វាន់​កីឡា​វាយកូន​ហ្គោល​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក។

 

កាល​ពី​ឆ្នាំ ២០០៥​ ព្រឹត្តិការណ៍​ប្រកួត U.S Open មាន​កីឡាករ​ចំនួន ១៥៦​នាក់​មក​ពី​ទូទាំង​ពិភព​លោក ហើយ​មាន​ការ​ប្រកួត​​៤ជុំ​។ នៅ​ជុំ​ចុង​ក្រោយ​មាន​កីឡាករ​តែ​១០​នាក់​ប៉ុណ្ណោះ ហើយលោក Michael Campbell  ធ្វើ​បាន​ល្អ​បំផុត​យក​ឈ្នះ​លើ​កំពូល​កីឡាករ​វាយកូនហ្គោល​លេខ​១​លើ​គឺ លោក Tiger Woods ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ក្នុង​ព្រឹត្តិការណ៍​បំផុត​សម្រាប់​អាជីព​របស់​លោក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១.១៧០.០០០​ដុល្លារ​អាមេរិក ហើយ​លោក Tiger Woods ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។

ពាន​រង្វាន់​ធំ​ៗ​ផ្សេង​ទៀត​ដែល Michael Campbell  ឈ្នះគឺ PGA Tour ១លើក, ជើង​ឯកទ្វីប​អឺរ៉ុប European Tour ៨ លើក, ជើង​ឯកទ្វីប​អាស៊ី Asian Tour ១ លើក, ជើង​ឯក PGA Tour of Australasia ៧ លើក និងជើង​ឯក Chelleng Tour ៣ លើក។​

ឥឡូវ​នេះ​​ក្នុង​វ័យ​៥៦​ឆ្នាំជា​វីរបុរស​កីឡា​វាយកូន​ហ្គោល​មួយ​រូប លោក Michael Campbell នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​កម្ពុជា​​ដែល​ត្រូវ​ជួប​​វីរបុរស​ជា​ច្រើន​ដូច​ជា លោក David Fichardt ជា​ម្ចាស់​ជើង​ឯកទ្វីប​អឺរ៉ុប European Tour ៥សម័យ​កាល។ លោក Phillip Price ជាម្ចាស់​ជើង​ឯក Legends Tour ៣​សម័យ​កាល។ លោក Hend ជា​ម្ចាស់​ជើង​ឯក DP World Tour ៣សម័យ​កាល។ លោក Jamie Donaldson ជា​ម្ចាស់​ជើង​ឯកទ្វីប​អឺរ៉ុប European Tour ៣សម័យ​កាល។ លោក David Howell ជាម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប European Tour ៥​សម័យ​កាល និង​ លោក Stephen Dodd ជា​ម្ចាស់​ជើង​ឯក Legends Tour ៤​សម័យ​កាល ជា​ដើម។

តាមរយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កាប្រកួត​ជើង​ឯក​លំដាប់​ពិភព​លោក ​កម្ពុជា​កំពុង​ប្រកាស​ប្រាប់​ពិភពលោក​ថា៖ «យើង​ជា​ទិសដៅ​សកល​ដ៏​លេចធ្លោ​មួយ​»។

ជា​ការ​បំផុស​គំនិត​សម្រាប់​យុវជន​ជំនាន់​ក្រោយ និង​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​យុវជន​កម្ពុជា​បាន​ឃើញ​ភាព​លេចធ្លោ​កម្រិត​ពិភពលោក​នៅ​លើ​ទឹកដី​របស់​ខ្លួន។ នេះ​ជា​ឱកាស​សម្រាប់​បដិសណ្ឋារកិច្ច និង​វប្បធម៌​​—ដែល​តំណាង​ដោយក្រុមហ៊ុន​ ទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សត ដែល​បញ្ចូល​កេរដំណែល​វប្បធម៌​ខ្មែរ—ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ ពង្រឹង​កេរ្តិ៍ឈ្មោះ​កម្ពុជា​សម្រាប់​ការ​រួបរួម និង​ការ​រីកចម្រើន។ ព្រឹត្តិការណ៍​ជើងឯក​នេះ​កំពុង​បើក​ទំព័រ​ថ្មី​សម្រាប់​ទេសចរណ៍ និង​កីឡា​កម្ពុជា ព្រមទាំង​ពង្រឹង​ចំណង​មិត្តភាព​អន្តរជាតិ​ជា​លំដាប់

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ ទីលាន​វាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត គឺ​ជា​ភស្តុតាង​ដែល​ថា​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ខ្លួន​ជា​ទិសដៅ​ទេសចរណ៍ និង​កីឡា​ដ៏​ប្រណីត។

ជើង​ឯកវឌ្ឍនៈឡេជិន​​មិន​ត្រឹម​តែផ្សព្វផ្សាយ​​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ផ្សាយ​ទៅ​កាន់​ទ្វីប​អាស៊ី អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ដើម្បី​ឲ្យ​ឃើញ​ពី​សក្តានុពល​កម្ពុជា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​នៅ​លើ​ពិភព​លោក​​ជា​ច្រើន​នឹង​ផ្សាយ​បន្តពី​កម្ពុជា​មាន​ដូច​ជា ​Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជា​ដើម៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top