កម្ពុជា ឡើង ១ លេខ ខណៈ ឥណ្ឌូណេស៊ី ធ្លាក់ ៣ លេខ ក្នុងចំណាត់ថ្នាក់បាល់ទាត់ពិភព​លោក

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ តុលា ឆ្នាំ ២០២៥ ក្នុងនោះនៅតំបន់ អាស៊ាន មានជម្រើសជាតិចំនួន ៦ បានឡើងចំណាត់ ខណៈក្រុមជម្រើសជាតិចំនួន ៥ បានធ្លាក់ចំណាត់ថ្នាក់។

ក្រុមជម្រើសជាតិ កម្ពុជា បានស្ថិតនៅក្នុងចំណោមក្រុមជម្រើសជាតិក្នុងតំបន់ អាស៊ាន ទាំង ៦ ដែលបានឡើងចំណាត់ថ្នាក់ក្នុងតារាងបាល់ទាត់ពិភពលោក បើធៀបនឹងខែ កញ្ញា។ កម្ពុជា បានឡើង ១ ចំណាត់ថ្នាក់ ពីចំណាត់ថ្នាក់លេខ ១៨០ មក ១៧៩។ យ៉ាងណា ការឡើងចំណាត់ថ្នាក់របស់ កម្ពុជា ហាក់ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះថានៅខែ តុលា នេះ ក្រុមរហស្សនាមគោព្រៃមិនមានសកម្មភាពការប្រកួតណាមួយសោះឡើយ។

 

ចំណែកក្រុម ៥ ទៀត ដែលបានឡើងចំណាត់ថ្នាក់ផងដែរ ក្នុងនោះ ថៃ បានឡើង ៥ ចំណាត់ថ្នាក់ពីលេខ ១០១ មកលេខ ៩៦, វៀតណាម ឡើងពីលេខ ១១៤ មកលេខ ១១១, ម៉ាឡេស៊ី ឡើងពីលេខ ១២៣ មកលេខ ១១៨, ហ្វីលីពីន ឡើងពីលេខ ១៤៣ មកលេខ ១៤១ និង សិង្ហបុរី ឡើងពីលេខ ១៥៨ មកលេខ ១៥៥។

ក្រឡេកមកមើលក្រុម ដែលធ្លាក់ចំណាត់ថ្នាក់វិញ ក្នុងនោះមាន ឥណ្ឌូណេស៊ី បានធ្លាក់ ៣ ចំណាត់ថ្នាក់ ពីលេខ ១១៩ ទៅលេខ ១២២, មីយ៉ាន់ម៉ា ធ្លាក់ពីលេខ ១៦០ ទៅលេខ ១៦៣, ប្រ៊ុយណេ ធ្លាក់ពីលេខ ១៨៣ ទៅលេខ ១៨៥, ឡាវ ធ្លាក់ពីលេខ ១៨៥ ទៅលេខ ១៨៨ និង ទីម័រខាង​កើត ធ្លាក់ពីលេខ ១៩៤ ទៅលេខ ១៩៧។

ចាប់អារម្មណ៍ជាមួយចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ក្នុងពិភពលោកវិញ គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ក្នុងនោះ អេស្ប៉ាញ បន្តឈរនៅចំណាត់ថ្នាក់ទី ១ ដដែល។ ចំណែក អាហ្សង់ទីន ឈរនៅលេខ ២, បារាំង ឈរនៅលេខ ៣, អង់គ្លេស ឈរនៅលេខ ៤ និង ព័រទុយហ្គាល់ ឈរនៅលេខ ៥៕



ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top