គ្រូបង្វឹកទាំង ៣ ក្នុងពូល D សុទ្ធតែចុចឈ្មោះ ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងប្រចាំពូល

គ្រូបង្វឹករបស់ក្លិប SP Falcons FC លោក Arthur Ferreira, គ្រូបង្វឹកក្លិប Manila Digger FC លោក Kim Versales និងគ្រូបង្វឹកក្លិប Ezra FC លោក Byungsoo Na សុទ្ធតែចាត់ទុកក្លិបម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងរបស់ កម្ពុជា ជាក្រុមខ្លាំងប្រចាំពូល D សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ សៅរិ៍ ទី ២៥ ខែ តុលា ឆ្នាំ ២០២៥ គ្រូបង្វឹក SP Falcons លោក Arthur Ferreira បានមានប្រសាសន៍ ថា៖ «យើងបានដឹងហើយអំពីក្រុមព្រះខ័នរាជស្វាយរៀង។ ពួកគេជាក្រុមមួយដ៏ខ្លាំង ហើយពួកគេបានប្រកួតពានអន្តរជាតិទាំង Shopee Cup និង AFC។ ជាក់ស្តែងកាលពីរដូវកាលមុន ពួកគេគឺជាក្រុមជើងឯករងពាន AFC Challenge League»។

ដោយឡែកគ្រូបង្វឹក Ezra FC លោក Byungsoo Na បានមានប្រសាសន៍ ថា៖ «យើងដឹងហើយក្រុមទាំង ៣ ក្នុងពូល D សុទ្ធតែជាក្រុមខ្លាំង ជាពិសេសគឺម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង។… កីឡាករពួកយើងនឹងស្រែកឃ្លានសម្រាប់ការប្រកួត។ ជាពិសេសការប្រកួតថ្ងៃទី ២៩ ដែលនឹងត្រូវជាការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង។ វាជាការប្រកួតដ៏រំភើបមួយសម្រាប់ខ្ញុំ»។

ចុងក្រោយ គ្រូបង្វឹកក្លិប Manila Digger FC លោក Kim Versales បានមានប្រសាសន៍ដូច្នេះ ថា៖ «ខ្ញុំយល់ឃើញ ថា ក្រុមព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា គឺជាក្រុមដ៏ខ្លាំងជាងគេប្រចាំពូល។ ជាពិសេស គឺពួកគេលេងនៅក្នុងទឹកដី ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ យើងនឹងលេងទល់នឹងកីឡាករ និងអ្នកគាំទ្រជុំវិញកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ»៕

តាមការលើកឡើងរបស់គ្រូបង្វឹកទាំង ៣ ខាងលើ គឺសុទ្ធតែបង្ហាញការយល់ឃើញស្រដៀងៗគ្នា ថា ក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ជាក្រុមខ្លាំងបំផុតក្នុងពូល D នេះ ដោយសារពួកគេជាក្រុមម្ចាស់ផ្ទះ ហើយបានបង្ហាញទម្រង់លេងកាន់តែល្អនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសកាលពីរដូវកាលមុន ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន ACGL នេះ។ យ៉ាងណា ពួកគេក៏បានប្តេជ្ញាចិត្តផងដែរ ថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លងផុតវគ្គសន្សំពិន្ទុពូល D នេះ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ ថា ការប្រកួតបើកឆាកពូល D នៃពានរង្វាន់ ACGL នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ស្អែកនេះ ដោយគូទី ១ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម SP Falcons វេលាម៉ោង ៤ និងគូទី ២ ក្រុម Manila FC ត្រូវជួបជាមួយក្រុម Ezra FC៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top