AFC Challenge League៖ ព្រះខ័នរាជស្វាយរៀង ប្រកួតបើកឆាកពូល D ជាមួយ SP Falcons នាថ្ងៃទី២៦ខែតុលា

ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបើកឆាកពូល D នៃពានរង្វាន់ AFC Challenge League ជាមួយក្រុម SP Falcons នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាម៉ោង ៤:០០ រសៀលថ្ងៃទី២៦ ខែតុលា ។ លោក Mattew Mc Conkey ដែលជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានមើលឃើញពីសមត្ថភាពក្រុមខ្លួនមានប្រៀបច្រើនជាង ព្រោះជាការប្រកួតក្នុងទឹកដីខ្លួន ដែលមានអ្នកគាំទ្រជាកម្លាំងចិត្ត។ ចំណែកគ្រូបង្វឹក SP Falcons លោក Arthu Ferreira ក៏បានសរសើរពីគុណភាពកីឡាករព្រះខ័នរាជស្វាយរៀងផងដែរ។

នេះ គឺជាលើកទី២ ដែលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ SP Falcons ក្នុងពានរង្វាន់ AFC Challenge League។ កាលរដូវកាល២០២៤-២០២៥ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ SP Falcon លទ្ធផល២-១ នៅទឹកដី SP Falcons ក្នុងប្រទេសម៉ុង់ហ្គោលី។ ដោយឡែក ជំនួបនារសៀលថ្ងៃទី២៦ ខែតុលា ក្រុមព្រះខ័នរាជស្វាយរៀង ហាក់បីដូចជាមានប្រៀបច្រើនជាងដដែល។ 

បើតាមគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ការមានប្រៀបនេះ គឺដោយសារតែជាការប្រកួតនៅកីឡដ្ឋានមរតកតេជោ ដែលជាទឹកដីរបស់ខ្លួន រួមផ្សំជាមួយកម្លាំងចិត្តរបស់អ្នកគាំទ្រ ដែលនឹងមកទស្សនាផ្ទាល់នៅកីឡដ្ឋាននេះ ផងដែរ។ លោក Mattew McConkey បាននិយាយយ៉ាងដូច្នេះ ៖ « ការប្រកួតនៅក្នុងដី គឺមានប្រៀបសម្រាប់យើង ព្រោះមានអ្នកគាំទ្រច្រើន ហើយការគាំ្រនោះ ពិតជាជួយជំរុញឲ្យយើងប្រឹងឈ្នះការប្រកួត។»។

គ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះ ហាក់បីដូចជាជឿកជាក់ខ្លាំងទៅលើការប្រកួតនេះ ថានឹងអាចដណ្ដើមបាន ៣ពិន្ទុ។ ការជឿជាក់នេះ គឺដោយសារតែលោក Mattew McConkey សម្លឹងឃើញពីទម្រង់របស់ SP Falcons មិនកែប្រែប្លែកឆ្ងាយ ហើយក៏ស្រដៀង ទៅនឹងការលេងដូចពីរដូវកាលមុនដែរ។

«ខ្ញុំ គិតថាក្រុម SP Falcons គឺមិនមានភាពខុសគ្នាឆ្ងាយពីរដូវកាលមុនទេ ដែលយើងបានប្រកួតឈ្នះ នៅក្នុងទឹកដីរបស់គេ លទ្ធផល២-១។ ក្រុមនេះ ជាក្រុមលេងវាយបកទៅលឿន»។  នេះជាការលើកឡើងរបស់លោក​ Mattew Mc Conkey ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត នាថ្ងៃទី២៥ តុលា  នៅពហុកីឡដ្ឋានជាតិមរតកតេជា។ លោកបន្តរៀបរាប់ថា ៖ «  ទាក់ទងទៅនឹងការលេងរបស់យើង យើងមានកីឡាករក្នុងស្រុកដដែរ ទោះជាមានកីឡាករបរទេសខ្លះ។ អ៊ីចឹងខ្ញុំគិតថា ការប្រកួតនេះ អាចមិនមានភាពខុសប្លែកគ្នាឆ្ងាយទេ ពីការប្រកួតជាមួយក្នុងគ្នា កាលពីឆ្នាំមុន។»។ 

ចំណែកលោក Arthu Ferriera គ្រូបង្វឹក SP Falcons វិញ ទំនងជាមិនរំពឹង ១០០ភាគរយ ថានឹងអាចឈ្នះព្រះខ័នរាជស្វាយរៀងឡើយ។ គ្រូបង្វឹករូបនេះ បានសរសើរព្រះខ័នរាជស្វាយរៀង ជាក្រុមដែលមានកម្រិតខ្លាំង ហើយកីឡាករពោពេញទៅដោយសមត្ថភាព និងគុណភាពល្អ។


« នៅថ្ងៃស្អែក យើងប៉ះជាមួយក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុម ដែលមានកម្រិតខ្លាំង ដែលពោពេញទៅដោយគុណភាពកីឡាករល្អ។»។ លោក Arthu Ferriera បាននិយាយបែបនេះ។​

ក្នុងពូល D ដែលត្រូវប្រកួតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ SP Falcons នៅថ្ងៃទី២៦ តុលា ហើយបន្ដទទួលក្រុម Ezra របស់ឡាវ នៅថ្ងៃទី២៩ តុលា និងជួបជាមួយ Manila Digger នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥។

ដូចគ្នានេះដែរ ភ្នំពេញក្រោន ដែលជាក្រុមកម្ពុជា ក៏នឹងត្រូវប្រកួតក្នុងពូល E នៅប្រទេសឥណ្ឌូណេស៊ី។ ភ្នំពេញក្រោន ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Dewa United Banten នៅថ្ងៃទី២៦ តុលា ហើយជួបជាមួយ Shan United របស់មីយ៉ាន់ម៉ានៅថ្ងៃទី២៩ តុលា និងបន្ដប្រកួតជាមួយ Tainan City នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥។ ទាំង៣ប្រកួតនេះ នឹងត្រូវធ្វើនៅកីឡដ្ឋាន Indomilk ក្នុងប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top