កម្ពុជាបន្ថែមកំណត់ត្រាថ្មី ក្រោយឈ្នះមេដាយប្រាក់ ២គ្រឿងទៀត នៃកីឡាយុវជនអាស៊ី ឆ្នាំ២០២៥

(ភ្នំពេញ)៖ ផ្ដើមពីការឈ្នះមេដាយសំរឹទ្ធដំបូង ដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល ខណៈនេះ កម្ពុជា បានបន្ថែមកំណត់ត្រាថ្មីឈ្នះមេដាយជាបន្ដបន្ទាប់ទៀត ពិសេសមេដាយប្រាក់ ២គ្រឿង ដែលកីឡាករ-កីឡាការិនីថ្នាលគុនខ្មែរ ទើបទទួលបានពីការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី២៦ ខែតុលាម្សិលមិញ។

គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៤គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ២ ។ នេះគឺជាលទ្ធផលដ៏គាប់ប្រសើរមួយ សម្រាប់អត្តពលិកថ្នាលកម្ពុជា ក្នុងប្រវត្តិចូលរួមប្រកួតកីឡាយុវជនប្រចាំទ្វីបនេះ ដោយកម្ពុជា ពុំធ្លាប់ទទួលបានមេដាយណាមួយឡើយ ពោលគឺការចូលរួមលើកទី១ ឆ្នាំ២០០៩ នៅសិង្ហបុរី កម្ពុជាបញ្ជូនអត្តពលិក ៣រូបចូលរួម (មិនទទួលបានមេដាយ) និងលើកទី២ ឆ្នាំ២០១៣ នៅប្រទេសចិន កម្ពុជា បញ្ជូនអត្តពលិក ២រូបចូលរួម ក៏ពុំទទួលបានមេដាយដែរ។

ក្រឡេកមកចាប់អារម្មណ៍មេដាយប្រាក់ ២គ្រឿង ដែលកម្ពុជា ទើបទទួលបានកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ គឺរកបានយ៉ាងលំបាកដោយថ្នាលគុនខ្មែរ កីឡាករ ឆុង វិសាល និងកីឡាការិនី អ៊ឹម ស្រីពេញ ។ វិសាល បានប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម ដោយរូបគេបានយកឈ្នះដៃគូ ៤ប្រកួតជាប់ៗគ្នា មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ចាញ់កីឡាករអ៊ូបេគីស្ថាន Nurkhuaev Muzaffar ដោយពិន្ទុ។ រីឯកីឡាករ អ៊ឹម ស្រីពេញ បានយកឈ្នះដៃគូជាបន្ដបន្ទាប់ ក្នុងទម្ងន់ ៥១គីឡូក្រាម មុនចាញ់កីឡាការិនីកាហ្សាក់ស្ថាន Zhuminova Albina ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ទទួលបានត្រឹមមេដាយប្រាក់ដូចគ្នា។

ក្រៅពីអ្នកទាំងពីរ ក៏មានកីឡាករថ្នាលគុនខ្មែរម្នាក់ទៀត ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរ គឺកីឡាករ ធន ចន្ធូ ។ កម្ពុជា នៅសល់ប្រភេទកីឡាជាច្រើនទៀត ដែលនឹងត្រូវបន្ដការប្រកួត រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃបិទព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕

ប្រភព៖ FRESHMEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top