លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងលោក កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយដើម្បីជំរុញវិស័យកីឡាបាល់ទាត់នៅក្នុងតំបន់អាស៊ានឲ្យកាន់តែរីកចម្រើន។
តាមការចុះ MoU នេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងអាស៊ាន បានសម្រេចបង្កើតពានរង្វាន់ផ្លូវការមួយឈ្មោះ FIFA ASEAN Cup ដែលនឹងឃើញក្រុមបាល់ទាត់ជម្រើសជាតិទាំង ១១ ប្រចាំតំបន់ចូលរួមប្រកួតប្រជែង។
លោក Infantino ប្រធាន FIFA បានលើកឡើងថា ៖«ពានរង្វាន់ថ្មីនេះនឹងបន្ថែមកាន់តែល្អសម្រាប់ការប្រកួតបាល់ទាត់នៅក្នុងតំបន់។ តាមរយៈពានរង្វាន់ FIFA ASEAN Cup យើងនឹងរួបរួមប្រទេសទាំងអស់ ហើយពាននេះនឹងជាជោគជ័យដ៏ធំមួយ ដែលជួយជម្រើសជាតិនៅក្នុងតំបន់អាស៊ានកាន់តែរីកចម្រើន ហើយជួយគ្នាឲ្យកាន់តែរីកចម្រើន»។
ទោះបីជាយ៉ាងណា កាលបរិច្ឆេទ និងរូបមន្តនៃការប្រកួត នៅមិនទាន់ប្រកាសលំអិតឡើយ។
ប្រទេសទាំង ១១ នៅតំបន់អាស៊ានត្រូវចូលរួមប្រកួតគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត។
ក្រៅពីកម្មវិធីប្រកួតកម្រិត AFC និង FIFA បច្ចុប្បន្នតំបន់អាស៊ានមានតែពានរង្វាន់ ASEAN Championship មួយប៉ុណ្ណោះ ដែលរៀបចំការប្រកួតរាល់ពីរឆ្នាំម្តង។ ដូច្នេះ FIFA ASEAN Cup គឺជាពានរង្វាន់ទី២ សម្រាប់ក្រុមជម្រើសជាតិជម្រើសទី១នៅតំបន់អាស៊ាន៕
ប្រភព៖ KAMPUCHEATHMEY



