គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់កិច្ចព្រម ព្រៀងភាពជាដៃគូសហការ លើការរៀបំការប្រកួត និងការអភិវឌ្ឍប្រភេទកីឡាអេឡិចត្រូនិក (Esports)។ កិច្ចព្រមព្រៀងនេះដើមឡើយមានរយៈពេល១២ឆ្នាំ តែក៏ត្រូវបញ្ចប់វិញយ៉ាងឆាប់រហ័ស ក្រោយដំណើរការបានត្រឹមតែជាង ១ឆ្នាំ ព្រោះតែភាគីទាំងពីរ មានចក្ខុវិស័យផ្ទុយគ្នា លើការអភិវឌ្ឍកីឡាអេឡិចត្រូនិក។
ការរំសាយកិច្ចព្រមព្រៀងនេះ ក៏ធ្វើឱ្យគម្រោងរៀបចំកីឡាអេឡិចត្រូនិកអូឡាំពិកពិភពលោក (Olympic Esports Games) លើកដំបូងនៅទីក្រុងរីយ៉ាដ ឆ្នាំ២០២៧ ត្រូវលុបចោលដូចគ្នា។
គួររំឭកថា IOC និងអារ៉ាប៊ីសាអូឌីត បានប្រកាសពីភាពជាដៃគូរយៈពេល១២ឆ្នាំ លើការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនេះ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ កន្លងទៅ។
ប៉ុន្តែពេលនេះ IOC បានប្រកាសថា បន្ទាប់ពីមានការជួបជជែកជាមួយគណៈកម្មាធិការអូឡាំពិក និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអារ៉ាប៊ីសាអូឌីត កិច្ចសហការដែលដំណើរការបាន ១ឆ្នាំ ២ខែនេះ បានបញ្ចប់ហើយ។
«កន្លងមក ភាគីទាំងពីរ ក៏ដូចជាមូលនិធិកីឡាអេឡិចត្រូនិកពិភពលោក (EWCF) បានជួបប្រជុំគ្នាជារឿយៗ និងត្រួតពិនិត្យឡើងវិញ លើបញ្ហាទាំងនេះ។ ពួកគេ ក៏បានយល់ព្រម ថានឹងបញ្ចប់កិច្ចសហការគ្នានេះ ទៅលើផែនការរៀបចំកីឡាអេឡិចត្រូនិកអូឡាំពិកពិភពលោក។ នៅក្នុងពេលដដែលនេះ ភាគីទាំងពីរបានប្តេជ្ញាជំរុញចក្ខុវិស័យ ផ្នែកកីឡាអេឡិចត្រូនិក តាមវិធីរបស់ខ្លួន។»។ នេះបើតាមសេចក្តីប្រកាសរបស់ IOC នាថ្ងៃទី៣០ ខែតុលា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ IOC បានសម្លឹងមើលឱកាសដាក់បញ្ចូលកីឡាអេឡិចត្រូនិក ចូលក្នុងការប្រកួតប្រភេទជាកីឡាអូឡាំពិក។ លើសពីនេះ ស្ថាប័នអូឡាំពិក ក៏ស្វះស្វែងរក ឱកាសអូសទាញយុវជនវ័យក្មេងជំនាន់ក្រោយ ឱ្យរួបរួមជាមួយនឹងកីឡា តាមរយៈការលេងហ្គេមកម្សាន្ត។ រឿងនេះហើយ បានធ្វើឱ្យ IOC កន្លងមក ទៅសហការជាមួយអារ៉ាប៊ីសាអូឌីត ក្នុងការជួយពន្លឺនផែនការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកនេះ។
អារ៉ាប៊ីសាអូឌីត ជាប្រទេសដែលមានដើមទុនច្រើន និងបានចាយប្រាក់សន្ធឹកសន្ធាប់លើវិស័យកីឡា នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានអារ៉ាប៊ីសាអូឌីត វិយោគក្នុងវិស័យកីឡា ដូចជា កីឡាបាល់ទាត់, ប្រណាំងរថយន្ត Formula One, ប្រដាល់ និងកីឡាវាយកូនហ្គោល។
២ឆ្នាំចុងក្រោយ អារ៉ាប៊ីសាអូឌីតចាយប្រាក់ ជាង ១០០លានដុល្លារ ដើម្បីរៀបចំការប្រកួតជើងឯកពិភពលោក កីឡាអេឡិចត្រូនិក (Esports World Cup)។ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ដែលអារ៉ាប៊ីសាអូឌីតធ្វើបាន ២ឆ្នាំ នេះ មានភាពទាក់ទាញខ្លាំងចំពោះកីឡាករកីឡាអេឡិចត្រូនិក និងក្រុមកីឡាអេឡិចត្រូនិកជាច្រើន ពីជុំវិញពិភពលោក ឱ្យចូលរួមការប្រកួតនោះ ព្រោះតែប្រាក់រង្វាន់ការប្រកួតមានតម្លៃខ្ពស់ខ្លាំង។
ជាក់ស្តែង ការប្រកួតកីឡាអូឡាំពិក ការឈ្នះមេដាយ ពុំត្រូវទទួលបានប្រាក់រង្វាន់អ្វីឡើយពីអ្នករៀបចំការប្រកួត។ ប៉ុន្តែការដណ្តើមបានមេដាយអូឡាំពិកនីមួយៗបង្ហាញពីកិត្តិយសដ៏ខ្ពង់ខ្ពស់ ជាពិសេសបង្ហាញអំពីមុខមាត់ប្រទេសជាតិនីមួយៗ លើឆាកអន្តរជាតិ។ អត្តពលិកឈ្នះមេដាយភាគច្រើន ទទួលបានការគាំទ្រពីរដ្ឋាភិបាលរបស់ខ្លួន ឬទទួលបានពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភ។
នេះគឺជាទិសដៅនៃការអភិវឌ្ឍកីឡាអេឡិចត្រូនិកផ្ទុយគ្នា ដែលនាំដល់ការបញ្ចប់កិច្ចព្រមព្រៀង រវាងIOC និងអារ៉ាប់ប៊ីសាអូឌីត។
ក្រោយចប់កិច្ចព្រមព្រៀង IOC គ្រោងរៀបចំផែនការកីឡាអេឡិចត្រូនិកអូឡាំពិកឡើងវិញ ជាពិសេសស្វែងរកដៃគូសហការថ្មី ដើម្បីរៀបចំ៕
ប្រភព៖ THMEYTHMEY



