OCA ថ្លែងអំណរគុណកម្ពុជា ដែលលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ទៅឆ្នាំ២០៣១ និងរួមចំណែកក្នុងជោគជ័យ នៃការប្រកួតឆ្នាំ២០២៥ នៅបារ៉ែន

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា សម្រាប់កិច្ចសហការដ៏មានតម្លៃ និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រមុខចលនាអូឡាំពិកកម្ពុជា ដែលបានជំរុញឲ្យព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ចប់ដោយជោគជ័យ។

ទន្ទឹមជាមួយគ្នា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏បានផ្ញើលិខិតដាច់ដោយឡែកមួយទៀត ដោយបានសុំការយោគយល់ និងអធ្យាស្រ័យពីប្រទេសកម្ពុជា ចំពោះការស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទរៀបចំការប្រកួតកីឡាយុវជនអាស៊ី ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា នាឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ វិញ ហើយ OCA ក៏បានថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានឯកភាពលើការលើកពេលនេះផងដែរ។

យោងតាមលិខិតចុះហត្ថលេខាដោយលោក Husain Al Musallam អគ្គនាយប្រឹក្សាអូឡាំពិកអាស៊ី ដែល NOCC ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា «សាមគ្គីភាព ស្មារតីកីឡា និងមិត្តភាព ដែលបានបង្ហាញដោយគណៈប្រតិភូរបស់ឯកឧត្តម(ឯកឧត្តមបណ្ឌិត ថោង ខុន) ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគុណតម្លៃនៃសហគមន៍កីឡាអាស៊ី។ OCA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការជិតស្និទ្ធ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងអំឡុងដំណាក់កាលរៀបចំ និងដំណាក់កាលហ្គេម។ យើងទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់យុវជនអាស៊ី និងបានពង្រឹងសម្ព័ន្ធភាព ដែលផ្សារភ្ជាប់ប្រទេសជាតិរបស់យើងតាមរយៈកីឡា»។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានគូសបញ្ជាក់បន្ថែមទៀតថា «សូមថ្លែងអំណរគុណម្តងទៀត ចំពោះភាពជាដៃគូ និងការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម ក្នុងជោគជ័យ នៃការប្រកួតកីឡាអាស៊ីយុវជនហ្គេម លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។ យើងសង្ឃឹមថា នឹងទទួលបានការសហការយ៉ាងល្អបន្ថែមទៀតនៅក្នុងការប្រកួតកីឡាអាស៊ីហ្គេមនាពេលអនាគត»។

គួរដឹងថា ដោយទទួលបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់ប្រតិភូកីឡាកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ជាក់ស្ដែងការចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ កាលពីថ្មីៗ បានបង្កើននូវទំនាក់ទំនងការទូតកីឡា ក៏ដូចជាការលើកកម្ពស់ចលនាអូឡាំពិកអន្ដរជាតិ ពិសេសចលនាអូឡាំពិកអាស៊ី ដែលធ្វើឲ្យកម្ពុជាមានមុខមានមាត់ និងសិទ្ធចូលរួមគ្រប់ព្រឹត្តិការណ៍កីឡា រហូតត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះក្រុមកីឡាកម្ពុជា។ លើសពិនេះ សម្តេចបវរធិបតី ក៏បានឯកភាពក្នុងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាសុី លើកទី៥ នាឆ្នាំ២០៣១ ផងដែរ។

សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ កាលពីថ្មីៗ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ១៤ប្រភេទកីឡាចូលរួម នៅប្រទេសបារ៉ែន ហើយបានបង្កើតនូវប្រវត្តិសាស្ដ្រឈ្នះមេដាយសរុបចំនួន ៤គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ២ ។ នេះជាលើកដំបូងហើយ ដែលកម្ពុជាដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី ក្នុងប្រវត្តិចូលរួម ៣លើកក្នុងព្រឹត្តិការណ៍នេះ ខណៈការប្រកួត ២លើកដំបូង កម្ពុជាពុំធ្លាប់ទទួលបានមេដាយនោះទេ។ នេះគឺជាជោគជ័យថ្មីមួយទៀត ដែលបានបង្ហាញភាពរីកចម្រើននៃវិស័យកីឡាកម្ពុជានាពេលបច្ចុប្បន្ន៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top