Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា

(បរទេស)៖ បណ្តាក្រុមខ្លាំងមកពីលីគកំពូល ៣ប្រទេសផ្សេងគ្នារួមមាន Arsenal, Bayern Munich និង Inter Milan សុទ្ធតែរក្សាបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែម្តង ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមកាំភ្លើងធំ Arsenal មកពីកំពូលតារាង Premier League របស់អង់គ្លេស បន្តរកបាន ៣ពិន្ទុក្រៅផ្ទះ តាមរយៈបំបាក់ម្ចាស់ផ្ទះ Slavia Prague ដោយលទ្ធផល ៣-០ នៅពេលដែល Bayern Munich មកពី Bundesliga បានយកឈ្នះក្រុមការពារតំណែងជើងឯកចាស់ Paris St. Germain ២-១ ទាំងដែលក្រុមរបស់អាល្លឺម៉ង់នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអង្គារ នៅរដ្ឋធានីប៉ារីស។

កាលពីយប់មិញនេះដែរ Inter Milan អតីតក្រុមរងជើងឯក UCL ២សម័យកាល ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ បានយកឈ្នះភ្ញៀវ Kairat មកពីកាហ្សាក់ស្ថាន ២-១ ក្នុងនាមមានតែ ៣ក្រុមប៉ុណ្ណោះកំពុងកាន់កាប់ទីកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញដូចគ្នា ក្រោយឆ្លងកាត់បាន ៤ប្រកួតនៃវគ្គ League Phase។

ការប្រកួតប្រជែងសម្រាប់ពានរង្វាន់លីគអឺរ៉ុប UEFA Champions League ក្រោមទម្រង់ថ្មី ៣៦ក្រុមសន្សំពិន្ទុនេះដែរ ក្រោយលេងបាន ៤ប្រកួតមកនេះ Benfica ដែលមានលោក Jose Mourinho ដឹកនាំ និង Ajax របស់ហូឡង់ កំពុងឈរបាតតារាង ដោយពុំទាន់មានពិន្ទុរាប់នៅឡើយទេ ស្របពេល Kairat Almaty កំពុងព្យាយាមរកជ័យជម្នះលើកដំបូង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top