Ronaldo រៀបចំខ្លួនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ

Cristiano Ronaldo បានបង្ហាញគម្រោងចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Al Nassr បង្ហាញពីការត្រៀមខ្លួនបញ្ចប់អាជីពដ៏អស្ចារ្យរបស់ខ្លួនក្នុងកិច្ចសម្ភាសន៍មួយ ទាំងទឹកភ្នែក។

ក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ក្នុងកម្មវិធី Piers Morgan Uncensored ថ្មីៗនេះ Ronaldo បានពិភាក្សាអំពីការចូលនិវត្តន៍ និងជីវិតក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួន។

មកទល់ពេលនេះ ខ្សែប្រយុទ្ធឆ្នើមវ័យ ៤០ឆ្នាំ ដែលរកបាន ៩៥២គ្រាប់ច្រើនដាច់គេក្នុងកំណត់ត្រា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានស្នាដៃលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីបញ្ចប់នៃអាជីពដ៏អស្ចារ្យរបស់ Ronaldo នឹងមកដល់ឆាប់ៗនេះ។

នៅពេលសួរថាពេលណាអ្នកនឹងពិចារណាព្យួរស្បែកជើង Ronaldo ដែលមានកិច្ចសន្យាជាមួយ Al Nassr រហូតដល់ឆ្នាំ ២០២៧ ឆ្លើយភ្លាមថា «ឆាប់ៗនេះហើយ»។ 

«ខ្ញុំគិតបានត្រៀមខ្លួនរួចរាល់ហើយ។ ជាការពិតណាស់ វាពិតជាពិបាក, ពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំប្រហែលជាយំមិនខានទេ»។ Ronaldo ឆ្លើយតបទៅ Piers ដូច្នេះ មុនបន្ថែមថា៖«ប៉ុន្តែ Piers ខ្ញុំរៀបចំអនាគតរបស់ខ្ញុំតាំងពីអាយុ ២៥, ២៦, ២៧ ឆ្នាំមកម្ល៉េះ ខ្ញុំរៀបចំអនាគតរបស់ខ្ញុំជាង១០ឆ្នាំមកហើយ។ ដូច្នេះខ្ញុំគិតថាខ្ញុំនឹងអាចទប់ទល់សម្ពាធនោះបាន»។

Ronaldo មានទំនុកចិត្តលើខ្លួនថានឹងអាចស៊ូទ្រាំនឹងជីវិតគ្មានបាល់ទាត់ ពីព្រោះរូបគេចង់ផ្តោតលើគ្រួសារ និងការរស់នៅក្រៅទីលានបាល់ទាត់។

អតីតខ្សែប្រយុទ្ធឆ្នើម Manchester United, Real Madrid, Juventus និង Sporting បន្តថា៖ «ជីវិត មិនមែនសម្រាប់តែរកគ្រាប់បាល់នោះទេ។ អ្វីៗទាំងអស់មានការចាប់ផ្តើម ហើយមានទីបញ្ចប់។ ខ្ញុំមានចំណង់ចំណូលចិត្តផ្សេងទៀតពីបាល់ទាត់។ ខ្ញុំនឹងមានពេលវេលាច្រើនសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ និងដើម្បីចិញ្ចឹមកូនៗរបស់ខ្ញុំ»។

«ខ្ញុំត្រូវតាមមើលកូនប្រុសខ្ញុំ Cristiano Junior ព្រោះវ័យរបស់គាត់ ជាវ័យដែលក្មេងៗធ្វើរឿងឆោតល្ងង់។ ខ្ញុំធ្លាប់អ៊ីចឹងដែរ។ រីឯ Mateo ក៏ស្រឡាញ់បាល់ទាត់ដែរ។ ខ្ញុំចង់ធ្វើរឿងសប្បាយៗបន្ថែមទៀត។ ខ្ញុំចូលចិត្តលេង Padel ជាមួយមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ។ យើងកំពុងតែលេងបានល្អឡើងៗ»។

គិតចាប់តាំងពីផ្តើមអាជីពកីឡាបាល់ទាត់ជាមួយ Sporting Lisbon ក្នុងប្រទេសកំណើត Ronaldo បានបង្ហាញពីការរីករាយនឹងពេលវេលាជោគជ័យនៅ Manchester United, Real Madrid និង Juventus។

ម្ចាស់ Ballon d’Or ៥សម័យ បានឈ្នះ Premier League ៣លើក និង UEFA Champions League ក្នុងចំណោមពានរង្វាន់ផ្សេងៗទៀតជាមួយ Man Utd ឈ្នះ La Liga UCL ជាមួយ Real Madrid  និង ឈ្នះ Serie A ជាមួយ Juventus។ Ronaldo ទៅចូលរួមជាមួយក្រុម Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បន្ទាប់ពីចាកចេញពី Man Utd ជាលើកទីពីរក្នុងឆ្នាំ ២០២២។

ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Piers ដែលជាម្ចាស់កម្មវិធី Piers Morgan Uncensored លើ Youtube ដែលមានអ្នកចុចតាមដានជាង៤លាននាក់ Ronaldo មានអារម្មណ៍ដិតដាមនឹងក្លិបបិសាចក្រហម និងបារម្ភពីក្លិបយក្សអង់គ្លេសមួយនេះ ដែលជាក្លិបដំបូងជួយខ្លួនមានកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃ។

«ក្លិប Manchester United នៅតែស្ថិតនៅក្នុងចិត្តខ្ញុំ។ ខ្ញុំស្រឡាញ់ក្លិបមួយនេះណាស់។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវមានភាពស្មោះត្រង់ក្នុងការនិយាយ។ មើលទៅ Man Utd ពេលនេះមិនស្ថិតក្នុងស្ថានភាពល្អទេ។ ពួកគេត្រូវការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរមិនមែនត្រឹមតែគ្រូបង្វឹក និងកីឡាករនោះទេ តាមគំនិតរបស់ខ្ញុំ»។ Ronaldo បន្ថែម៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top