កីឡាករបរទេស ៧នាក់ ដែលបានក្លែងបន្លំឯកសារដើម្បីចូលសញ្ជាតិម៉ាឡេស៊ី ត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីទារសំណងពីសហព័ន្ធបាល់ទាត់ម៉ឡេស៊ី (FAM) ក្រោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំ។
បើតាមការចុះផ្សាយរបស់កាសែត Harian Metro កីឡាករ ៧រូបជាប់ទណ្ឌកម្មពី FIFA បានស្វែងរកឱកាសក្នុងការប្តឹងផ្លូវច្បាប់ ដោយចោទប្រកាន់ទៅ FAM ដែលធ្វើឱ្យពួកគេខាតបង់ប្រាក់ចំណូល និងប្រឈមមុខបាត់បង់អាជីពបាល់ទាត់។ កីឡាករទាំងនោះ សុទ្ធសឹងតែរងពិន័យជាប្រាក់ម្នាក់ ២០០០ដុល្លារ និងត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ ១ឆ្នាំ។
«មេធាវីនៅក្រៅប្រទេសកំពុងតែជជែកជាមួយនឹងក្រុមកីឡាករទាំង ៧រូប ដើម្បីពិចារណាស្វែងរកឱកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងទល់នឹង FAM។ រឿងនេះមិនចម្លែកនោះទេ ស្របពេលកីឡាករបានបាត់បង់រាល់ប្រភពប្រាក់ចំណូលរបស់ពួកគេ។ ការទាមទារសំណងនេះគឺជារឿងសំខាន់សម្រាប់ពួកគេក្នុងការរស់នៅរហូតទាល់តែទណ្ឌកម្មដល់ពេលផុតកំណត់ និងរកក្លិបថ្មីដើម្បីចូលលេងឡើងវិញ។»។ នេះបើតាមការចុះផ្សាយរបស់កាសែត Harian Metro។
ទណ្ឌកម្មពី FIFA លើពួកគេបច្ចុប្បន្នកំពុងដំណើរការ ហើយវានឹងផុតកំណត់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។ ប៉ុន្តែទើបតែជាង ២ខែ ប៉ុណ្ណោះ ការប៉ះពាល់លើអាជីពបាល់ទាត់សម្រាប់កីឡាករមួយចំនួន កំពុងកើតមានឡើងបន្តិចម្តងៗ។
ខ្សែប្រយុទ្ធ Rodrigo Holgado ត្រូវបានក្លិប America de Cali របស់លីគកំពូលកូឡុំប៊ី ផ្ដាច់កិច្ចសន្យាមុនកំណត់។ ខ្សែការពារ Gabriel Palmero ត្រូវបានក្លិប Unionistas de Salamanca បញ្ចប់កិច្ចសន្យាខ្ចីជើង រួមទាំងក្លិបដើមផ្តាច់កិច្ចសន្យាដូចគ្នា។
ដោយឡែកអនាគតរបស់កីឡាករ Facundo Garces នៅក្លិប Deportivo Alaves និងកីឡាករ Imanol Machuca នៅក្លិប Velez Sarsfield កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ដោយឡែកកីឡាករ Hector Hevel, Joao Figueireido និង Jon Irazabal វិញ ប្រហែលជួបរឿងងាយស្រួលជាងនេះ ព្រោះពួកគេលេងឱ្យក្លិបយក្សម៉ាឡេស៊ី Johor Darul Ta’zim ដែលជាក្លិបរបស់រជ្ជទាយាទរដ្ឋ Johor ផ្ទាល់។
រីឯ FAM វិញ ពួកគេបច្ចុប្បន្នក៏កំពុងតែចាត់វិធានការផ្លូវច្បាប់ប្តឹងទៅកាន់តុលារការអាជ្ញាកណ្តាលកីឡា (CAS) រឿងទណ្ឌកម្មពីសំណាក់ FIFA។ ការប្តឹងរបស់ពួកគេធ្វើឡើងក្រោយគណៈកម្មការបណ្តឹងឧទ្ធរណ៍ FIFA បដិសេធទទួលសំណើរពាក្យបណ្តឹងរបស់ពួកគេ។ FAM រងពិន័យពី FIFA ទឹកប្រាក់ប្រមាណ ៤៣៤ ២៦០ដុល្លារ៕
ប្រភព៖ THMEYTHMEY



