កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានជួយក្រុមបាល់ទះ Win Streak ឈ្នះ ១១ ប្រកួតជាប់គ្នាក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ បន្ទាប់ពីការប្រកួតចុងក្រោយទល់នឹង Taoyuan Cloud Leopard ម្សិលមិញ ដោយរូបគេត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតជាលើកទី ៦ នៅរដូវកាលនេះ។
កាលពីថ្ងៃ សៅរិ៍ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់ ១។ បន្ទាប់មកនៅថ្ងៃ អាទិត្យ ទី ០៩ ខែ វិច្ឆិកា ពួកគេបានបន្តយកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងលទ្ធផល ៣ សិតទល់ ០។
ជ័យជម្នះ ១១ ប្រកួតជាប់ៗគ្នានៅរដូវកាលនេះ ជាពិសេសការប្រកួត ២ ប្រកួតចុងក្រោយ គឺសុទ្ធតែមានការចូលរួមសាងគុណសម្បត្តិយ៉ាងធំធេងដោយកីឡាករម្ចាស់អាវលេខ ៩ វឿន វាសនា។ រឿងដ៏អស្ចារ្យបំផុត គឺការប្រកួតចុងក្រោយទល់នឹងក្រុម Taoyuan Cloud Leopard កីឡាករត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត បន្ទាប់ពីរកបានពិន្ទុសរុបចំនួន ១៨ ពិន្ទុ។
នេះជាលើកទី ៦ ហើយសម្រាប់ វឿន វាសនា ដែលជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតនៅរដូវកាលនេះជាមួយក្រុមបាល់ទះ Win Streak បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១១ ប្រកួត។ តាមរយៈស្ថិតិទាំងនេះ បានធ្វើឱ្យកីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ កំពុងក្លាយជាកីឡាករដ៏លេចធ្លោបំផុតរបស់ Win Streak និងនៅលីគបាល់ទះ តៃវ៉ាន់ ទាំងមូល៕
ប្រភព៖ KAMPUCHEATHMEY



