អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ប្រេស៊ីល និង Real Madrid លោក Ronaldo Nazario បានចេញបដិសេធ អំពីការលើកឡើងរបស់កីឡាករ Cristiano Ronaldo ដែលចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ថ្មីៗនេះ Ronaldo បានធ្វើបទសម្ភាសមួយជាមួយពិធីករលោក Piers Morgan ដោយបានបង្ហោះជាសាធារណៈនៅឆានែលយូធូប (YouTube) របស់គាត់ផ្ទាល់។ ខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះ បាននិយាយរឿងយ៉ាងភ្ញាក់ផ្អើលជាច្រើន ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍បំផុតមួយ គឺកីឡាករបាននិយាយ ថា៖ «គាត់ជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងប្រវត្តិសាស្ត្របាល់ទាត់»។
យ៉ាងណា ក្រោយការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រវែកញែកជាច្រើន ដោយមានមតិខ្លះស្រប ហើយមតិខ្លះទៀតបដិសេធ។ លោក Ronaldo Nazario ក៏បានបញ្ចេញមតិលើរឿងនេះផងដែរ ដោយបានលើកឡើងថា៖ «គាត់គឺកីឡាករជាម្នាក់ ក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ តែគាត់គឺល្អបំផុតមែនទេ? ខ្ញុំមិនឯកភាពនោះទេ។ យ៉ាងណា ខ្ញុំគោរពលើការយល់ឃើញរបស់គាត់»។
វីរបុរសប្រេស៊ីល បានបន្តទៀត ថា៖ «គាត់ពិតជាស្ថិតក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រពិតមែន ហើយខ្ញុំអាចនិយាយបានថា គាត់គឺស្ថិតក្នុងកីឡាករលំដាប់កំពូលទាំង ១០។ មនុស្សមួយចំនួនមានជំនឿចិត្តលើខ្លួនឯងខ្លាំងណាស់។ សម្រាប់ខ្ញុំ គឺចូលចិត្តឱ្យអ្នកផ្សេងនិយាយពីខ្ញុំ ជាជាងខ្ញុំខ្លួនឯងនិយាយអំពីខ្លួនឯង»។
រម្លឹកកាលពីឆ្នាំ ២០២២ លោក Ronaldo Nazario ក៏ធ្លាប់បានបង្ហាញឈ្មោះកីឡាករ និងអតីតកីឡាករចំនួន ៨ នាក់ ដែលលោកគិតថាជាកីឡាករល្អបំផុតគ្រប់ពេលវេលាក្នុងប្រវត្តិសាស្តបាល់ទាត់ផងដែរ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលគឺឈ្មោះ Cristiano Ronaldo នោះទេ។ កីឡាករទាំង ៨ នាក់នោះរួមមាន ខ្លួនគាត់ផ្ទាល់, Diego Maradona, Lionel Messi, Johan Cruyff, Franz Beckenbauer, Pele, Marco Van Basten, Ronaldinho៕
ប្រភព៖ KAMPUCHEATHMEY



