ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រឈ្នះការប្រកួត U17 World Cup លើកដំបូង

ក្រុមបាល់ទាត់អាយុក្រោម ១៧ឆ្នាំ ឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ត្រថ្មី និងលើកដំបូង ដោយអាចដណ្តើមបានជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA U17 World Cup ឆ្នាំ ២០២៥។ ឥណ្ឌូណេស៊ីឈ្នះក្រុមហុងឌូរ៉ាស់ លទ្ធផល ២​-១ នៅជំនួបបង្ហើយក្នុងពូល H ដែលនេះជាការឈ្នះការប្រកួត World Cup លើកដំបូងនៅគ្រប់កម្រិតរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។

បើទោះជាក្រុមដណ្តើមបានជ័យជម្នះ ព្រមទាំង​ ៣ពិន្ទុ នៅការប្រកួតចុងក្រោយក្នុងពូល H ក៏ពិតមែន ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការផ្តល់ឱកាសដល់ឥណ្ឌូណេស៊ី ឡើងវគ្គបន្តបានឡើយ។ តែយ៉ាងណាមិញ ឈ្នះការប្រកួតដំបូងនេះ បានផ្តល់កិត្តិយស មោទកភាព និងមុខមាត់ថ្មីមួយសម្រាប់ឥណ្ឌូណេស៊ី។ 

គ្រាប់បាល់ជ័យជម្នះរបស់ឥណ្ឌូណេស៊ីអាយុក្រោម ១៧ឆ្នាំ សម្រេចបានដោយកីឡាករប្រធានក្រុម Evandra Florasta ដែលជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រ បើកឆាក។ ចំណែកគ្រាប់ទីពីរ ធ្វើបានដោយកីឡាករ Fadly Alberto។ 

​លោក Nova Arianto គ្រូបង្វឹក U17 ឥណ្ឌូណេស៊ី បានចាត់ទុកជ័យជម្នះទល់នឹងក្រុមហុងឌូរ៉ាស់ ជាលទ្ធផលដ៏អស្ចារ្យបំផុតសម្រាប់ក្រុមរបស់លោក។ គ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ីលើកឡើងថា ជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup គឺជារឿងមួយដ៏ពិសេសបំផុតសម្រាប់លោក និងកូនក្រុមឥណ្ឌូណេស៊ី និងជាចំណុចចាប់ផ្តើមនៃដំណើរផ្សងព្រេងក្នុងអាជីពបាល់ទាត់របស់ក្រុមយុវជន ហើយពួកគេនឹងជាអ្នកតំណាងដល់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីពេលអនាគត។

ដោយឡែកកីឡាករប្រធានក្រុម Florasta ថាគេមិនបានរំពឹងឡើយថាក្រុមអាចដណ្តើមបានជ័យជម្នះ ទល់ក្រុមមកពីតំបន់ការ៉ាប៊ីនដូចហុងឌូរ៉ាស់នេះ។ កីឡាករយុវជនពីប្រទេសអាស៊ីអាគ្នេយ៍ រំភើបខ្លាំងដែលរូបគេនិងសមាជិកក្រុមអាចដណ្តើមបាន ៣ពិន្ទុ ក្នុងព្រឹត្តការណ៍ World Cup។

ក្រុមបាល់ទាត់អាយុក្រោម ១៧ឆ្នាំ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល H ដែលរួមមានក្រុមខ្លាំងៗដូចជា ប្រេស៊ីល សាំប៊ី និងហុងឌូរ៉ាស់។ ក្នុងពូលនេះ ប្រេស៊ីល និងសាំប៊ី ជាក្រុមដែលដណ្តើមបាន ៧ពិន្ទុ ដូចគ្នា ពីការប្រកួត ៣លើក ដណ្តើមបានកៅអីទៅវគ្គ ៣២ក្រុមចុងក្រោយ។ រីឯឥណ្ឌូណេស៊ី រកបាន ៣ពិន្ទុ ខណៈក្រុមហុងឌូរ៉ាស់ ឈរនៅបាត់តារាង អស់ឱកាសទៅវគ្គបន្ត។ 

ព្រឹត្តិការណ៍ FIFA U17 World Cup ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍លើកទី២០ សម្រាប់ការប្រកួតកម្រិតយុវជន។ ការប្រកួតនេះធ្វើឡើងនៅប្រទេសកាតា ពីថ្ងៃទី៣-២៧ វិច្ឆិកា ហើយការប្រកួតនេះក៏ធ្វើឡើងក្រោមរូបមន្តថ្មីបង្កើតចំនួនក្រុមរហូតដល់ ៤៨ក្រុម លើកដំបូងផងដែរ។ អាល្លឺម៉ង់ ជាក្រុមម្ចាស់ការពារតំណែងជើងឯក ស្របពេលនីហ្សេរីយ៉ា ជាក្រុមឈ្នះច្រើនជាងគេចំនួន៥លើក។

៣២ក្រុមដែលឡើងទៅវគ្គបន្ត រួមមាន អ៊ីតាលី អាម៉េរិកខាងត្បូង ជប៉ុន ព័រទុយហ្កាល់ ម៉ារ៉ុក សេណេហ្កាល់ ក្រូអាស៊ី អាហ្សង់ទីន បែលហ្ស៊ិក ទុយណេស៊ី វេណេស្ស៊ុយអេឡា អង់គ្លេស អេហ្ស៊ីប ស្វ៊ីស កូរ៉េខាងត្បូង ម៉ិកស៊ិក អាល្លឺម៉ង់់ កូឡុំប៊ី កូរ៉េខាងជើង ប្រេស៊ីល សំប៊ី អាម៉េរិក បួគីណាហ្វាសូ អៀរឡង់ អ៊ូសបេគីស្ថាន បារាំង កាណាដា អូស្រ្តាលី ម៉ាលី អារ៉ាប៊ីសាអូឌីត ប៉ារ៉ាហ្គាយ និង ឆែក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top