ចាប់តាំងពីបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចេញកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ មក អ្នកគាំទ្រមួយចំនួនមិនពេញចិត្តនឹងការជ្រើសរើសកីឡាករមួយចំនួនក្នុងចំណោមកីឡាករ ២៣ នាក់ឡើយ។
អ្នកគាំទ្រខ្លះបានឡើងឡើងថា កីឡាករចំនួនដែលកំពុងល្អក្នុងរដូវកាលនេះ បែរជាគ្មានឈ្មោះ ប៉ុន្តែកីឡាករមួយចំនួនដែលមិនសូវលេចធ្លោនៅក្នុងរដូវកាលនេះបែរជាមានឈ្មោះទៅវិញ។ អ្នកខ្លះលើកឡើងទៀតថា ក្រុមខ្លះកំពុងល្អនៅលីគបាល់ទាត់កំពូលកម្ពុជាមានកីឡាករជាប់ជម្រើសជាតិតិច ឬគ្មានជាប់ក៏មាន។ ក្រៅពីរិះគន់លើការជ្រើសរើសកីឡាកររបស់គ្រូបង្គោលសញ្ជាតិជប៉ុន Koji Gyotoku អ្នកគាំទ្រក៏មិនចង់ឲ្យគ្រូបង្វឹករូបនេះដឹកនាំបន្ត ហើយចង់បានគ្រូផ្សេង។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងធ្វើដំណើរទៅទីក្រុងហុងកុង លោក បែ មករា អ្នកចាត់ការក្រុមបឹងកេត បានបង្ហាញទស្សនៈផ្ទាល់ខ្លួន និងសំណូមពរឲ្យអ្នកគាំទ្រគោរពចំពោះការសម្រេចចិត្តរបស់គ្រូបង្គោល ពីព្រោះនេះជាការទទួលខុសត្រូវរបស់គ្រូ។
លោកបានរៀបរាប់ថា ៖«ជាការពិតណាស់ការជ្រើសរើសកីឡាករ ជាសិទ្ធិនៃការសម្រេចចិត្តរបស់គ្រូបង្វឹក ព្រោះគាត់ជាអ្នកទទួលខុសត្រូវធំចំពោះលទ្ធផល។ អ្នកគាំទ្រ រួមទាំងខ្ញុំផងដែរក៏អាចបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះអ្វីដែលជាការគិតរាងៗខ្លួន ប៉ុន្តែសូមគោរពការសម្រេចចិត្តរបស់គ្រូ។ យើងទាំងអស់គ្នានៅពីក្រោយ និងគាំទ្រជម្រើសជាតិរបស់យើង»។
ក្នុងចំណោមកីឡាករ ២៣ នាក់គឺ ព្រះខ័នរាជស្វាយរៀង (៨នាក់) វិសាខា (៦នាក់) ភ្នំពេញក្រោន (២នាក់) ណាហ្គាវើលដ៍ (២នាក់) បឹងកេត (១នាក់) អាយអេសអាយ ដង្កោសែនជ័យ (១នាក់) ឡាយហ្វ ព្រះសីហនុ (១នាក់) ក្លិបថៃ PT Prachuap FC (១នាក់) និង ក្លិបឥណ្ឌូណេស៊ី Bhyangkara (១នាក់)។
កីឡាករខ្មែរ-អាមេរក Nick Taylor មកពីប្រទេសថៃ និងកីឡាករចូលសញ្ជាតិខ្មែរ Andres Neito មកពីប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែខ្សែការពារចូលសញ្ជាតិខ្មែរ Takaki Ose នៅប្រទេសថៃមិនត្រូវបានកោះហៅទេ ទំនងជារបួសមិនទាន់ជាសះស្បើយ។
សុផល ឌីម៉ង់ និង សុះ ស៊ូហាណា ក៏ត្រូវត្រូវបានកោះហៅចូលជម្រើសជាតិវិញដែរ ខណៈកីឡាករ វ៉ាន វីត របស់ក្លិប ឡាយហ្វ ខេត្តព្រះសីហនុ ក៏មានឈ្មោះ។ ក្រៅពីនេះសុទ្ធតែជាកីឡាករដែលបានជាប់ឈ្មោះរហូតមក។ យ៉ាងណា ខ្សែការពារ សឿយ វិសាល មិនមានឈ្មោះទេ៕
ប្រភព៖ KAMPUCHEATHMEY



