ប្រទេស ម៉ារ៉ុក បានរៀបចំផែនការរាប់ឆ្នាំ ពោលគឺជាង ១៥ ឆ្នាំ ទម្រាំមានក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនខ្លាំងឈានដល់លំដាប់កំពូលនាពេលបច្ចុប្បន្ន។
កាលពីមុន បើនិយាយអំពីឈ្មោះក្រុមជម្រើសជាតិ ម៉ារ៉ុក គឺមិនសូវមានអ្នកស្គាល់ច្រើននោះទេ ប៉ុន្តែបើបច្ចុប្បន្នវិញ អ្នកនិយមគាំទ្របាល់ទាត់ទូទាំងពិភពលោកភាគច្រើន សុទ្ធតែស្គាល់ក្រុមរហស្សនាមតោកំណាច ម៉ារ៉ុក។ ក្រុមជម្រើសជាតិ ម៉ារ៉ុក បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគេឈ្នះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ១-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានបាល់ទាត់ពិភពលោក (World Cup) ជាលើកដំបូងកាលពីឆ្នាំ ២០២២។
ដោយឡែកកាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ ក្រុម ម៉ារ៉ុក អាយុក្រោម ២០ ឆ្នាំ ទើបតែបានឈ្នះពាន World Cup U20 ជាលើកដំបូង បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ អាហ្សង់ទីន ដោយលទ្ធផល ២-០។ រឿងដ៏ភ្ញាក់ផ្អើលមួយទៀត គឺក្រុម ម៉ារ៉ុក អាយុក្រោម ១៧ ឆ្នាំក៏កំពុងធ្វើបានយ៉ាងល្អមិនចាញ់រាមច្បងនោះដែរ ដោយថ្មីៗនេះក្នុងពាន World Cup U17 ទើបតែបានយកឈ្នះលើក្រុម នូវែលកាឡេដូនី ក្នុងលទ្ធផល ១៦-០។
សមិទ្ធផលខាងលើរបស់ក្រុមជម្រើសជាតិ ម៉ារ៉ុក បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានការកោតសរសើរជាខ្លាំង។ ទន្ទឹមនឹងនេះ មានការចោទជាសំណួរ ថា ហេតុអ្វីបានជាក្រុមជម្រើសជាតិ ម៉ារ៉ុក បច្ចុប្បន្នឡើងជើងខ្លាំងបែបនេះ?
- ការវិនិយោគរយៈពេលវែង និងហេដ្ឋារចនាសម្ព័ន្ធ៖
រដ្ឋាភិបាលម៉ារ៉ុក និងសហព័ន្ធបាល់ទាត់ ម៉ារ៉ុក បានវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសំណង់កីឡាដ៏ទំនើប ជាពិសេសសាលាបាល់ទាត់ Mohammed VI Football Academy។ សាលានេះត្រូវបានសាងសង់នៅឆ្នាំ ២០០៩ ដោយចំណាយប្រាក់អស់ចំនួន ៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន។ បច្ចុប្បន្ន មានកីឡាករជាច្រើន ដែលកំពុងទទួលបានផ្លែផ្កាចេញពីលាលានេះ ដូចជាកីឡាករ Youssef En-Nesyri, Nayef Aguerd, និង Azzedine Ounahi ជាដើម។ នៅឆ្នាំ ២០១៩ ប្រទេស ម៉ារ៉ុក បានអភិវឌ្ឍបន្ថែមទៀត ដោយបានចំណាយលុយអស់ ៦៥ ទៅ ៧០ លានដុល្លារអាមេរិកសាងសង់មជ្ឈមណ្ឌល Mohammed VI Football Complex ដើម្បីផ្តោតលើការហ្វឹកហាត់បែបប្រណីតដល់ក្រុមជម្រើសជាតិទី ១។ - ការកែលម្អលីគក្នុងស្រុក៖
លីគក្នុងស្រុក Botola Pro 1 ត្រូវបានគេចាត់ទុកថា ជាលីគសកម្មបំផុតមួយនៅអាហ្វ្រិក ហើយការកែលម្អលើគុណភាពការប្រកួតនៅកម្រិតក្លិបឱ្យឡើងកម្រិតខ្ពស់ បានលើកស្ទួយស្តង់ដាររបស់កីឡាករដែលលេងក្នុងស្រុក ដោយមួយចំនួនក៏បានចូលរួមជួយក្រុមជាតិឱ្យទទួលបានភាពជោគជ័យផងដែរ។ - ផ្តល់អទិភាពចម្បងដល់កីឡាករមានកំណើតនៅក្រៅប្រទេស:
ភាគច្រើននៃក្រុមជាតិម៉ារ៉ុកបច្ចុប្បន្ន ជាកីឡាករដែលកើត និងធំដឹងក្តីឡើងនៅអឺរ៉ុប (ឧទាហរណ៍ដូចជា Achraf Hakimi កើតនៅអេស្ប៉ាញ, Hakim Ziyech កើតនៅហូឡង់, Sofyan Amrabat កើតនៅហូឡង់)។ គោលដៅរបស់សហព័ន្ធគឺបានព្យាយាមស្វែងរក និងទាក់ទាញកីឡាករមានទេពកោសល្យ ដែលរស់នៅបរទេសទាំងនេះ ដោយរួមបញ្ចូលការបណ្តុះបណ្តាលតាមស្តង់ដារអឺរ៉ុបជាមួយនឹងការស្ម័គ្រចិត្តលេងតំណាងឱ្យជាតិដោយឆន្ទៈចេញពីបេះដូង៕
ប្រភព៖ KAMPUCHEATHMEY



