គ្រូម៉ាឡេស៊ី ទំនងលាលែងពីតំណែង ដោយសារ FAM រងទណ្ឌកម្មធ្ងន់ធ្ងរពី FIFA

លោក Peter Cklamovski អាចនឹងលាលែងពីតំណែងគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីឆាប់ៗ បន្ទាប់ពីសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី(FAM) រងទណ្ឌកម្មពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) លើករណីក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី របស់កីឡាករបរទេស ៧នាក់។ ករណីនេះ ទំនងបង្កការប៉ះពាល់ខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិ់ម៉ាឡេស៊ី ក្នុងការប្រជែងកៅអីទៅការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ​២០២៧។

លោក Cklamovski ត្រូវបានម៉ាឡេស៊ី តែងតាំងជាគ្រូបង្វឹកកាលពីខែមករា ជាមួយចក្ខុវិស័យធំគឺការប្រជែងកៅអីសម្រាប់ការប្រកួត AFC Asian Cup ឆ្នាំ ២០២៧។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី រាយការណ៍ថា ការចែកផ្លូវពីសំណាក់គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី គឺមានភាគរយខ្ពស់ខ្លាំងនៅពេលនេះ។

បើសិនជាមានការចែកផ្លូវរវាងក្រុមម៉ាឡេស៊ី និងគ្រូវ័យ ៤៧ឆ្នាំ មែន អាចបណ្តាលមកពីលោកបាត់បង់កីឡាករសំខាន់ដែលអាចជួយលោកសម្រេចគោលដៅ ដែលធ្លាប់បានសន្យាជាមួយនឹង FAM។ រឿងដែលអាចចងជើងបុរសសញ្ជាតិអូស្ត្រាលីឱ្យបន្តដឹកនាំក្រុមបាន ទាល់តែមានកីឡាករទៅតាមអ្វីដែលអតីតគ្រូបង្វឹកក្រុម FC Tokyo រូបនេះចង់បានសម្រាប់ការប្រកួតប្រជែង។ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បង្ហាញក្តីរំពឹង និងបន់ស្រន់កុំឱ្យគ្រូបង្វឹកខ្លាំងរូបនេះ ចាកចេញពីក្រុមអំឡុងពេលក្រុមជួបបញ្ហាធំបែបនេះ។

បន្ទាប់ពីឃើញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហោះរឿងរ៉ាវព្រោងព្រាត លើកឡើងអំពីខ្លួនបែបនេះ លោក Cklamovski បានចេញមុខប្រកាសអះអាងថា លោកនឹងផ្តោតលើការងារដែលមានបច្ចុប្បន្នជាមួយក្រុមជម្រើសជាតិ។ បុរសសញ្ជាតិអូស្ត្រាលី មិនបានបញ្ជាក់អ្វីលើសពីនេះ ជុំវិញរឿងអនាគតរបស់លោកក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ីឡើយ។

ទោះបីជាបែបនេះក៏ដោយ ម៉ាឡេស៊ី កំពុងប្រឈមនឹងការកាត់ពិន្ទុដែលពួកគេដណ្តើមពីវៀតណាម អំឡុងវគ្គជម្រុះ Asian Cup ឆ្នាំ ២០២៧ ក្នុងពូល H កាលពីខែមិថុនា។ ការកាត់ពិន្ទុនេះនឹងអាចកើតឡើង បើសិនជាម៉ាឡេស៊ី បរាជ័យក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសំណាក់ FIFA លើករណីបន្លំកីឡាករចូលសញ្ជាតិ។ 

ក្រោមទម្ងន់ទណ្ឌកម្មនោះ FAM រងពិន័យជាប្រាក់ប្រមាណ ៤៣៥ ៦០០ដុល្លារ ហើយកីឡាករបរទេស ៧នាក់ ដែលជាប់ពាក់ព័ន្ធរងពិន័យម្នាក់ ២ ០០០ដុល្លារ និងព្យួរសកម្មភាពបាល់ទាត់ ១ឆ្នាំពេញ។ កីឡាករទាំងនោះកំពុងប្រឈមបាត់បង់អាជីពរបស់ពួកគេដូចគ្នាដែរ។ 

កាលពីពេលថ្មីៗនេះក៏មានលេចឮដំណឹងថា​កីឡាករបរទេសទាំង ៧នាក់ គ្រោងនឹងប្តឹងទារសំណងប្រាក់ពលកម្មពី FAM ដែលពួកគេខាតបង់ពេញមួយឆ្នាំ អំឡុងអាជីពពួកគេត្រូវបានព្យួរ។ ពួកគេចង់បានប្រាក់សំណងដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ទម្រាំទណ្ឌកម្មត្រូវលើកលែង និងរកក្លិបថ្មីសម្រាប់លេងឡើងវិញ។

កីឡាករ ៧នាក់ ដែលជាប់ទាក់ទងរឿងអាស្រូវនេះ រួមមាន Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល និងកីឡាករ Hector Hevel ដើមកំណើតហូឡង។ កន្លងមក កីឡាករ Facundo Garces បច្ចុប្បន្នកំពុងត្រូវបានក្លិប Deportivo Alaves ពិចារណាក្នុងការបញ្ចបកិច្ចសន្យាមុនកំណត់ដូចគ្នាដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top