ជារដ្ឋឯកោ ប៉ុន្តែវិស័យកីឡាបាល់ទាត់កូរ៉េខាងជើង ពិសេសផ្នែកនារី មានកម្រិតប្រកួតប្រជែងខ្ពស់

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារី កូរ៉េខាងជើង អាយុក្រោម ១៧ឆ្នាំ នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីពួកគេបន្តគ្រងតំណែងជើងឯក FIFA U17 World Cup ឆ្នាំ២០២៥ ពីរលើក ជាប់ៗគ្នា។ ការឈ្នះនោះ ជួយពួកគេបង្កើតប្រវត្តិសាស្ត្រថ្មី ជាក្រុមអាចគ្រងជើងឯកបាល់ទាត់ពិភពលោកដល់ទៅ ៤ដង។ កាលពីឆ្នាំ ២០២៤ ក្រុមនារីអាយុក្រោម ២០ឆ្នាំ របស់កូរ៉េខាងជើង ក៏ដណ្តើមបានជើងឯក World Cup លើកទី៣ ផងដែរ។ ទោះជារដ្ឋឯកោក្នុងផែនទីពិភពលោកក៏ពិតមែន តែហេតុអ្វីបានជាកូរ៉េខាងជើងមានកម្រិតប្រកួតប្រជែងលើវិស័យបាល់ទាត់ខ្ពស់យ៉ាងនេះ?

កូរ៉េខាងជើង ជាប្រទេសមួយឯកោបំផុតនៅលើពិភពលោកពេលបច្ចុប្បន្ន។​ ពួកគេបានផ្តាច់ខ្លួនចេញពីទំនាក់ទំនងជាមួយប្រទេសដទៃលើពិភពលោក ព្រោះតែកត្តានយោបាយផ្តាច់ខ្លួន ដ៏តឹងរ៉ឹងបំផុត។ មានតែចិន និងរុស្ស៊ីប៉ុណ្ណោះជាមិត្តជិតស្និទ្ធិបំផុតជាមួយពួកគេ ហើយជាប្រទេសកាន់របបកុម្មុយនីស្តដូចគ្នា។ ស្ទើរតែគ្រប់វិស័យទៅហើយ ពុំមានប្រទេសដទៃណាមួយ ចាប់អារម្មណ៍លើកូរ៉េខាងជើង លើកលែងតែបញ្ហានយោបាយ និងវិស័យកីឡាតែប៉ុណ្ណោះ។ 

ក្រឡែកទៅមើលលើវិស័យកីឡាប្រទេសមួយនេះនេះវិញ គេស្គាល់ច្បាស់ថា កម្រិតប្រកួតប្រជែងពួកគេពិតជាខ្លាំងពូកែ មិនត្រឹមតែបាល់ទាត់តែមួយមុខប៉ុណ្ណោះនោះទេ​។ ប្រភេទកីឡាអូឡាំពិកជាដើម ឬការប្រកួតកីឡាកម្រិតតំបន់ផ្សេងៗ កូរ៉េខាងជើងនេះហើយជាបេក្ខភាពខ្ពស់មួយក្នុងការប្រកួតប្រជែងមេដាយ។

តែពេលនេះយើងចង់លើកឡើងអំពីវិស័យបាល់ទាត់របស់កូរ៉េខាងជើង ថាហេតុអ្វីបានជាក្នុងប្រទេសឯកោមួយនេះ មានកម្រិតប្រកួតប្រជែងខ្លាំងលើពិភពលោកបច្ចុប្បន្ន? 

កីឡាបាល់ទាត់ ត្រូវបានចាត់ទុកជាកីឡាដ៏ពេញនិយមមួយប្រចាំប្រទេសមានអំណាចនុយក្លេអ៊ែមួយនេះ។ តើការដឹកនាំលើវិស័យបាល់ទាត់ប្រទេសនេះ មានភាពពិសេសអ្វីខ្លះទៅ ទើបធ្វើឱ្យក្រុមបុរស ជាពិសេសក្រុមនារី របស់ពួកគេមានកម្រិតប្រកួតប្រជែងខ្លាំងមិនចាញ់ប្រទេសដទៃក្នុងតំបន់ និងនៅលើពិភពលោក។ ចម្លើយទាំងនេះ គឺមកពីយុទ្ធសាស្ត្រដែលមេដឹកនាំកំពូលប្រទេសនេះបានដាក់ចេញ នោះគឺការប្រជែងឱ្យឈ្នះពានរង្វាន់តែម្តង ជាជាងការបន្តអភិវឌ្ឍប្រើពេលយូរឆ្នាំ។

ជោគជ័យក្នុងវិស័យកីឡាជួយផ្សព្វផ្សាយអំណាច និងឥទ្ធិពលថ្នាក់ដឹកនាំកូរ៉េខាងជើង

រយៈពេល ២ឆ្នាំចុងក្រោយ ក្រុមនារី U17 និង U20 កូរ៉េខាងជើងប្រមូលពានរង្វាន់កម្រិតពិភពលោកជាប់ៗគ្នា ហើយពួកគេបានផ្តួលក្រុមតំបន់អឺរ៉ុប អាម៉េរិកខាងត្បូង និងទ្វីបអាហ្វ្រិក ឱ្យស្គាល់ពីសមត្ថភាពខ្លាំងពួកគេ។ វាប្រៀបបានជារបៀប ដែលកូរ៉េខាងជើងឃោសនា ទៅពិភពលោក អំពីឥទ្ធិពលអំណាចរបស់ពួកគេលើវិស័យកីឡាផងដែរ។

បើមើលទៅទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានរៀបរាប់ទិដ្ឋភាពនៃការអបអរជ័យជម្នះ របស់ក្រុមកីឡាការិនីក្រោម ១៧ឆ្នាំ ដណ្តើមបានជើងឯកពិភពលោក ថាជាការផ្តល់ភាពរីករាយ និងមោទកភាពដល់ពលរដ្ឋ និងការដឹងគុណថ្នាក់ដឹកនាំកូរ៉េខាងជើងទាំងមូល។ ចប់ការប្រកួតភ្លាមក្រុមកីឡាការិនីទាំងនោះ បានរត់កាន់ទង់ជាតិកូរ៉េខាងជើងបក់ចុះឡើង បង្ហាញនៅលើទីលានប្រកួត អមដោយទឹកមុខរំភើបមិនអាចកាត់ថ្លៃបាន។

លោក Jung Woo Lee សាស្ត្រចារ្យនយោបាយកីឡា និងការកម្សាន្តមកពីសកលវិទ្យាល័យ Edinburgh នៃប្រទេសស្កុតឡែន ប្រាប់កាសែតអាល្លឺម៉ង់ DW ថាលោកចាត់ទុកជ័យជម្នះរបស់ក្រុមនារីកូរ៉េខាងជើង ជាផ្លូវមួយសម្រាប់មេដឹកនាំពួកគេ ឃោសនាអំពីអំណាច និងឥទ្ធិពលទៅកាន់អន្តរជាតិតាមរយៈកីឡា។ សាស្ត្រចារ្យនយោបាយកីឡា សញ្ជាតិកូរ៉េខាងត្បូងរូបនេះ យល់ឃើញថាថ្នាក់ដឹកនាំកូរ៉េខាងជើង ក៏បានប្រើថវិការវិនិយោគក្នុងវិស័យកីឡា ដែលពួកគេគិតថានឹងអាចជួយផ្សព្វផ្សាយអំពីប្រទេសពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក។ តួយ៉ាង ដូចបាល់ទាត់កម្រិតយុវជននេះជាដើម។

យុទ្ធសាស្ត្រប្រជែងឱ្យឈ្នះនៅកម្រិតយុវជន ងាយស្រួលជាងកម្រិតក្រុមឈុតធំ

កូរ៉េខាងជើងខ្លួនឯងដឹងច្បាស់ណាស់ ថាការប្រកួតនៅកម្រិតខ្ពស់​ ដូចជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកបុរសឈុតធំ គឺពួកគេ មានកម្រិតទាបជាងឆ្ងាយពីក្រុមដទៃនៅលើពិភពលោក។ រឿងមួយដែលពួកគេមិនអាចមើលរំលង គឺការពង្រីកឥទ្ធិពលខ្លួននៅក្នុងការប្រកួតប្រជែងកម្រិតយុវជន។ ថ្នាក់ដឹកនាំកូរ៉េខាងជើង បានបង្វែរផ្តោតលើការអភិវឌ្ឍវិស័យបាល់ទាត់នារីកម្រិតយុវជន ដោយពួកគេយល់ឃើញថាកម្រិតនេះ អាចធ្វើឱ្យងាយស្រួលគ្រប់គ្រង និងរៀបចំផែនការបានលឿនរហ័សដើម្បីការប្រជែង។

បើមើលឱ្យជាក់ច្បាស់ ការប្រកួតប្រជែងកម្រិតជម្រើសជាតិធំៗ កូរ៉េខាងជើង ហាក់មិនសូវជាទទួលបានផ្លែផ្កានោះទេ។ បើទោះបីជាទាំងក្រុមបុរស និងក្រុមនារី សុទ្ធសឹងតែមានកម្រិតការប្រកួតប្រជែងមួយខ្លាំងៗរៀងខ្លួន មិនអាចមើលរំលងបានពីសំណាក់ក្រុមដទៃក៏ដោយ។

ក្រុមបុរសកូរ៉េខាងជើង សឹងតែមានកម្រិតការប្រកួតមួយស្មើនឹងក្រុមខ្លាំងក្នុងទ្វីបអាស៊ីដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម ប៉ុន្តែព្រោះកត្តានយោបាយ និងទំនាក់ទំនងមិនល្អ ទើបធ្វើឱ្យពួកគេពុំសូវបង្ហាញមុខលើឆាកអន្តរជាតិ។ កូរ៉េខាងជើងទៀតសោត ធ្លាប់ចូលលេងព្រឹត្តិការណ៍ FIFA World Cup ចំនួន ២លើកផងដែរ គឺនៅឆ្នាំ ១៩៦៦ និង ២០១០ ហើយនៅឆ្នាំ ២០២២ ពួកគេបានប្រកាសដកខ្លួនពីការប្រកួតប្រជែង។ ទោះយ៉ាងណានៅកម្រិតខ្ពស់ កូរ៉េខាងជើងមើលឃើញថាពួកគេមិនងាយប្រជែង​ឱ្យឈ្នះពានរង្វាន់បានឡើយ ខុសពីកម្រិតយុវជន ដែលប្រទេសមួយចំនួនលើពិភពលោកពុំសូវផ្តោតខ្លាំង។

មិនមែនថាកូរ៉េខាងជើងគ្មានលីគបាល់ទាត់បុរស និងនារី សម្រាប់ប្រកួតប្រជែងនោះទេ ពួកគឺមិនខុសពីប្រទេសដទៃឡើយ។ ប៉ុន្តែវាគ្រាន់តែការប្រកួតប្រជែងនៅកម្រិតលីគនោះ ត្រូវបានថ្នាក់ដឹកនាំកូរ៉េខាងជើងមិនសូវផ្តោតយកចិត្តទុកដាក់ ជាជាងក្រុមយុវជនកម្រិតជម្រើសជាតិ។

កុមារមាននិស្ស័យនឹងកីឡា ត្រូវបានជ្រើសរើសដើម្បីបណ្តុះបណ្តាល

បើតាមអ្នកវិភាគសញ្ជាតិកូរ៉េខាងត្បូង លោក Hong Min ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កូរ៉េខាងជើងស្វែងរកអត្តពលិក ចាប់តាំងពីវ័យកុមារមកតែម្តង ដោយសម្លឹងមើលកុមារណាដែលមាននិស្ស័យខ្ពស់ជាមួយកីឡា។ 

កូរ៉េខាងជើងមិនខ្លាចរអាឡើយ ក្នុងការវិនិយោគដើម្បីបណ្តុះបណ្តាលកុមារទាំងនោះឱ្យក្លាយជាអត្តពលិកកំពូលតំណាងប្រទេសទៅប្រកួតកម្រិតអន្តរជាតិ។ តាមរយៈការវិនិយោគប្រាក់ដើម្បីបណ្តុះបណ្តាលពួកគេនោះហើយ អមដោយមនោគមវិជ្ជាពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ អត្តពលិកទាំងនោះនឹងមានអារម្មណ៍ថាពួកគេត្រូវតែសងត្រឡប់ទៅវិញ នូវអ្វីដែលប្រទេសជាតិពួកគេផ្តល់ឱ្យ តាមរយៈការបង្ហាញកម្រិតប្រកួតប្រជែងក្នុងពេលប្រកួត។

នៅតំបន់អឺរ៉ុប សម្រាប់ការប្រកួតបាល់ទាត់កម្រិតយុវជន ពួកគេ គិតថាគ្រាន់តែជាការប្រកួតបង្ហាញឱ្យឃើញថាកីឡាករវ័យក្មេង លេងបាល់ទាត់ដើម្បីជាការសប្បាយ និងធ្វើទៅតាមចំណូលចិត្តប៉ុណ្ណោះ។ ផ្ទុយពីកូរ៉េខាងជើង កីឡាករវ័យក្មេងត្រូវបានពង្រឹងសមត្ថភាព វិន័យកាន់តែខ្ពស់ និងត្រូវមានប្រព័ន្ធមួយច្បាស់លាស់ និងត្រូវមានទម្រង់លេងល្អបំផុតពេលហ្វឹកហាត់ ទើបនៅពេលមានវ័យធំល្មម ពួកគេនឹងមានសមត្ថភាពខ្លាំងពូកែ។

កូរ៉េខាងជើងទំនងចង់ក្រសោបពានរង្វាន់ពិភពលោកតាមកម្រិតបាល់ទាត់នារី

ក្រុមនារីកូរ៉េខាងជើង មានកម្រិតប្រកួតប្រជែងខ្ពស់ខុសពីក្រុមបុរស។ ក្រុមនារី ឈរក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA Ranking បច្ចុប្បន្នលេខរៀងទី១០ ខុសពីក្រុមបុរសនៅលេខរៀងទី ១២០ ឯណោះ។​ ​ក្រុមបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើង ត្រូវបានមើលឃើញថាកំពុងតែសម្លឹងឱកាសប្រជែងឱ្យបានពានរង្វាន់នារី កម្រិតទ្វីបអាស៊ី នៅព្រឹត្តិការណ៍ Women’s Asian Cup ឆ្នាំ ២០២៦ ដែលគ្រោងធ្វើឡើងនៅប្រទេសអូស្ត្រាលីទៀតផង។ ក្រុមនារីកូរ៉េខាងជើងទៀតសោត ក៏ជាក្រុមមួយបាន​កក់កៅអីរួចរាល់ទៅកាន់ការប្រកួតនោះ ហើយពួកគេក៏ស្ថិតក្នុងនាមជាក្រុមមួយគួរឱ្យចាប់អារម្មណ៍ក្នុងការឈ្នះជើងឯកផងដែរ។

បើក្រឡែកមើលការប្រកួតកម្រិតតំបន់ ក្រុមនារីកូរ៉េខាងជើង ធ្លាប់ក្រសោបបានជើងឯកទ្វីបអាស៊ី ដល់ ៣លើក ឯណោះ ក្នុងឆ្នាំ ២០០១, ២០០៣ និង ២០០៨។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១០ បាល់ទាត់កូរ៉េខាងជើងហាក់បីជួបបញ្ហាខ្លាំង ដែលរឿងនេះគឺជះឥទ្ធិពលចេញមកពីកត្តានយោបាយ។ វាបាន​បង្កឱ្យក្រុមដ៏ខ្លាំងមួយនេះ តែងខកខានចូលរួមការប្រកួត ឬការហាមឃាត់ និងការដកខ្លួនចេញផ្សេងៗ។ 

យ៉ាងណាមិញ ពេលនេះកូរ៉េខាងជើងមានវត្តមានជាថ្មី ក្នុងការប្រកួតកម្រិតអន្តរជាតិធំៗ ហើយពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៦ នេះហើយ ជាទិសដៅថ្មីរបស់ពួកគេសម្រាប់ការវិលត្រឡប់ចូលប្រកួតវិញនេះលើកនេះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top