Cristiano Ronaldo នៅតែបង្ហាញគុណភាពនៃការរកគ្រាប់បាល់របស់គេ ជាពិសេសធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល តាមរយៈការលោតទាត់បាល់បកក្រោយ (Bicycle Kick) បញ្ចូលទី ទោះបីជាមានវ័យ ៤០ឆ្នាំ ក៏ដោយ។ គ្រាប់បាល់ដ៏អស្ចារ្យរបស់ Ronaldo សម្រេចបានសម្រេចបានក្នុងជ័យជម្នះរបស់ Al Nassr លើ Al Khaleej ក្នុងលទ្ធផល ៤-១ ក្នុងជំនួបក្របខណ្ឌ Saudi Pro League។
តារាបាល់ទាត់វ័យ ៤០ឆ្នាំ បានស៊ុតបាល់ Bicycle Kick បញ្ចូលទី ក្រោយពេលដែលមិត្តរួមក្រុមរបស់គេ កីឡាករ Nawaf Bu Washi បានទាត់បាល់បញ្ជូនចេញពីស្លាបខាងស្តាំយ៉ាងល្អ សំដៅចូលមកតំបន់គ្រោះថ្នាក់របស់ក្រុម Al Khaleej។ អ្នកចាំទីក្រុម Al Khaleej ព្យាយាមរារាំងគ្រាប់បាល់នោះ ដោយការទះដោលចេញដែរ ប៉ុន្តែមិនអាចសង្គ្រោះបាន។ រូបភាពលោតទាត់បាល់បកក្រោយដ៏អស្ចារ្យរបស់កីឡាករវ័យ ៤០ឆ្នាំ ធ្វើបាននៅនាទី៩០+៥ ក្នុងជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២៣ ខែវិច្ឆិកា។
កីឡាករ Joao Felix ស៊ុតបាល់បញ្ចូលទីនៅ៣៩នាទីដំបូង នៃវគ្គទី១ មុនកីឡាករ Wesley ស៊ុតគ្រាប់ទី២ នៅនាទី៤២។ ចំណែក Sadio Mane បន្ថែមគ្រាប់ទី៣ នៅនាទី៧៧ ជួយឱ្យក្រុម Al Nassr នាំមុខ Al Khaleej មុនពេល Ronaldo ធ្វើរឿងដ៏អស្ចារ្យកើតឡើងហៀបបញ្ចប់ការប្រកួត។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ ក៏រកបានគ្រាប់បាល់ទី១០ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងរដូវកាលនេះដូចគ្នាដែរ។ នោះក៏ជាគ្រាប់បាល់ទី ៩៥៤ សម្រាប់កីឡាករប្រធានក្រុមព័រទុយហ្កាល់ ស្របពេលគេក៏កំពុងតែប្រដេញតាមយកឱ្យបានកំណត់ត្រាជាកីឡាករតែម្នាក់ រកបាន ១ ០០០គ្រាប់ក្នុងអាជីព។ ចំណែក Felix មិត្តរួមក្រុមទាំងនៅក្លិប និងជម្រើសជាតិព័រទុយហ្កាល់ ជាមួយ Ronaldo បច្ចុប្បន្នគេជាកីឡាកររកបានគ្រាប់បាល់ច្រើនប្រចាំក្រុមរហូតដល់ ១១គ្រាប់។
សម្រាប់ក្រុម Al Nassr វិញ ក៏បន្តរក្សាកំណត់ត្រាប្រកួតប្រជែងល្អខ្លាំងប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយឆ្លងកាត់ ៩ប្រកួត មិនទាន់ចាញ់សូម្បីតែមួយប្រកួតណាឡើយ។ Al Nassr ឈរកំពូលតារាង Saudi Pro League នាំមុខ Al Hilal នៅលេខ ២ ចំនួន ៤ពិន្ទុ។
អតីតខ្សែប្រយុទ្ធ Real Madrid, Manchester United ក៏ទើបរកបានគ្រាប់បាល់ជាថ្មីឡើងវិញ បន្ទាប់ពី គេបានបញ្ចប់ភារកិច្ចជួយក្រុមព័រទុយហ្កាល់ ប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ទ្វីបអឺរ៉ុប (UEFA) ហើយជាពេល គេទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត៕
ប្រភព៖ THMEYTHMEY



