ក្លិប​ធំ Johor មុនជួបព្រះខ័នរាជស្វាយរៀង បានបង្ហាញសាច់ដុំក្នុងលីគ លេង ១០ ប្រកួត ស៊ុត ៥៥ គ្រាប់

ក្រុមលំដាប់កំពូលរបស់ប្រទេស ម៉ាឡេស៊ី Johor Darul Ta’zim កំពុងបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនទាំងការប្រកួតក្នុងលីគកំពូល ម៉ាឡេស៊ី (Malaysia Super League) និងការប្រកួតពានអន្តរជាតិផ្សេងៗ មុនហោះមកជួបក្រុម ព្រះខ័នរាជស្វាយរៀង នៅទឹកដី កម្ពុជា ​ថ្ងៃ​ទី​​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្នុងពានរង្វាន់ ASEAN Club Championship។

ក្រុម Johor Darul Ta’zim ត្រូវបានគេទទួលស្គាល់ជាក្រុមខ្លាំងមួយប្រចាំប្រទេស ម៉ាឡេស៊ី និងតំបន់ អាស៊ី ទាំងមូល។ ការប្រកួតក្នុងលីគកំពូល ម៉ាឡេស៊ី នៅរដូវកាលនេះ ក្រុម Johor មិនទាន់ស្គាល់រស់ជាតិបរាជ័យនៅឡើយទេ ពោលសូម្បីមួយប្រកួត ដោយឆ្លងកាត់ ១០ ប្រកួត ពួកគេឈ្នះទាំង ១០ លើក។ ជាមួយគ្នានេះ ពួកគេបានស៊ុតបញ្ចូលទីដៃគូដល់ទៅ ៥៥ គ្រាប់ និងរបូតវិញត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ។

ការប្រកួតជាមួយក្រុមក្នុងលីគភាគច្រើន ពួកគេស៊ុតបញ្ចូលទីគូប្រកួតមិនក្រោម ៥ គ្រាប់នោះទេ។ សូម្បីក្រុម Terengganu ដែលធ្លាប់ប្រកួតស្មើ ២-២ ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាល គឺត្រូវបានពួកគេលត់រហូតដល់ទៅ ៥-០ ឯណោះ។ ក្នុងចំណោមការប្រកួតទាំងអស់ ដែលក្រុមម្ចាស់ជើងឯកលីគកំពូល ម៉ាឡេស៊ី ១១ សម័យឈ្នះធំធេងបំផុតនៅរដូវកាលនេះ គឺពួកគេបានយកឈ្នះលើក្រុម Brunei DPMM ក្នុងលទ្ធផល ១០-០។

ងាកមកមើលការប្រកួតក្នុងពានរង្វាន់ AFC Champions League វិញ គឺ Johor កំពុងស្ថិតនៅទីកន្លែងសុវត្ថិភាព ក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបន្តទៀត ដោយបច្ចុប្បន្នឈរលេខរៀងទី ៧ ក្រោយឆ្លងកាត់ ៥ ប្រកួត ឈ្នះ ២ ស្មើ ១ និងចាញ់ ២ មាន ៧ ពិន្ទុ។

ដោយឡែកក្នុងពាន ASEAN Club Championship ពួកគេក៏កំពុងធ្វើបានល្អដូចគ្នាផងដែរ ដោយបច្ចុប្បន្នកំពុងឈរកំពូលតារាងពូល B បន្ទាប់ពីឆ្លងកាត់ ២ ប្រកួតកន្លងមក ឈ្នះទាំង ២ ប្រកួតមាន ៦ ពិន្ទុពេញ។ ចំណែកក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ឈរនៅលេខរៀងទី ២ ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ។

សរុបមក ការប្រកួតរបស់ក្រុមរហស្សនាមខ្លាដំបងភាគខាងត្បូងក្នុងពានលីគ, AFC Champions League និង ASEAN Club Championship គឺពួកគេ​ទើប​ចាញ់​ ២ ប្រកួតគត់ ក្នុងចំណោមការលេង ១៧ ប្រកួត។

គួរឱ្យដឹងថា ការមកលេងនៅទឹកដី កម្ពុជា ដោយជួបក្រុម ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ មរកតេជោ ថ្ងៃទី ​​​​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ខាងមុខ គឺជាលើកទី ២ ហើយ ដែលក្រុម Johor Darul Ta’zim មកលេងនៅ កម្ពុជា ខណៈកាលពីលើកទី ១ ពួកគេបានជួបក្រុម បឹងកេត នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ ២០១៧ ក្នុងពាន AFC Cup ដោយទទួលជ័យជម្នះក្នុងលទ្ធផល ៣-០៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top