ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជាទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championships 2025 លើវិញ្ញាសា Mobile Legends Bang Bang នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ ដល់ ទី៧ ខែធ្នូ ឆ្នាំ ២០២៥។
ក្រុមបុរស កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតជម្រុះនៅតំបន់អាស៊ាន ដោយបានយកក្រុមឥណ្ឌូណេស៊ី ឡាវ វៀតណាម ហ្គាំ និង ហ្វីលីពីន ដើម្បីឡើងមកកាន់ជុំចុងក្រោយ។
នៅជុំចុងក្រោយមាន ១៦ ក្រុមដែលសុទ្ធតែក្រុមខ្លាំងជ្រើសរើសមកពីគ្រប់តំបន់។ ក្រុមទាំង ១៦ ត្រូវបានបែងចែកជា ៤ ពូល ហើយក្នុង ១ ពូលមាន ៤ក្រុម។ ក្រុមបុរសកម្ពុជា ស្ថិតនៅពូល B ជាមួយ នេប៉ាល់ បេឡារុស្ស និង ដូមីនិក។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ ឆ្នាំ ២០២៥ ហើយក្រុមលេខ ១ និងលេខ២ នៃពូលទាំង ៤ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដើម្បីប្រកួតវគ្គខ្វែងស្វែងរកក្រុមឈ្នះឡើងវគ្គបន្ត ខណៈក្រុមចាញ់ធ្លាក់។
ចំពោះក្រុមនារីកម្ពុជា បានឡើងទៅជុំចុងក្រោយ ក្នុងនាមជាក្រុមលេខ ២ កាលវគ្គជម្រុះប្រចាំតំបន់អាស៊ាន។ ក្រុមនារីកម្ពុជា បានឈ្នះក្រុមនារីឡាវ ព្រុយណេ ទីម័រខាងកើត នៅវគ្គសន្សំពិន្ទុ និងឈ្នះ ហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានកៅអីឡើងទៅជុំចុងក្រោយ។
នៅជុំចុងក្រោយមានក្រុមជម្រើសជាតិនារីចំនួន ១២ ចូលរួមប្រកួតដែលត្រូវបានបែងចែកជា ៤ ពូល ហើយក្នុង ១ ពូលមាន ៣ ក្រុម។ សម្រាប់ក្រុមនារីកម្ពុជា ស្ថិតនៅពូល C ជាមួយ ម៉ុងហ្គោលី និង កូឡុំប៉ី។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលសម្រាប់ក្រុមនារី នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ ២០២៥ ហើយក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ៤ ត្រូវឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។
ប្រភព៖ KAMPUCHEATHMEY



