កីឡាករកម្ពុជា ៤រូប ចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក នៅឌូប៉ៃ

(ភ្នំពេញ)៖ កីឡាករប្រដាល់សកលកជម្រើសជាតិកម្ពុជា ៤រូប រួមមានកីឡាករ សៅ រង្សី, វី សុភ័ស, ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ អាប់ឌុលឡោះ ដឹកនាំដោយគ្រូបង្វឹកលោក ជ័យ ណារ៉ា បានធ្វើដំណើរទៅទីក្រុងឌូប៉ៃ ប្រទេសរ៉ាប់រួម ដើម្បីចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនកីឡាករចូលរួមប្រកួតជើងឯកពិភពលោក ។ លោកចាត់ទុកនេះគឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ក្នុងការប្រកួតតទល់ជាមួយកីឡាករខ្លាំងៗមកពីជុំវិញពិភពលោក ដើម្បីវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ល្អៗ ក្នុងការសម្រួចសមត្ថភាពខ្លួនកាន់តែខ្លាំងនាពេលខាងមុខ។

ជុំវិញបេសកកម្មប្រកួតកម្រិតពិភពលោកលើកដំបូងនេះដែរ លោកថា លទ្ធផលឈ្នះចាញ់ គឺជារឿងមួយ តែអ្វីសំខាន់ គឺកីឡាករទាំងអស់ ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងស្វែងរកឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ ចំពោះការប្រកួតនេះដែរ ឆ្នាំនេះ គឺជាឆ្នាំពិសេស ដែលសហព័ន្ធកីឡាប្រដាល់សកលអន្ដរជាតិ ក៏បានរៀបចំប្រាក់រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីផងដែរ។

ក្នុងចំណោមកីឡាករកម្ពុជា ៤រូបខាងលើ សម្រាប់កីឡាករ សៅ រង្សី នឹងត្រូវប្រកួតទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ វី សុភ័ស ត្រូវប្រកួតទម្ងន់ ៦៥គីឡូក្រាម ហើយអ្នកទាំងពីរ បានធ្វើដំណើរពីកម្ពុជា គ្រាដែលកីឡាករ ណាស្រេឌីនូវ អាន់វ៉ា ត្រូវប្រកួតទម្ងន់ ៨០គីឡូក្រាម និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ត្រូវប្រកួតទម្ងន់ ៩២គីឡូក្រាម គឺបានធ្វើដំណើរពីអូបេគីស្ថាន ទីកន្លែងពួកគេកំពុងហ្វឹកហាត់ ទៅប្រកួតនៅឌូប៉ៃតែម្ដង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top