(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានធ្វើឲ្យគូប្រជែងញញើត ក្នុងការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក(IESF World Esports Championship) ឆ្នាំ២០២៥ បន្ទាប់ពីការខំប្រឹង និងធ្វើបានយ៉ាងល្អ ទាំងបុរស និងនារី រហូតដណ្ដើមបានមេដាយប្រាក់រៀងៗខ្លួន អមជាមួយប្រាក់រង្វាន់សរុប ៣ម៉ឺនដុល្លារ។
នេះបើតាមការលើកឡើងរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រោយដឹកនាំក្រុម E-Sports កម្ពុជា ត្រឡប់ពីមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបញ្ចប់ការប្រកួតជុំចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។
លោកថា កន្លងមកបណ្ដាផ្សេងៗ តែងខ្លាចរអាក្រុមនារីកម្ពុជា ដែលជាអតីតជើងឯករងឆ្នាំចាស់ ហើយជាក់ស្ដែងក្រុមកីឡាការិនីកម្ពុជា ពិតជាធ្វើបានយ៉ាងល្អ រហូតរក្សាបានតំណែងជើងឯករងដដែល ទោះបីរងបរាជ័យក្រោមថ្វីដៃក្រុមខ្លាំងឥណ្ឌូនេស៊ី តែកម្រិតគុណផលនៃការប្រកួតមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបកាលពីឆ្នាំ២០២៤។
ក្រឡេកទៅក្រុមបុរសវិញ ក៏មិនធម្មតា ទោះបីកន្លងមកពួកគេធ្វើបានល្អ តែក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ក្រុមកីឡាករកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្រោយទម្លាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ដែលធ្វើឲ្យបណ្ដាប្រទេសចូលរួមមានការខ្លាចរអារផងដែរ។
តាមរយៈសមិទ្ធផលទាំងអស់នេះ ក្នុងនាមសហព័ន្ធ លោក លន់ សាមឌី បានសម្ដែងនូវសេចក្ដីរីករាយ និងមោទនភាព ចំពោះការខំប្រឹងរបស់ក្រុម CFU ដែលតំណាងឲ្យក្រុម Angkor Warrior របស់កម្ពុជា ក្នុងនាមក្រុមប្រើប្រាស់ធនធានកីឡាករ-កីឡាការិនីក្នុងស្រុកសុទ្ធ ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ រហូតពួតដៃគ្នាបង្កើតប្រវត្តិសាស្ដ្រថ្មីជូនជាតិ។
លោកបានចាត់ទុកនេះ គឺជាគំរូមួយ សម្រាប់បណ្ដាក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងការងាកមកចាប់អារម្មណ៍លើធនធានកីឡាករ-កីឡាការិនីក្នុងស្រុក ដើម្បីពង្រឹងក្រុមរបស់ខ្លួនឲ្យបានខ្លាំង ក៏ដូចជាការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ដ្បិតលោកយល់ថា ប្រសិនក្រុមនីមួយៗ មានធនធានកីឡាករក្នុងស្រុកខ្លាំង ឱកាសដណ្ដើមមេដាយលើឆាកអន្ដរជាតិ នឹងមានកាន់តែច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះក្នុងតំបន់ និងឡើងទៅប្រកួតជុំចុងក្រោយ នៅប្រទេសម៉ាឡេស៊ី សម្រាប់ផ្នែកបុរស ដែលមានបេក្ខភាពខ្លាំងៗ ១៦ក្រុមមកពីគ្រប់ទ្វីបចូលរួម បានបែងចែកជា ៤ពូល ហើយកម្ពុជា ស្ថិតក្នុងពូលB គឺបានយកឈ្នះគូប្រជែង ៣ប្រកួតជាប់ៗគ្នា លើក្រុមនេប៉ាល់ បេឡារុស្ស និងដូមីនិក ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ និងឈ្នះក្រុមកាហ្សាស្ថាន ២-០។ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបុរសកម្ពុជា នៅតែបន្ដធ្វើបានល្អ ដោយយកឈ្នះក្រុមតួកគី ២-០ មុនរងបរាជ័យ ក្រោមថ្វីដៃក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៣-០ ទទួលបានត្រឹមមេដាយប្រាក់ អមប្រាក់រង្វាន់ ១៩,៥០០ដុល្លារ។
ចំណែកផ្នែកនារីវិញ ជុំចុងក្រោយមាន ១២ក្រុមចូលរួម និងបែងចែកជា ៤ពូល ក្នុងនោះក្រុមនារីកម្ពុជា ស្ថិតក្នុងពូលC និងឈរលេខ១ ក្នុងពូល ក្រោយយកឈ្នះក្រុមម៉ុងហ្គោលី និងកូឡុំប៊ី ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ តែបានចាញ់ក្រុមខ្លាំងឥណ្ឌូនេស៊ី ២-០។ ប៉ុន្ដែកម្ពុជានៅមានឱកាស តាមរយៈការប្រកួតវគ្គ Lower Bracket ក្រោយយកឈ្នះតួកគី ២-១ មុនបន្ដទម្លាក់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ២-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះអេហ្ស៊ីប ២-០ នៅវគ្គ ៣ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមឥណ្ឌូនេស៊ីជាថ្មី តែបានត្រឹមមេដាយប្រាក់ ក្រោយរងបរាជ័យក្នុងលទ្ធផល ៣-០។ ការក្សាតំណែងមេដាយប្រាក់នេះដែរ ក្រុមនារីកម្ពុជា បានទទួលប្រាក់រង្វាន់ ១០,៥០០ដុល្លារ។ សរុបទាំងបុរស-នារី ក្នុងនាមម្ចាស់មេដាយប្រាក់ ក្រុម E-Sports កម្ពុជា ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារពីការប្រកួតជើងឯកពិភពលោកខាងលើ៕
ប្រភព៖ FRESHNEWS



