អ្នកជំនាញកីឡាកម្ពុជា សោកស្ដាយទង្វើឈ្លានពានថៃ បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស៊ីហ្គេម និងគុណតម្លៃអូឡាំពិក

(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការសោកស្ដាយ ចំពោះទង្វើឈ្លានពាន និងការស្រេកឃ្លានសង្គ្រាមរបស់ប្រទេសថៃ ដែលបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃស៊ីហ្គេម ព្រមទាំងគុណតម្លៃអូឡាំពិក ដែលកំណត់តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន។

ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារ NOCC បានរៀបចំនូវកម្មវិធីអប់រំគុណតម្លៃអូឡាំពិក(OVEP) ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមសាមគ្គី កាលពីថ្ងៃពុធកន្លងទៅ ដោយមានសិស្សានុសិស្សជាង ១០០នាក់ចូលរួម ដើម្បីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃ និងប្រវត្តិអូឡាំពិក តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន ក្នុងនោះលោក ប៊ុយ សុភ័ណ្ឌ ក៏បានរំលេចនូវបទឈប់បាញ់អូឡាំពិក ដើម្បីឲ្យបណ្ដាប្រទេសនានាចូលរួមលេងកីឡា ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងកសាងនូវសន្ដិភាពលើពិភពលោកផងដែរ។

ភ្ជាប់ជាមួយវេទិកាប្រចាំឆ្នាំនេះ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា «យើងបានរំលេចអំពីគុណតម្លៃអូឡាំពិក ក៏ដូចជាប្រវត្តិអូឡាំពិក តាំងពីសម័យក្រិច មកដល់បច្ចុប្បន្ន ដែលគោលបំណងសំខាន់ ក៏ដូចជាចក្ខុវិស័យរបស់អូឡាំពិក គឺការកសាងពិភពលោកឲ្យស្រស់បំព្រង និងប្រកបដោយសន្ដិភាព តាមរយៈកីឡា។ ក្នុងចលនាអូឡាំពិក តាំងពីសម័យបុរាណ នៅចក្រភពក្រិច ពេលរៀបចំអូឡាំពិក សម័យបុរាណ គឺតម្រូវឲ្យរដ្ឋទាំងអស់ ដែលកំពុងបង្ក និងមានសង្គ្រាម តម្រូវឲ្យរៀបចំបទឈប់បាញ់ រយៈពេល ១ខែ ដើម្បីឲ្យអត្តពលិកទាំងអស់ ចូលរួមប្រកួតដោយសុវត្ថិភាព និងសន្ដិភាព»

ចំពោះគុណតម្លៃនៃបទឈប់បាញ់ ក៏ដូចជាគុណតម្លៃអូឡាំពិក ត្រូវបានអនុវត្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេម តែងទទួល និងអនុវត្តនូវគុណតម្លៃនេះ ជាក់ស្ដែងកាលពីឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ បាវចនាសំខាន់របស់ស៊ីហ្គេម នៅកម្ពុជាគឺ “កីឡារស់ក្នុងសន្ដិភាព” គឺយើងតែងតែឲ្យតម្លៃដល់សន្ដិភាព ដោយផ្សារភ្ជាប់កីឡា ជាមួយសន្ដិភាព»។

យ៉ាងណាក្រឡេកមកស្ថានការណ៍បច្ចុប្បន្ន ដែលថៃ កំពុងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣៣ គឺមិនបានឆ្លុះបញ្ចាំងពីគុណតម្លៃអូឡាំពិកឡើយ ដ្បិតជាធម្មតា ការរៀបចំព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើការបង្រួបបង្រួមជាតិសាសន៍ក្នុងតំបន់អាស៊ាន ឲ្យចូលរួមលេងកីឡា និងអបអរសាទរព្រឹត្តិការណ៍ប្រចាំតំបន់នេះ ។ ប៉ុន្ដែជាក់ស្ដែងកំឡុងពេលថៃ ធ្វើម្ចាស់ផ្ទះ បែរជាមានការឈ្លានពានមកកាន់ប្រទេសកម្ពុជា ដែលជារឿងគួរឲ្យសោកស្ដាយ ចំពោះការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលមិនឆ្លុះបញ្ចាំងនូវគុណតម្លៃអូឡាំពិក។

លោកថា «ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ យើងមានការសោកស្ដាយ ដែលប្រទេសជិតខាង កំពុងរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលទើបរៀបចំពិធីបើកការប្រកួតថ្ងៃទី៩ ខែធ្នូ ប៉ុន្ដែមិនបានឆ្លុះបញ្ចាំងពីគុណតម្លៃចលនាអូឡាំពិក តាំងពីសម័យបុរាណ មកដល់បច្ចុប្បន្ន។ យើងអាចនិយាយបានថា ជាការប៉ះពាល់ ក៏ដូចជាធ្វើឲ្យភាពអន់ថយនៃសាមគ្គីភាព ក៏ដូចជាគុណតម្លៃនៃកីឡាស៊ីហ្គេមផងដែរ»

បន្ថែមលើនេះ លោកក៏បានរំលេចពីគុណតម្លៃស៊ីហ្គេម កាលពីកម្ពុជាធ្វើម្ចាស់ផ្ទះ ដែលបានប្រកាន់ភ្ជាប់នូវស្មារតីកីឡា និងគុណតម្លៃអូឡាំពិក ដោយកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីការរៀបចំកីឡា ផ្សារភ្ជាប់ជាមួយសន្ដិភាព ។ ជាក់ស្ដែងក្រៅពីការប្រកួត និងពិធីបើក-បិទដ៏អស្ចារ្យ ក៏មានកម្មវិធីសុំអគ្គិជ័យកីឡា ហើយបានបង្ហែរជុំវិញបណ្ដាប្រទេសក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីសន្ដិភាព និងមិត្តភាព រវាងប្រទេសសមាជិកអាស៊ាន ផ្ទុយពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ ដែលថៃធ្វើម្ចាស់ផ្ទះ កំពុងទាញតម្លៃកីឡាប្រចាំតំបន់ដ៏ធំនេះឲ្យធ្លាក់ចុះ។

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា «យើងសង្ឃឹមថា បណ្ដាប្រទេសដែលរៀបចំកីឡាស៊ីហ្គេម ជាក់ស្ដែងបច្ចុប្បន្ន(នៅថៃ) ក៏ដូចជាបន្ដបន្ទាប់ នឹងរំលេចឲ្យបានច្បាស់បន្ថែម អំពីអ្វីដែលជាគុណតម្លៃអូឡាំពិក ព្រោះថាគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងតែបង្ហាញអំពីកីឡា នាំមកនូវសន្ដិភាព ជាក់ស្ដែងយើងបានឃើញថា ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ មានប្រទេសមួយចំនួន ដែល IOC បានហាមឃាត់មិនឲ្យចូលរួម ដោយសារមានការឈ្លានពានទៅប្រទេសដទៃ ដែលទង្វើ IOC មិនអាចទទួលយកបាន ហើយក៏ជាចំណុចសំខាន់ នៃចលនាអូឡាំពិក ទាំងតំបន់ និងលើពិភពលោកផងដែរ»

សូមបញ្ជាក់ថា សម្រាប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ NOCC បានរៀបចំចំនួន ២សាលារួចហើយ ក្នុងចំណោម ៥សាលានៅរាជធានីភ្នំពេញ ហើយក្រៅពីការអប់រំ និងផ្សព្វផ្សាយអំពីគុណតម្លៃពូឡាំពិក ក៏ដូចជាប្រវត្តិកកើតចលនាអូឡាំពិក ក្រុមការងាររៀបចំ OVEP ក៏បានធ្វើការជំរុញនូវចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» និងផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top