វីរកងទ័ពការពារព្រំដែន ពលទោ ប៊ុង តុងធៀន ដែលបានពលីក្នុងសមរភូមិ និងកំពុងធ្វើពិធីបុណ្យសពនៅឯខេត្តបាត់ដំបងនៅពេលនេះជាអតីតកីឡាករការ៉ាតេ រួមទាំងធ្លាប់ឈ្នះមេដាយរហូត ១០គ្រឿងជូនក្លឹប និងខេត្តទៀតផងតាំងពីឆ្នាំ២០១៧ មកម្ល៉េះ។
វីរកងទ័ព ប៊ុង តុងធៀន បានចូលហ្វឹកហាត់កីឡាការ៉តេក្នុងអំឡុងឆ្នាំ២០១៥ មកម្ល៉េះដោយកាលនោះហ្វឹកហាត់ជាមួយលោក នាង ឌឿន ក្នុងក្លឹបមណ្ឌលកីឡាគុនការ៉ាតេដូ ខេត្តបាត់ដំបង និងមានកម្រិតខ្សែក្រវាត់ខ្មៅ ១ដាន់។
យុវជនឆ្នើម និងជាវីរកងទ័ពដ៏ក្លាហានរូបនេះធ្លាប់បានដណ្ដើមមេដាយរហូតដល់ទៅ ១០គ្រឿងឯណោះចាប់ពីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិពីឆ្នាំ២០១៧ រហូតដល់ ឆ្នាំ២០២៤ កន្លងទៅនេះ។ មេដាយទាំង ១០គ្រឿងនោះរួមមានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ៤។ ចំណែកមេដាយប្រាក់ ១គ្រឿងទៀតនោះគឺរូបគេធ្លាប់ឈ្នះក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា។
បញ្ជាក់ដែរថា វីរកងទ័ពការពារព្រំដែន ពលទោ ប៊ុង តុងធៀន បានពលីនៅសមភូមិទៅហើយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសសៀម ជាលើកទី២ កាលពីអំឡុងថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ។ សាកសពពលទោ ប៊ុង តុងធៀន ទើបនិងរកឃើញ និងបញ្ជូនមកគេហដ្ឋានរបស់ខ្លួន និងកំពុងធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីខ្មែរនៅឯភូមិរំចេក ៥ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើមហាជនចង់ចូលរួមពិធីបុណ្យនេះ ឬចូលជាបច្ច័យអាចទំនាក់ទំនងទៅកាន់បងប្អូនរបស់ តុងធៀន ដែលមានហ្វេសបុកឈ្មោះ Skylaa Lee៕
ប្រភព៖ KAMPUCHEATHMEY



