កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ក្នុងនោះរួមទាំងផ្នែកកីឡាផងដែរបានចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព» និងជាការបង្ហាញទៅដល់ពិភពលោកថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ។
ថ្លែងក្នុងកម្មវិធីដើរដើម្បីសន្តិភាព កីឡាករ លន បញ្ញា បានឲ្យដឹងថា ការមកចូលរួមនេះគឺរូបគេរួមទាំងប្រជាពលរដ្ឋខ្មែរទាំងចង់បង្ហាញដល់អន្តរជាតិថាកម្ពុជាមិនត្រូវការសង្គ្រាមនោះឡើយ។ សូមអន្តរជាតិជួយបញ្ឈប់សង្គ្រាមឈ្លានពានពីសំណាក់សៀមមកលើកម្ពុជានៅពេលនេះផង។
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបន្តទៀតថា កម្មវិធីដើរដើម្បីសន្តិភាព នេះគឺបានបង្ហាញពីការរួបរួមគ្នារបស់ខ្មែរគ្រប់ផ្នែកទាំងអស់មិនថាសិល្បៈ មន្ត្រីរាជការ កីឡា ឬប្រជាពលរដ្ឋទូទៅបានសាមគ្គីគ្នា និងគាំទ្រដល់វីរកងទ័ពជួរមុខដែលកំពុងច្បាំងជាមួយសត្រូវ។
កូនសិស្សលោក ធន់ សុភា ខាងលើសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីគ្នាផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពខ្មែរ និងបន្តជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបានមិនថាជាស្បៀងអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗនោះឡើយដើម្បីជួយសម្រួលដល់ការលំបាករបស់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពផងដែរ។
ចំណែកកីឡាករ សុខ ចាន់មាន ដែលមកពីកីឡាប៊ូល និងប៉េតង់ វិញក៏បានឲ្យដឹងនាឱកាសនោះដែរថា ការមកចូលរួមនេះគឺមានសារសំខាន់ជាខ្លាំងដល់ការបង្ហាញទៅអន្តរជាតិថាកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ កម្ពុជាមិនត្រូវការមានសង្គ្រាមជាមួយបណ្ដាប្រទេសណាមួយឡើយ និងសូមឲ្យពិភពលោកជួយដោះស្រាយការឈ្លានពានមកលើកម្ពុជានេះផង។ ម្ចាស់មេដាយអន្តរជាតិជាច្រើនគ្រឿងខាងលើអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមិនត្រូវគាំទ្រផលិតរបស់ប្រទេសសៀមដែលជាប្រទេសឈ្លានពានមកលើកម្ពុជានោះទេ ព្រោះបើបន្តប្រើប្រាស់ដូចជាការឧបត្ថម្ភឲ្យមកធ្វើបាបខ្មែរអីចឹងដែរ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាព» កាលម្សិលមិញនេះគឺដំណើរការចាប់ពីម៉ោង ៤រសៀលដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលបានធ្វើដំណើរចាប់ពីផ្សាររាត្រីឆ្ពោះមកកាន់វិមានឯករាជ្យ។ កម្មវិធីនេះផងដែរគឺផ្ដួចផ្ដើមឡើងដោយឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕
ប្រភព៖ KAMPUCHEATHMEY



