គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀងថា ៖«បើ Bangkok United មិន​មក​ប្រកួត​នៅ​កម្ពុជា គឺ​ជា​បញ្ហា​​របស់គេ»

ក្លិប​បាល់ទាត់​របស់​ថៃ Bangkok United ត្រូវ​ធ្វើ​ដំណើរ​មក​ប្រកួត​ជា​មួយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រាប់​ការ​ប្រកួតវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ជើងឯក​ក្លិប​អាស៊ាន ASEAN Club Championship។

កាល​ពី​ដើម​សប្តាហ៍​នេះ ក្លិប True Bangkok United បានផ្ញើលិខិត​ជូនដំណឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ អាស៊ាន (AFF) អំពីគោលបំណងពួកគេ នឹងមិនហោះ​មកប្រទេស កម្ពុជា ​​ដើម្បី​ប្រកួត​ជា​មួយនឹងក្រុម ព្រះខ័នរាជស្វាយរៀងឡើយ ដោយសារ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​ ពាក់​ព័ន្ធ​នឹង​​សង្គ្រាម​ព្រំ​ដែន។

 

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ លោក Mattew McConkey គ្រូ​បង្វឹក​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ឡើង​ក្នុង​សន្និសីទ​​មុន​ការ​ប្រកួត​ជា​មួយ ​អង្គរថាយហ្គឺរ ថា ៖«សម្រាប់​ការ​ប្រកួត​ជា​មួយ Bangkok United បើ​មើល​តាម​កាល​វិភាគ​ប្រកួតគឺ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​យើង។ ប្រសិន​បើ ពួក​គេ​​មិន​មក​​ប្រកួត​ មិន​មែន​ជា​បញ្ហា​ខាង​យើង​ទេ គឺ​ជា​បញ្ហា​ខាង​គេ»។

ក្រុម Bangkok United នៅ​មាន​ឱកាសស្តួច​ស្តើង​​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឆ្លង​កាត់ ៣ ប្រកួត​ ពួក​គេ​រក​បាន​តែ​ ១ ពិន្ទុ​ប៉ុណ្ណោះ ដោយសារ​ចាញ់ក្រុម​របស់​ម៉ាឡេស៊ី​ Johor Darul Tazim ៤-០, ចាញ់ក្រុម​របស់​វៀតណាម Nam Dinh ០-៣ និង​ស្មើ​ក្រុម​របស់​សិង្ហបុរី Lion City Sailors ២-២។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​មាន​​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​ឈ្នះ ក្រុម​របស់មីយ៉ាន់ម៉ា Shan United ៣-០ ស្មើក្រុម​របស់​ម៉ាឡេស៊ី Johor Darul Tazim ២-២ និង​ចាញ់ក្រុម​របស់​វៀតណាម Nam Dinh ១-២ ដោយ​រក​បាន ៤ ពិន្ទុ កំពុង​ឈរ​លេខ​ ៣ ក្នុង​ពូល B។ ក្រុម​ Nam Dinh កំពុង​ឈរ​លើ​កំពូល​តារាង ដោយ​រក​បាន ៩​ពិន្ទុ​ពេញ​ពី​ការ​ឈ្នះ​ទាំង ៣ ប្រកួត ខណៈ​ក្រុម​ Johor Darul Tazim ឈរ​លេខ​ ២ ដោយ​មាន ៧​ ក្រោយឈ្នះ​២ និង​ស្មើ១។

កម្មវិធី​ប្រកួត​បន្ទាប់ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ ២០២៦

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs Bangkok United នៅ​កម្ពុជា
  • Johor Darul Tazim vs Shan United នៅ​ម៉ាឡេស៊ី
  • Nam Dinh vs Lion City Sailors នៅ​វៀតណាម

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top