ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការនាំចូលខ្សែបម្រើថ្មីសញ្ជាតិ ស្កុតលែនដ៍ Connor Shields ដែលមានបទពិសោធជោគជាំលេងនៅតំបន់ អឺរ៉ុប និងចុងក្រោយលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Chennaiyin FC។
ការនាំចូលខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ វ័យ ២៨ ឆ្នាំនៅពេលនេះ គឺដើម្បីពង្រឹងក្រុម ក្នុងការប្រកួតពានអន្តរជាតិ ASEAN Club Championship Shopee Cup និង AFC Challenge League។ យ៉ាងណា វត្តមានរបស់ Connor Shields នឹងមិនអាចចូលលេងក្នុងលីគកំពូល កម្ពុជា (Cambodian Premier League) បានទេ ព្រោះបច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសគ្រប់ ៦ នាក់ហើយ។
ការមកដល់របស់ Connor Shields ត្រូវបានអ្នកគាំទ្រចាត់ទុក នឹងក្លាយជាកម្លាំងចលករបន្ថែមសម្រាប់ ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតប្រជែងពានអន្តរជាតិ ព្រោះរូបគេជាកីឡាករម្នាក់ ដែលមានបទពិសោធច្រើនលេងនៅតំបន់ អឺរ៉ុប និង អាស៊ី ហើយក៏ជាកីឡាករម្នាក់ ដែលមានជំនាញក្នុងការនាំក្រុមលេងផងដែរ។
Connor Shields លេងតួនាទីជាខ្សែបម្រើ ដោយអាចលេងទាំងបម្រើការពារ បម្រើកណ្តាល និងបម្រើប្រយុទ្ធ។ កីឡាករបានចំណាយពេលភាគច្រើន លេងនៅប្រទេសកំណើត ស្កុតលែនដ៍ និង អង់គ្លេស ហើយក្នុងនោះក៏មានក្លិប Sunderland ដែលជាក្លិបដ៏ធំមួយផងដែរ។
ទោះបីជាយ៉ាងណា អាជីពរបស់ Shields ត្រូវបានទទួលគេស្គាល់ ថា មានភាពល្អប្រសើរ នៅពេលចូលរួមជាមួយក្រុម Motherwell FC នៃលីគកំពូល ស្កុតលែនដ៍ ពីឆ្នាំ ២០២១ ដល់ ២០២៣ និងក្លិបលីគកំពូល ឥណ្ឌា Chennaiyin FC ពីឆ្នាំ ២០២៣ ដល់ខែ កក្កដា ឆ្នាំ ២០២៥។
ការលេងនៅក្លិប Chennaiyin FC ២ រដូវកាលចុងក្រោយ កីឡាករបានជាប់ឈ្មោះជា កីឡាករល្អប្រចាំឆ្នាំរបស់ក្លិបរយៈពេលពីរឆ្នាំជាប់គ្នា ហើយក៏ក្លាយជាកីឡាករដែលបង្កើតឱកាសច្រើនបំផុតក្នុងលីគនារដូវកាលចុងក្រោយ។ ដកស្រង់ស្ថិតិពី Transfer Market កីឡាករ Shields បង្ហាញខ្លួនសរុបចំនួន ៤៩ ប្រកួត ក្នុងនោះស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ និងបញ្ជូន (assists) ១២ លើក។
គួរឱ្យដឹង ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមានកីឡាករបរទេសចំនួន ៧ នាក់ហើយ បន្ទាប់ពីនាំចូល Shields ម្នាក់ទៀត៕
ប្រភព៖ KAMPUCHEATHMEY



