ក្រុម Arsenal ផ្តួលក្រុមឡើងជើង AFC Bournemouth លទ្ធផល ៣-២ ថ្ងៃទី៣ មករា បន្តពង្រីកគម្លាតការនាំមុខនៅកំពូលតារាងក្របខណ្ឌ Premier League រហូតដល់ទៅ ៦ពិន្ទុ។ ចំណែក Aston Villa ហក់ឡើងលេខ ២ ក្រោយឈ្នះ Nottingham Forest ៣-១ ហើយ Wolverhampton Wanderers រកបានជ័យជម្នះលើកដំបូងនៅរដូវកាល ២០២៥-២៦។
ដំបូងក្រុមរហស្សនាមកាំភ្លើងធំ ត្រូវបានក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនតាំងនាទី១០ ប៉ុន្តែកីឡាករខ្សែការពារ Gabriel Magalhaes រកបានគ្រាប់តាមស្មើនៅនាទី១៦ ដែលជាការប្រកួតក្នុងវគ្គទីមួយ។ ចូលវគ្គទីពីរ Arsenal រកបាន ២គ្រាប់បន្ថែម ដោយកីឡាករ Declan Rice ស៊ុត ២គ្រាប់ នាទី៥៤ និង៧១ មុនពេលក្រុមម្ចាស់ផ្ទះតាមរកគ្រាប់បាល់ទី២ របស់ពួកគេមកវិញ នៅនាទី៧៦។ ក្រុមក្រោមការដឹកនាំរបស់លោក Mikel Arteta បានព្យាយាមរក្សាការនាំមុខរហូតបញ្ចប់ការប្រកួតដណ្តើមបាន ៣ពិន្ទុ ចេញពីកីឡដ្ឋាន Vitality។
ជ័យជម្នះបានរុញឱ្យ Arsenal បន្តនាំមុខនៅលើកំពូលតារាង Premier League ព្រមទាំងពង្រីកគម្លាតការនាំមុខរហូតដល់ ៦ពិន្ទុ។ ក្រុមកាំភ្លើងធំពេលនេះរកបាន ៤៨ពិន្ទុ ពីការប្រកួតសរុបចំនួន ២០សប្តាហ៍រួចមក។
ចំណែក Aston Villa ដែលទើបចាញ់ការប្រកួតទល់ Arsenal កាលពីសប្តាហ៍មុន ចុងឆ្នាំ ២០២៥ ក្នុងលទ្ធផល ៤-១ នៅពេលនេះ ពួកគេលោតឡើងឈរលេខ ២ បន្ទាប់ពីផ្តួលក្រុម Nottingham Forest លទ្ធផល ៣-១ នៅថ្ងៃទី៣ មករា។ ផ្តួល Nottingham Forest រួច Aston Villa រកបាន ៤២ពិន្ទុ ពីការប្រកួត ២០លើកដូចគ្នា។
រីឯរូបភាពដ៏ជក់ចិត្តបំផុតបានកើតឡើងនៅកីឡដ្ឋាន Molineux ដែលក្រុមម្ចាស់ផ្ទះ Wolves រកបាន ៣ពិន្ទុ លើកដំបូងរបស់ពួកគេប្រចាំរដូវកាល ២០២៥-២៦ ត្រឹមសប្តាហ៍ទី២០ នេះ។ ១៩សប្តាហ៍កន្លងមក Wolves ចាញ់ការប្រកួតសរុប ១៦លើក និងស្មើ ៣លើក ហើយការឈ្នះលើក្រុម West Ham United ធ្វើឱ្យអ្នកគាំទ្ររបស់ Wolves រំភើបរីករាយខ្លាំង។
Wolves ក៏បានបញ្ចប់កំណត់ត្រាមិនដែលឈ្នះចំនួន ២៣ប្រកួតជាប់គ្នារបស់ពួកគេ ចាប់តាំងពីក្រុមធ្លាប់ឈ្នះលើកចុងក្រោយទល់នឹងក្រុម Leicester City កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មក។ យកឈ្នះទល់ West Ham United លទ្ធផល ៣-០ ដោយកីឡាករ Jhon Arias, Hwang Hee Chan និងកីឡាករវ័យ ១៨ឆ្នាំ Mateus Mane ជាអ្នកស៊ុតបញ្ចូលទី។
យ៉ាងណា Wolves រក្សាតំណែងនៅបាតតារាងដដែល ដោយរកបានត្រឹម ៦ពិន្ទុ ពីការប្រកួត ២០សប្តាហ៍ ចំណែកក្រុម West Ham United រកបាន ១៤ពិន្ទុ ពីការប្រកួត ២០លើកដូចគ្នា ហើយឈរលេខ ១៨ ក្នុងតារាង Premier League៕
ប្រភព៖ THMEYTHMEY



