អ្នកចាត់ការទូទៅក្រុម Manchester United លោក Ruben Amorim បានចេញមុខអះអាងថាក្រុមគ្មានផែកការឡើយ ក្នុងការនាំយកកីឡាករថ្មីមករួមក្រុម នៅពេលទីផ្សារដោះដូរពាក់កណ្តាលរដូវកាលខែមករា បានបើកដំណើរការ។ បុរសសញ្ជាតិព័រទុយហ្កាល់ រក្សាជំហរជឿជាក់លើកូនក្រុមដែលកំពុងមាន ទោះក្រុមកំពុងតែប្រជែងកៅអី UEFA Champions League ក៏ដោយ។
Man Utd ដែលត្រូវធ្វើដំណើរទៅជួបក្រុម Leeds United នៅថ្ងៃទី៤ មករា បច្ចុប្បន្នជាក្រុមឈរលេខ ៦ ក្នុងតារាង Premier League។ បើពួកគេឈ្នះការប្រកួតទល់នឹងក្រុមមានកម្រិតលេខ ១៦ លើកនេះ នោះក្រុមទាំងមូលនឹងអាចឡើងទៅឈរនៅលេខ ៤ ក្នុងតារាង។ ប៉ុន្តែបើស្មើ ឬចាញ់ ក្រុមក្រោមការដឹកនាំរបស់បុរសវ័យ ៤០ឆ្នាំ នឹងបាត់ឱកាសឡើងឈរចំណោមកំពូលតារាងទាំង ៤ (Top 4)។
រយៈកាលចុងក្រោយនេះ ក្រុមស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិព័រទុយហ្កាល់ ក៏សម្បូរទៅដោយកីឡាកររបួសច្រើន ស្របពេលកីឡាករខ្លះជាប់ភារកិច្ចជួយក្រុមជម្រើសជាតិប្រកួតនៅពានរង្វាន់អាហ្រ្វិក Africa cup of nations (AFCON)។ Man Utd ពេលនេះ មានគម្លាតពិន្ទុត្រឹម ៣ពិន្ទុ ពីក្រុមលេខ ៤ Liverpool និង ១ពិន្ទុ ឈរពីក្រោមក្រុម Chelsea ដែលនៅលេខ ៥។
នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីការស្វែងរកកីឡាករថ្មី ក្នុងពេលទីផ្សារដោះដូរពាក់កណ្តាលរដូវកាលបើក។ លោក Amorim ក៏បានឆ្លើយដោយមិនស្ទាក់ស្ទើរថា ក្រុមគ្មានផែនការលើកីឡាករថ្មីឡើយ។
«យើងមិនមានការជជែកណាមួយបានធ្វើឡើងនោះទេ សម្រាប់ការផ្លាស់ប្តូរសមាជិកក្នុងក្រុមនៅពេលនេះ។ យើងកំពុងស្ថិតក្នុងការវិវត្តិខ្លួនជាក្រុម ហើយទាមទារឱ្យយើងបន្តធ្វើនូវគម្រោងដែលមានស្រាប់។ យើងកំពុងខិតជិតទៅនឹងតំបន់ដណ្តើមកៅអី Champions League ហើយ។ ប៉ុន្តែយើងក៏ឈរនៅជិតក្រុមចំនួន ៨ផ្សេងទៀតដែលកំពុងតាមយើងយ៉ាងគាកគិត ដូច្នេះយើងត្រូវផ្តោតតែលើការប្រកួតប៉ុណ្ណោះ។»។ លោក Amorim ឆ្លើយតបបែបនេះ ស្របពេលលោកសង្កត់ធ្ងន់ថា នឹងគ្មានកីឡាករក្នុងក្រុមណាម្នាក់នៅពេលនេះត្រូវចាកចេញនោះឡើយ។ បើទោះកីឡាករបិសាចក្រហមពេលនេះមានការចាប់អារម្មណ៍ពីក្លិបមកពីអ៊ីតាលីច្រើនក៏ដោយក្តី។
ស្ថានភាពក្នុងក្រុមបិសាចក្រហមពេលនេះ ខ្សែការពារសំខាន់ៗបានរងរបួស រួមមាន Harry Maguire និង Matthijs De Ligt។ ចំណែកខ្សែបម្រើវិញ រួមមាន Kobbie Mainoo និងប្រធានក្រុម Bruno Fernandes មានបញ្ហារបួសដូចគ្នា មិនទាន់អាចវិលជួយក្រុមវិញបាន។
សម្រាប់ការប្រកួតទល់នឹង Leeds United អ្នកចាត់ការទូទៅវ័យ ៤០ឆ្នាំ ទំនងនឹងប្រើប្រាស់កូនក្រុម ស្រដៀងទៅនឹងការប្រកួតស្មើគ្នា ១-១ ទល់នឹងក្រុម Wolverhampton Wanderers កាលពីសប្តាហ៍មុនផងដែរ។ កីឡាករ Noussair Mazraoui, Bryan Mbuemo, Amad Diallo ជាដើមសុទ្ធសឹងជាប់ភារកិច្ចទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួននៅការប្រកួត AFCON៕
ប្រភព៖ THMEYTHMEY



