រដ្ឋបាលភិបាលហ្កាបុង បានប្រកាសរឿងដ៏ភ្ញាក់ផ្អើលបំផុតមួយក្នុងពិភពលោក ដោយបានសម្រេចចិត្តរំសាយសកម្មភាពក្រុមបាល់ទាត់ជម្រើសជាតិទាំងស្រុង ព្រមទាំងដេញគ្រូបង្វឹក ពិសេសបានដេញកីឡាករសំខាន់បំផុតក្នុងក្រុម Pierre Emerick Aubameyang។ រឿងនេះកើតឡើងក្រោយក្រុមធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គពូល ចាញ់រាល់ការប្រកួតទាំងអស់។
កាលពីថ្ងៃទី១ មករា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីកីឡាហ្កាបុង បានចេញមុខប្រកាសតាមកញ្ចក់ទូរទស្សន៍ បញ្ជាក់ពីការសម្រេចចិត្តផ្អាកដំណើរការក្រុមបាល់ទាត់ជម្រើសជាតិ។ បន្ទាប់ពីក្រុមធ្វើបានល្អ បញ្ចប់ចំណាត់ថ្នាក់បាតតារាងក្នុងពូល B ក្នុងពានរង្វាន់ AFCON និងបានធ្លាក់ចេញត្រឹមវគ្គចែកពូល។ ការប្រកួតពានរង្វាន់ AFCON ឆ្នាំ ២០២៥ កំពុងរៀបចំនៅក្នុងប្រទេសម៉ារ៉ុក។
ការបង្ហាញទម្រង់លេងដ៏អាក្រក់ និងអន់បំផុតមិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍ AFCON ឆ្នាំ ២០២៥ របស់ក្រុមជម្រើសជាតិហ្កាបុង ត្រូវបានរដ្ឋាភិបាលពួកគេចាត់ទុកថាជារឿងអាម៉ាស់បំផុតក្នុងវិស័យបាល់ទាត់របស់ពួកគេ។ ជាហេតុនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តផ្អាកសកម្មភាពក្រុមជម្រើសជាតិរហូតដល់ថ្ងៃប្រកាសបើកឱ្យដំណើរជាថ្មីឡើងវិញ។
ស្ថិតក្នុងពូល F នៃការប្រកួតនោះ ក្រុមហ្កាបុង ដែលដឹកនាំដោយអតីតខ្សែការពារជំនាន់មុន លោក Thierry Mouyouma បានចាញ់ការប្រកួតក្រោមថ្វីជើងក្រុមកាមេរូន និងម៉ូសំប៊ិក លទ្ធផល ២-០ ទាំងពីរប្រកួត។ ចំណែការប្រកួតចុងក្រោយ ចាញ់ក្រុមកូតឌីវ័រ លទ្ធផល ៣-២ នៅទីក្រុង Marrakech ហើយរឿងអាម៉ាស់បំផុតគឺកូតឌីវ័រ គឺដាក់ត្រឹមកីឡាករឈុតទី២ របស់ពួកគេឱ្យចូលលេង ក្នុងការប្រកួតនោះប៉ុណ្ណោះ។
បន្ទាប់ពីចប់ភារកិច្ចក្នុងជម្រើសជាតិភ្លាម ទាំងកីឡាករខ្សែប្រយុទ្ធ Aubameyang និងខ្សែការពារ Ecuele Manga ដែលបានលេងការប្រកួតចុងក្រោយជាមួយហ្កាបុង បានវិលត្រឡប់ទៅក្លិប Olympique de Marseille នៅប្រទេសបារាំងវិញភ្លាមៗដូចគ្នា។ ការវិលត្រឡប់លឿននោះក្នុងហេតុផលព្យាបាលបញ្ហារបួសសាច់ដុំ។
ប៉ុន្តែក្រោយពេលគេចេញពីជម្រើសជាតិភ្លាម អតីតកីឡាករល្អប្រចាំទ្វីបអាហ្រ្វិក បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter ថាបញ្ហារបស់ក្រុមបាល់ទាត់ជម្រើសជាតិគឺមានរឿងលាក់បាំងពីខាងក្នុងខ្លាំង ជាងការទម្លាក់កំហុសលើគេតែម្នាក់ទៅទៀត។
មែនទែនទៅ ការរំសាយក្រុមជម្រើសជាតិស្ថិតនៅតំបន់ទ្វីបអាហ្រ្វិក តែងតែត្រូវបានគេឃើញកើតមានឡើងញឹកញាប់ រាល់ពេលដែលក្រុមជួបលទ្ធផលខកចិត្តខ្លាំង ឬធ្លាក់ចេញពីការប្រកួតដោយគ្មានឈ្នះការប្រកួតណាមួយសោះ។ ប៉ុន្តែសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាន់ជំហរខ្លួនរឹងមាំ ប្រឆាំងលើរឿងទាំងនោះ ដោយពុំអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាល ក្នុងដំណើរការរបស់សមាជិកនៃ FIFA ឡើយ។ រឿងរ៉ាវរបស់ក្រុមជម្រើសជាតិហ្កាបុងនៅពេលនេះ បានក្លាយជារឿងដែលកម្រមួយ៕
ប្រភព៖ THMEYTHMEY



