ជើងខ្លាំងគុនខ្មែរ លន បញ្ញា បានក្លាយជាកីឡាករកម្ពុជាទី១សម្រាប់ការទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក WKN បន្ទាប់ពីបានផ្តួលកីឡាករម៉ារ៉ុក Zakaria Rouigate ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០២៦។
ការប្រកួតដណ្តើមខ្សែក្រវាត់ដែលអ្នកគាំទ្រគិតថា នឹងជក់ចិត្តដិតអារម្មណ៍ខ្លាំង ប៉ុន្តែចំណាយពេលមិនដល់ ១ ទឹកផងក៏បញ្ចប់ទៅដោយកីឡាករកម្ពុជា លន បញ្ញា យកជើងឆ្វេងធាក់លើមុខរបស់កីឡាករ Zakaria Rouigate ដែលធ្វើឲ្យមានបញ្ហាឈឺចាប់ប្រអប់មាត់ខ្លាំង។ ក្រោយអាជ្ញាកណ្តាលរាប់១១០ កីឡាករម៉ារ៉ុករូបនេះមិនអាចបន្តការប្រកួតបានទេ ដូច្នេះខ្សែក្រវាត់បានធ្លាក់ទៅ លន បញ្ញា។
នេះជាព្រឹត្តិការណ៍ប្រកួតគុនខ្មែរ-WKN ទី១ បន្ទាប់ពីមានកិច្ចសហការរវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបណ្តាញឃីកបុកស៊ីងពិភពលោក។ WKN បានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជោគជ័យនៃគុនខ្មែរលើឆាកអន្តរជាតិ។ ផេកផ្លូវការបានសរសេរថា ៖«យើងខ្ញុំពិតជារីករាយយ៉ាងខ្លាំង ហើយមានមោទនភាពបំផុតដែលរកឃើញម្ចាស់ជើងឯក WKN គុនខ្មែរទី១ដែលឥឡូវនេះចូលក្នុងប្រវត្តិសាស្ត្រផ្លូវការរបស់ពួកយើង»។
លោក Stephane Cabrera ប្រធានបណ្តាញឃីកបុកស៊ីងពិភលោកធ្លាប់បានលើកឡើងថា លោកពិតជាមានមោទនភាពខ្លាំងណាស់ដែលបានកំពុងធ្វើការយ៉ាងល្អជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីអភិវឌ្ឍកីឡាអត្តសញ្ញាណខ្មែររីកចម្រើនលើឆាកអន្តរជាតិ។
អ្វីដែលកាន់តែពិសេសសម្រាប់ការប្រកួតគុនខ្មែរ WKN គឺ រាល់ការប្រកួតនឹងកត់ត្រាជាផ្លូវការ នៅ BoxRec ទាំងអស់ដើម្បីឲ្យពិភពលោកកាន់តែទទួលបានព័ត៌មានទូលំទូលាយពីគុនខ្មែរ។ BoxRec ជាវេបសាយផ្លូវការសម្រាប់ការកត់ត្រាទុកនូវរាល់ការប្រកួតកីឡាប្រយុទ្ធទូទាំងពិភពលោកដែលមានទាំង ការផ្សព្វផ្សាយ អត្រានៃការប្រកួត កាលវិភាគប្រកួត លទ្ធផល ការស្រាវជ្រាវ និងប្រវត្តិនៃកីឡាករ កីឡាការិនីជាដើម។ ជាក់ស្តែងកីឡាករ លន បញ្ញា មានឈ្មោះនៅវេបសាយ BoxRec ទាំងស្ថិតិប្រកួត ប្រវត្តិរូប និងជាម្ចាស់ខ្សែក្រវាត់។
តាមរយៈសមិទ្ធផលថ្មីបំផុតនេះ លន បញ្ញា ទំនងជាត្រូវឡើងសង្វៀនច្រើនតាមរយៈស្ថាប័ន WKN ដែលមានកីឡាករខ្លាំងៗទូទាំងពិភពលោក។ រូបគេអាចនឹងត្រូវប្រកួតការពារខ្សែក្រវាត់ ឬដណ្តើមខ្សែក្រវាត់ថ្មីៗទាំងក្នុង និងក្រៅប្រទេស៕
ប្រភព៖ KAMPUCHEATHMEY



