វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ២ ប្រកួតជាប់គ្នា ក្នុងជ័យជម្នះ ២ លើកចុងក្រោយនៅលីគតៃវ៉ាន់

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា នៅតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ដោយការប្រកួត ២ ប្រកួតចុងក្រោយ រូបគេរកបានពិន្ទុច្រើនជាងគេទាំង ២ ប្រកួត និងជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា។

រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៣ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួត ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ១០ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកការប្រកួតទល់នឹងក្រុម Taiwan Steel Swan បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។

វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២ ប្រកួតនោះ ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កីឡាកររកបានពិន្ទុច្រើនជាងគេបំផុតប្រចាំក្រុម ចំនួន ១៨ ពិន្ទុ។ រីឯការប្រកួតទី ២ ទល់នឹងក្រុម Taiwan Steel Swan កីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំ បន្តរកបានពិន្ទុច្រើនជាងគេប្រចាំក្រុមបន្តទៀត ដោយរកបាន ៣១ ពិន្ទុ។

ក្នុងចំណោមការប្រកួត ២ ប្រកួតខាងលើ កីឡាករក៏ត្រូវបានលីគ TPVL ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើកផងដែរ គឺនៅក្នុងការប្រកួតចុងក្រោយទល់នឹងក្រុម Taiwan Steel Swan។ បច្ចុប្បន្ន វឿន វាសនា កំពុងឈរនៅលើគេជាកីឡាករឈ្នះកីឡាករល្អបំផុតច្រើនជាងគេបំផុតប្រចាំក្រុម Win Streak នៅរដូវកាលនេះ ដោយរកបានចំនួន ១១ លើក។

គួរឱ្យដឹងថា ក្រុមបាល់ទះ Win Streak បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃលីគបាល់ទះកំពូល តៃវ៉ាន់ ក្រោយឆ្លងកាត់ ២៨ ប្រកួត ឈ្នះ ២៦ លើក និងចាញ់ ២ លើក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top