លោក Darren Fletcher អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុម Manchester United និយាយថាការធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ ក្រោមថ្វីជើង Brighton & Hove Albion បង្ហាញពីភាពកម្សោយរបស់ក្រុមកីឡាករទាំងមូល។ FA Cup ជាពានរង្វាន់ទី២ បន្ទាប់ពី EFL Cup ដែលក្រុមរហស្សនាមបិសាចក្រហមអស់ឱកាសប្រជែង នៅរដូវកាល ២០២៥-២៦ នេះ។
បរាជ័យក្នុងលទ្ធផល ២-១ ស្ថិតក្នុងកីឡដ្ឋាន Old Trafford បានធ្វើ ឱ្យក្តីសង្ឃឹមរបស់ Man Utd ក្នុងការប្រជែងពានរង្វាន់ឱ្យបានរដូវកាលនេះ ត្រូវរលាយ ព្រោះតែក្រុមពុំមានពានរង្វាន់ណាត្រូវប្រជែងបន្តទៀតឡើយ។ ស្របពេលឱកាសប្រជែងពាន Premier League ដែលសល់មួយចុងក្រោយ ជារឿងមិនងាយនឹងទៅរួច។ កីឡាករដើរចេញពីទីលានប្រកួតដោយទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម ខណៈអ្នកគាំទ្រនាំគ្នាស្រែកជេរប្រមាថ ស្តីបន្ទោសការបង្ហាញទម្រង់លេងដ៏អន់របស់ក្រុម។
នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Fletcher ជាគ្រូបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំ Man Utd រួចផ្លាស់កាន់តំណែងអ្នកចាត់ការបណ្តោះអាសន្ននៅក្រុមធំ បានបង្ហាញអស់គ្មានសល់ ពីភាពទន់ជ្រាយ ស្មារតីរបស់ក្រុមកីឡាករ Man Utd។
«ការចាប់ផ្តើមគឺអាចទទួលយកបាន ប៉ុន្តែនៅពេលគេស៊ុតចូល យើងចាប់ផ្តើមបែកបាក់អារម្មណ៍។ ការប៉ះបាល់ យើងគឺយឺតខ្លាំងណាស់ ដូច្នេះខ្ញុំទាមទារកីឡាករឱ្យ កែប្រែចំណុចនេះនៅវគ្គទីពីរ ហើយពេលយើងតាមបានលទ្ធផល ២-១ មកវិញ ខ្ញុំបានគិតថានោះគឺជាពេលវេលារបស់យើង។ ប៉ុន្តែចុងបញ្ចប់យើងមិនអាចតាមស្មើវិញបាន ខ្ញុំគិតថាអ្នកបានឃើញថាស្មារតីកីឡាករយើងផុយស្រួយខ្លាំង ហើយពួកគេត្រូវការកសាងខ្លួន និងផ្លូវចិត្តឱ្យល្អរឹងមាំឡើងវិញ។»។ នេះជាអ្វីដែលបុរសវ័យ ៤១ឆ្នាំ បានលើកឡើង។
Man Utd ជាក្រុមមួយបានផ្លាស់ប្តូរគ្រូបង្វឹកច្រើនខ្លាំងដល់ទៅ ១០រូប នៅរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។ ការប្តូរគ្រូញឹកញាប់នេះហើយ ធ្វើឱ្យក្រុមកីឡាករកាន់តែរងសម្ពាធ និងទំនុកចិត្តក្នុងក្រុមក៏បាត់បង់។
នៅពេលនេះបិសាចក្រហម ត្រូវបានគេរំពឹងថានឹងប្រកាសពីវត្តមានអ្នកចាត់ការបណ្តោះអាសន្នថ្មី ដែលចូលមកដឹកនាំក្រុមរហូតបញ្ចប់រដូវកាល ២០២៥-២៦ ក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្តែបុរសសញ្ជាតិស្កុតឡែន និងជាអតីតកីឡាករ Man Utd បានសង្កត់ធ្ងន់ថា បញ្ហាមិនមែនកើតមកពីគ្រូបង្វឹក ឬអ្នកចាត់ការទូទៅឡើយ គឺកើតចេញពីកីឡាករផ្ទាល់។
លោក Fletcher ចង់ឃើញកីឡាករ Man Utd មានទំនុកចិត្ត ព្យាយាមប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ព្យាយាមហ្វឹកហាត់ និងកសាងទំនាក់ទំនងល្អក្នុងរង្វង់កីឡាករទាំងអស់។ លោក ថែមទាំងដាស់តឿនកីឡាករក្នុងក្រុមទាំងអស់ត្រូវពិចារណារកចំណុចខ្វះខាត និងស្វែងរកចំណុចខ្លាំងរៀងៗខ្លួនត្រឡប់មកវិញ ដើម្បីពង្រឹងសមត្ថភាពក្រុម ជាជាងរំពឹងលើគ្រូតែមួយមុខ៕
ប្រភព៖ THMEYTHMEY



