កីឡាករឥណ្ឌូណេស៊ី Gimnastiar រងបម្រាមពីបាល់ទាត់មួយជីវិត ​ក្រោយហក់ធាក់គូប្រកួតរហូតចូលពេទ្យ

កីឡាករបាល់ទាត់ឥណ្ឌូណេស៊ី Muhammad Hilmi Gimnastiar  បានរងបម្រាមពីសកម្មភាពបាល់ទាត់អស់មួយជីវិត បន្ទាប់ពីហក់ធាក់គូប្រជែងចំដើមទ្រូងដោយចេតនា រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទង្វើរបស់ Gimnastiar  ត្រូវបានគេចាត់ទុកថាជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់ឥណ្ឌូណេស៊ី។

ហេតុការណ៍ដែលកីឡាករ Gimnastiar មកពីខេត្ត Putra Jaya បានបង្កឡើងក្នុងការប្រកួតស្ថិតក្នុងលីគកម្រិតទី៤ ប្រចាំឥណ្ឌូណេស៊ី ក្នុងជំនួបរវាងក្រុមរបស់គេ PS Putra Jaya Pasuruan និង Perseta 1970។ 

សកម្មភាពត្រូវបានអ្នកគាំទ្រថតបាន បង្ហាញថាខ្សែបម្រើ Hilmi Gimnastiar បានហក់ធាក់លើគូប្រកួតចំដើមទ្រូង ហើយដួលលើទីលានភ្លាមៗ មុនបញ្ជូនទៅមន្ទីរពេទ្យ។ 

ហេតុផលមួយទៀតត្រូវបានគេលើកឡើង ទំនងមកពីក្រុម PS Putra Jaya ត្រូវគូប្រកួតនាំមុខមុន ៤-០ ទើបធ្វើឱ្យកីឡាករ Hilmi ផ្ទុះកំហឹងបាត់ម្ចាស់ការមិនខ្វល់ពីការដណ្តើមបាល់ តែបង្កហិង្សាលើគូប្រកួតទៅវិញ។

បន្ទាប់ពីបង្កគ្រោះថ្នាក់លើគូប្រកួតរួច កីឡាករ Muhammad Hilmi Gimnastiar ក៏ទទួលបានកាតក្រហម។ តែក្រោយមក គណៈកម្មាធិការវិន័យបាល់ទាត់ឥណ្ឌូណេស៊ី បានសម្រេចចិត្ត​ដាក់បម្រាមលើកីឡាកររូបនេះ ពីសកម្មភាពបាល់ទាត់អស់មួយជីវិត និងប្រាក់ប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។

បន្ទាប់ពីត្រូវស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌូណេស៊ីដាក់បម្រាមអស់មួយជីវិតរួច Hilmi Gimnastiar ថែមទាំងត្រូវក្លិប Putra Jaya Pasuruan ផ្តាច់កិច្ចសន្យាចោលមុនពេលកំណត់ ស្របពេលក្លិបក៏ចេញសេចក្តីប្រកាសសុំទោសទៅក្លិប Perseta 1970 ចំពោះទង្វើរមិនសមរម្យរបស់កីឡាករខ្លួន៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top