នៅក្នុងកីឡាបាល់ទាត់កម្រិតកំពូលពិភពលោក ការបង្ហាញភាពជឿជាក់ និងអស់ជំនឿលើអ្នកចាត់ការ ស ឱ្យឃើញតាមរូបភាពពីរយ៉ាង គឺការបន្តតំណែង និងការបញ្ចប់តំណែងនៅក្នុងពេលដ៏ខ្លីណាមួយតែម្តង។ ជាឧទាហរណ៍ស្រាប់ រវាងលោក Hansi Flick និង Xabi Alonso មានវាសនាខុសគ្នាពីក្លិប Barcelona និង Real Madrid បើទោះបីជាពេលចូលដឹកនាំក្រុមដំបូងៗ អ្នកទាំងពីរមានស្ថិតិដឹកនាមដូចគ្នាដ៏ដោយ។
ប៉ុន្មានខែចុងក្រោយ ក្លិប Barca និង Real Madrid បានផ្តល់ឧទាហរណ៍ច្បាស់ៗចំនួនពីរ ទៅកាន់ពិភពបាល់ទាត់។ បើទោះបីជាលោក Hansi Flick និង Xabi Alonso នៅពេលមកដឹកនាំក្រុម ៣៤ប្រកួតដំបូងមានស្ថិតិដូចគ្នាក៏ពិតមែន ប៉ុន្តែការផ្តល់សេចក្តីទុកចិត្តពីសំណាក់ក្លិបរៀងៗខ្លួន មានភាពផ្ទុយស្រឡះពីគ្នាឆ្ងាយ។
ដឹកនាំ ៣៤ប្រកួតដំបូង អ្នកទាំង ២ មានលទ្ធផលឈ្នះ២៤ ស្មើ៤ និងចាញ់ ៦ប្រកួត ដូចគ្នា។ ខណៈពេលលោក Flick ទទួលការគាំទ្រ និងទុកចិត្តពេញទំហឹងពីថ្នាក់ដឹកនាំ Barca ប៉ុន្តែក្លិប Real Madrid វិញ បានបញ្ចប់តំណែងលោក Alonso ដែលដឹកនាំបានត្រឹមតែ ៧ខែ ទៅវិញ។ នេះបង្ហាញថាក្លិបអធិរាជស អស់ទំនុកចិត្តលើបុរសសញ្ជាតិអេស្ប៉ាញ ទោះគេធ្លាប់ដឹកនាំ Bayer Leverkusen បានល្អក៏ដោយ។
នៅ Barca អ្នកដឹកនាំក្លិបជ្រើសយកការផ្តល់ទំនុកចិត្តខ្ពស់ លើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ និងថែមទាំងជឿជាក់លើផែនការដឹកនាំ រួមទាំងការផ្តល់ពេលវេលាគ្រប់គ្រាន់។ ទោះបីប្រកួតខ្លះចាញ់ ស្មើ រហូតមានការរិះគន់ខ្លាំងពីអ្នកគាំទ្រ ប៉ុន្តែក្លិបរហ្សនាមអ្នកមានបុណ្យនៅតែរក្សាជំហខ្លួនផ្តល់ការទុកចិត្តខ្ពស់លើគ្រូវ័យ ៦០ឆ្នាំដដែល។
ផែនការអភិវឌ្ឍក្រុមរយៈពេលវែងរបស់លោក Flick ត្រូវបានក្លិប Barca ទទួលយកមិនរួញរា ហើយក្លិបក៏បានផ្តល់កិច្ចសន្យាថ្មីច្រើនឆ្នាំបន្ថែម ដោយបង្ហាញពីសេចក្តីទុកចិត្ត និងកិច្ចសហការគ្នាយ៉ាងល្អ។
ការគាំទ្រពីថ្នាក់ដឹកនាំក្លិប Barca ដ៏ខ្លាំងក្លានេះហើយ បង្ហាញថាលទ្ធផលការប្រកួតមិនអាចយកទៅវាយតម្លៃលើការងារលោក Flick បានឡើយ។ អតីតគ្រូ Bayern Munich មានពេលគ្រប់គ្រាន់កែប្រែចំណុចខ្វះខាតក្នុងក្រុម និងបំពេញបន្ថែមនូវបច្ចេកទេសថ្មី របៀបលេងថ្មី ធ្វើឱ្យក្រុមរឹងមាំ និងខ្លាំងបានពេលយូឆ្នាំ។
សម្រាប់លោក Alonso វិញ គឺស្ថិតក្នុងកាលៈទេសៈផ្ទុយពីគ្នាទាំងស្រុង នៅក្លិប Real Madrid។ ថ្នាក់ដឹកនាំក្លិប Real Madrid ប្រើពេលត្រឹម ២១៧ថ្ងៃ ដើម្បីវាយតម្លៃលើការងារបុរសវ័យ ៤៤ឆ្នាំ និងក្រោយពីក្រុមបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ទល់ Barcelona។
អតីតខ្សែបម្រើ Real Madrid រូបនេះ មិនត្រូវបានថ្នាក់ដឹកនាំផ្តល់ពេលវេលាគ្រប់គ្រាន់នោះឡើយ ក្នុងការបញ្ជ្រៀបគំនិតលោកចូលទៅក្នុងក្រុម និងការកែប្រែចំណុចខ្វះខាត ក្រុមទៅតាមអ្វីលោកចង់បាន។
បញ្ហាកីឡាកររបួសញឹកញាប់ កើតឡើង ២៦លើកលើកីឡាករ ការចាប់យកយុទ្ធសាស្ត្រពីកីឡាករនៅមានដែនកំណត់ ពិសេសកីឡាករមិនទាន់សម្របខ្លួនបានល្អលើប្រព័ន្ធលេងថ្មីរបស់ Alonso នៅឡើយ។ រាល់ពេលក្រុមឈ្នះការប្រកួត ភាគច្រើនកើតចេញពីការបញ្ចេញសមត្ថភាពល្អខ្លាំង យឹតយោងក្រុមពីកីឡាករមួយចំនួនមាន ខ្សែប្រយុទ្ធ Kylian Mbappe និងអ្នកចាំទី Thibuat Courtois ជាដើម។ យ៉ាងណានៅការប្រកួតធំៗ Real Madrid គឺប្រកួតចាញ់ គ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងបាត់បង់ការសហការគ្នាក្នុងក្រុម។
បើប្រៀបធៀបចំពោះគំនិតរបស់ថ្នាក់ដឹកនាំក្រុមទាំង ២ ជាមួយនឹងស្ថិតិការដឹកនាំរបស់គ្រូបង្វឹកដូចគ្នា ក្លិប Barca ជ្រើសយកការរក្សាភាពអត់ធ្មត់ ខណៈ Real Madrid រើសការផ្លាស់ប្តូរគ្រូបង្វឹកទៅវិញ។ ក្លិបមួយប្តេជ្ញាចិត្តចំពោះដំណើរការល្អកំពុងតែមាន តែក្លិបមួយទៀតទាមទារឱ្យមានលទ្ធផលភ្លាមៗ៕
ប្រភព៖ THMEYTHMEY



