ប្រធានក្លិប Perez ចង់បានអតីតគ្រូនៅ Premier League ម្នាក់ មកដឹកនាំ Real Madrid អចិន្ត្រៃយ៍

ប្រធានក្លិប Real Madrid លោក Florentino Perez ចង់បានអតីតគ្រូបង្វឹក Liverpool លោក Jurgen Klopp មកដឹកនាំជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លិបបបានចែកផ្លូវគ្នាជាមួយលោក Xabi Alonso កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ន Real Madrid បានតែងតាំងអតីតកីឡាករ និងគ្រូបង្វឹកយុវជនរបស់ខ្លួនលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន ដើម្បីជំនួសតំណែងលោក Xabi ដែលបានចែកផ្លូវជាមួយក្លិប បន្ទាប់ពីចាញ់ក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣-២។

ទោះបីជាយ៉ាងណា ក្រុមអធិរាជស Real Madrid បានសម្លឹងឃើញគ្រូបង្វឹកម្នាក់ទៀត ដើម្បីមកដឹកនាំក្រុមជាអចិន្ត្រៃយ៍តែម្តង នោះគឺលោក Jurgen Klopp។ យោងតាមអ្នកកាសែតលោក Santi Aouna បានអះអាង ថា លោក Perez កំពុងពិចារណាលើលោក Klopp ជាបេក្ខភាពដ៏ល្អឥតខ្ចោះបំផុត ដើម្បីមកដឹកនាំក្រុមម្ចាស់ជើងឯក Champions League ១៥ សម័យ ដោយសារតែស្នាដៃពីអតីតកាលរបស់លោក។

គួរឱ្យដឹងថា លោក Klopp មិនបានទទួលការងារជាគ្រូបង្វឹកដឹកនាំក្រុមណាមួយទេ បន្ទាប់ពីលោកចាកចេញពី Liverpool នៅរដូវក្តៅឆ្នាំ ២០២៤ ប៉ុន្តែបច្ចុប្បន្នលោកកំពុងកាន់ការងារជានាយកផ្នែកកីឡារបស់សម្ព័ន្ធ Red Bull ដែលមានសរុបចំនួន ៩ ក្លិប៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top