ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា បានរួមគ្នាបំបែកកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ាន លើកទី២ ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់ផ្ទះ ខណៈដែល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចាត់ទុក កីឡា ជាស្ពានដ៏សំខាន់ ក្នុងការរក្សាទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍។
គិតត្រឹមការប្រកួត កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ក្រុមតេក្វាន់ដូ ITF កម្ពុជា បានឈ្នះមេដាយសរុបជាបណ្តោះអាសន្នចំនួន៨៧ ក្នុងនោះមានមេដាយមាស៤២ ប្រាក់៣៩ និងសំរឹទ្ធ៦ ដើម្បីឈរនៅលេខ១ ហើយតាមពីក្រោយដោយម៉ាឡេស៊ី ដែលឈ្នះបានមាស១១ ប្រាក់១១ សំរឹទ្ធ និងហ្វីលីពីន ដែលឈ្នះបានមាស ៣ ប្រាក់១ សំរឹទ្ធ១១ ខណៈវៀតណាម ឈ្នះបានមាស១ ប្រាក់៤ សំរឹទ្ធ២២ ចំណែកសិង្ហបុរី និងឥណ្ឌូនេស៊ី ដណ្តើមបានត្រឹមមេដាយប្រាក់។
យោងតាមចំនួនមេដាយ ដែលដណ្តើមបាននៅពេលនេះ បានជួយឱ្យក្រុមតេក្វាន់ដូ ITF កម្ពុជា អាចបំបែកកំណត់ត្រា សម្រាប់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ាន លើកទី១ ឆ្នាំ២០១៦រួចទៅហើយ ដោយកាលនោះ ពួកគេឈ្នះបានមេដាយមាស៣១ ប្រាក់១០ និងសំរឹទ្ធ១១ ដើម្បីឈរនៅលេខ១ តាមពីក្រោយដោយម៉ាឡេស៊ី ដែលឈ្នះបានមាស ៥ ប្រាក់១០ សំរឹទ្ធ១៨, វៀតណាម បានមាស១ ប្រាក់១៤ សំរឹទ្ធ១៥, សិង្ហបុរី បានមាស១ ប្រាក់៣ សំរឹទ្ធ៦ និង ថៃបានមេដាយប្រាក់១ សំរឹទ្ធ៦ ប៉ុន្តែហ្វីលីពីន និងឥណ្ឌូនេស៊ី កាលនោះ មិនបានមេដាយទេ។
បន្ថែមទៅលើ ការដណ្តើមបានមេដាយមាស៤២ ប្រាក់៣៩ និងសំរឹទ្ធ៦ នៅពេលនេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា នឹងត្រូវប្រកួតដណ្តើមយកមេដាយមាស លើវិញ្ញាសាមួយចំនួនទៀត សម្រាប់ការប្រកួតចុងក្រោយ នៅថ្ងៃចន្ទនេះ មុនពេលពួកគេ ចូលរួមពិធីបិទការប្រកួត ដែលនឹងធ្វើនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃនេះ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់ លោក កែវ រ៉េមី ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសហការីទាំងអស់ ដែលបានធ្វើឱ្យប្រភេទកីឡានេះ កាន់តែមានការរីកចម្រើន ហើយផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី អាចហ្វឹកហាត់ពង្រឹងសមត្ថភាពបានល្អ ដើម្បីអាចដណ្តើមបានមេដាយជូនជាតិ សម្រាប់ការប្រកួតអន្តរជាតិ។
ចំណែកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានចាត់ទុកថា ជាព្រឹត្តិការណ៍ ដែលមិនត្រឹមតែជាការប្រកួតប្រជែង ដើម្បីដណ្តើមជយលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់ សម្រាប់ការបណ្តុះសីលធម៌ វិន័យ និងស្មារតី ទទួលខុសត្រូវខ្ពស់។
លោកបានថ្លែង នៅក្នុងពិធីបើកការប្រកួត កាលពីថ្ងៃទី២៨ ខែមិថុនាថា៖ «តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ យើងរៀនសូត្រពីការគោរពគ្នា ការទទួលស្គាល់សមត្ថភាពអ្នកដទៃ និងការចេះអត់ធ្មត់ក្នុងការតស៊ូ។ ទាំងនេះ គឺជាគុណតម្លៃដ៏ថ្លៃថ្លា ដែលកីឡាបានផ្តល់ជូនយើងម្នាក់ៗ»។
លោកបន្ថែមថា សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌ សម្បុរ ឬសាវតា តែផ្តោតជាភាសារួមគ្នា នៃការខិតខំប្រឹងប្រែង ការងារជាក្រុម និងការគោរពគ្នាទៅវិញទៅមក។
ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ «កីឡា ជាស្ពានដ៏សំខាន់ ក្នុងការរក្សាទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក»។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី បានអះអាងថា កីឡា បានរួមចំណែកដល់ការរក្សាបាននូវកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខុមាលភាព ដែលជាកត្តាដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋ ដែលមានគំនិត ច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ»៕