សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសឈ្មោះម្ចាស់ជើងឯកពិភពលោក FIFA Club World Cup សម្រាប់ក្រុមដែលធ្លាប់ឈ្នះពីមុនៗមកទាំងអស់ ដែលរួមមាន Real Madrid, Manchester United, Liverpool និង Manchester City ជាដើម។ FIFA ចាត់ទុកក្រុម Chelsea ជាក្រុមដំបូងដែលឈ្នះពានរង្វាន់ក្លិបពិភពលោកនេះ ក្រោយបង្កើនក្រុមដល់៣២។
កាលពីថ្ងៃទី១៣ កក្កដា Chelsea ផ្តួលក្រុម Paris Saint Germain យ៉ាងងាយស្រួល ដោយលទ្ធផល ៣-០ ស្ថិតក្នុងកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក FIFA Club World Cup ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅប្រទេសអាម៉េរិក។ ការប្រកួតនោះ កីឡាករ Cole Palmer បង្ហាញសមត្ថភាពដ៏អស្ចារ្យ ស៊ុត ២គ្រាប់ និងបញ្ជូនបាល់មួយគ្រាប់ឱ្យមិត្តរួមក្រុម ទាក់ទាញភ្នែកអ្នកទស្សនា និងមនុស្សជុំរិញពិភពលោក។
PSG ឆ្លងកាត់ការប្រកួតក្នុងរដូវកាលដ៏អស្ចារ្យបំផុតដែលខ្លួនពុំធ្លាប់ជួប ដោយឈ្នះពានរង្វាន់ទាំងអស់នៅប្រទេសបារាំង និងជាពិសេសឈ្នះពានរង្វាន់ UEFA Champions League ថែមទៀត ប៉ុន្តែចាញ់ក្រុម Chelsea នៅវគ្គផ្តាច់ព្រ័ត្រ ត្រឹមតែជាក្រុមជើងឯក Europa Conference League និងក្រុមលេខ ៤ ប្រចាំក្របខណ្ឌ Premier League។
យ៉ាងណាមិញ ក្រោយការឈ្នះពានរង្វាន់ Club World Cup ដែលទើបកែប្រែរូបមន្តការប្រកួតថ្មី ដោយបង្កើនចំនួនក្រុមដល់ ៣២លើកដំបូង របស់ក្លិប Chelsea ក៏កំពុងធ្វើឱ្យក្លិបមួយនេះ ជាប់ឈ្មោះជាក្លិបដំបូងគេដែលឈ្នះពានរង្វាន់កម្រិតពិភពលោករបស់ FIFA ក្រោយ FIFA សម្រេចចិត្តដកសិទ្ធិពីក្លិបធ្លាប់ឈ្នះកាលពីមុន។ ក្រុមដែលឈ្នះពានរង្វាន់ FIFA Club World Cup ពីមុនៗ ចាប់តាំងពីការបង្កើតពានរង្វាន់នេះមក នឹងត្រូវបាន FIFA ដកសិទ្ធិជាក្រុមធ្លាប់ឈ្នះជើងឯកពិភពលោកចោលវិញទាំងអស់ ហើយឱ្យនៅត្រឹមពានជើងឯកអន្តរទ្វីបវិញតែប៉ុណ្ណោះ។

ក្រុមធ្លាប់ឈ្នះ Club World Cup ដូចជា Real Madrid ឈ្នះច្រើនជាងគេ, Barcelona, Liverpool, Man Utd, Man City, Bayern Munich, Inter Milan និង AC Milan ជាដើម ត្រូវបានទម្លាក់សិទ្ធិឱ្យនៅត្រឹមឈ្មោះជាម្ចាស់ជើងឯកពានរង្វាន់អន្តរទ្វីបរបស់ FIFA ប៉ុណ្ណោះ ឬហៅថា FIFA Intercontinental Champions។
ពានរង្វាន់កម្រិតកំពូលពិភពលោកនេះ បង្កើតឡើងឱ្យប្រកួតជារៀងរាល់ឆ្នាំដំបូងបង្អស់នៅក្នុងឆ្នាំ២០០០ ដោយ FIFA។ បន្ទាប់មកក៏អាក់ខានមួយរយៈ មុនបន្តការប្រកួតឡើងវិញក្នុងឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០២៣។ ចូលឆ្នាំ២០២៤ FIFA ក៏បានសម្រេចចិត្តកែប្រែចំនួនក្រុមប្រកួតឱ្យកើនពីចំនួន ៧ក្រុមជាក្រុមជើងឯកតាមទ្វីបនីមួយៗ រហូតដល់ចំនួន ៣២ក្រុម ដោយធ្វើឡើង៤ឆ្នាំម្តង ប៉ុន្តែនៅឆ្នាំនោះគ្មានការប្រកួតឡើយ ហើយត្រូវធ្វើនៅឆ្នាំ២០២៥វិញ។
ប៉ុន្តែការប្រកាសរបស់ FIFA នៅលើគេហទំព័រផ្លូវការ និងបណ្តាញសង្គម របស់ពួកគេថ្ងៃទី២០ កក្កដា និយាយភ្ជាប់ជាមួយនឹងរូបភាពរបស់ក្លិប Chelsea លើកពានរង្វាន់ Club World Cup ថាជាក្រុមដែលឈ្នះពានរង្វាន់កម្រិតពិភពលោករបស់ស្ថាប័នខ្លួនដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍ Club World Cup ធ្លាប់មាន ១ឆ្នាំម្តង ប្រែក្លាយជា ៤ឆ្នាំ មានការប្រកួតម្តង ស្រដៀងការប្រកួត World Cup អ៊ីចឹងដែរ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ Club World Cup បន្ទាប់នឹងធ្វើឡើងនៅឆ្នាំ ២០២៩ ដែលទីតាំងការប្រកួតពុំទាន់មានដំណឹងមុននៅឡើយ ហើយក្រុមដែលមានសិទ្ធិទៅការប្រកួតដំបូងគេគឺ PSG ជាក្រុមជើងឯក Champions League ឆ្នាំ ២០២៥។ ចំណែក Chelsea ទោះឈ្នះ Club World Cup ប៉ុន្តែមិនមានកៅអីនៅឡើយសម្រាប់ការប្រកួតបន្ទាប់ សូម្បីតែកៅអីក្នុងនាមជាក្រុមការពារជើងឯក៕
ប្រភព៖ThmeyThmey