ក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីត Al Hilal សម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ Saudi Super Cup មុនបើករដូវកាល ២០២៥-២៦ នៅខែសីហា ដើម្បីទុកពេលឱ្យកីឡាករសម្រាក ក្រោយពេលក្រុមទើបបញ្ចប់ការប្រកួត FIFA Club World Cup។
ពានរង្វាន់ Saudi Super Cup ដែលនឹងធ្វើឡើងនៅទឹកដីហុងកុង ចាប់ពីថ្ងៃទី១៩-២៣ ខែសីហា ដំបូងឡើយមាន ៤ក្រុម ចូលរួមប្រកួតរួមមាន Al Nassr, Al Ittihad, Al Qadsiah និង Al Hilal។ ប៉ុន្តែក្រោយប្រកាសដកខ្លួនរបស់ក្លិប Al Hilal ដូច្នេះក្លិបស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ahli ក៏ចូលជំនួសវិញ។
ការដកខ្លួននេះ Al Hilal ក៏សម្លឹងឃើញថាការប្រកួតរដូវកាលថ្មីក្របខណ្ឌ Saudi Pro League ក៏នឹងចាប់ផ្តើមនៅចុងខែសីហា ដែលបង្កឱ្យក្រុមជួបកាលវិភាគប្រកួតមមារញឹកខ្លាំង ទើបសម្រេចចិត្តយកពេលវេលាខ្លះ ផ្តល់ឱ្យកីឡាករសម្រាក។
«ឆ្លងកាត់ការប្រកួតកន្លងមក វាបានកាត់បន្ថយថ្ងៃឈប់សម្រាករបស់កីឡាករនៅត្រឹមតែ ២៤ថ្ងៃ។ បើយើងបន្តលេង Super Cup នោះវានឹងកាន់តែថយមកនៅ ២១ថ្ងៃ ។ ច្បាប់ជាមធ្យមសម្រាប់ការឈប់សម្រាក មានពេល ២៨ថ្ងៃ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Al Hilal។
មួយវិញទៀត ព្រោះតែបញ្ហាកាលវិភាគប្រកួតញឹកញាប់ពេក ហើយបង្កហានិភ័យដល់កីឡាករនឹងអាចរងរបួស ជាមូលហេតុបង្ខំចិត្តឱ្យក្រុម Al Hilal សម្រេចចិត្តបោះបង់ចោលការប្រកួត ហើយក្រុមក៏បានផ្ញើលិខិតស្នើសុំទៅកាន់សហព័ន្ធបាល់ទាត់របស់អារ៉ាប៊ីសាអូឌីតរួចរាល់។
រដូវកាលមុន Al Hilal បញ្ចប់ចំណាត់ថ្នាក់លេខ ២ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ឈរពីក្រោមក្រុមជើងឯក Al Ittihad កាលពីខែឧសភា។ មិនត្រឹមតែប៉ុណ្នោះ ក្រុមក៏បានធ្លាក់ចេញពីពានរង្វាន់ King’s Cup វគ្គ ៨ក្រុម និងធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League Elite។
ក្រោយពីការប្រកួតដ៏មមារញឹករួចក្នុងរដូវកាល ក្រុម Al Hilal ក៏បានបន្តដំណើរទៅកាន់ការប្រកួតពានរង្វាន់ Club World Cup ឆ្នាំ ២០២៥ នៅអាម៉េរិក ដោយក្រុមជើងខ្លាំងអារ៉ាប៊ីសាអូឌីត ផ្តើមការប្រកួតដំបូងក្នុងថ្ងៃទី១៨ មិថុនា ទល់នឹងក្រុម Real Madrid។ Al Hilal បានធ្លាក់ចេញពីការប្រកួត ត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ចាញ់ក្រោមថ្វីជើង Fluminense ថ្ងៃទី៤ កក្កដា៕
ប្រភព៖ThmeyThmey