តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានជះប្រាក់ប្រមាណជាង ១,៥លានដុល្លារ ទិញរថយន្តម៉ាក Batmobile Tumbler ជាប្រភេទរថយន្តរចនារូបរាងចម្លងតាមគំរូ រថយន្តក្នុងខ្សែភាពយន្តមនុស្សអច្ឆរិយ Batman ដ៏ល្បីល្បាញ។
បើតាមការចុះផ្សាយរបស់កាសែត Marca របស់អេស្ប៉ាញ រថយន្តរចនាយ៉ាងពិសេស ម៉ាក Batmobiles ដែល Neymar បានទិញ ជារថយន្តដែលផលិតត្រឹមតែ ១០គ្រឿង ប៉ុណ្ណោះលើពិភពលោក ហើយមានកម្មសិទ្ធិផលិតផ្ទាល់ដោយផលិតកម្មភាពយន្តហូលីវូដដ៏ល្បីឈ្មោះ Warner Bros។
រថយន្តទាំង ១០គ្រឿង នោះផលិតឡើង ដើម្បីអបអរខួប ៨៥ឆ្នាំ នៃការបង្កើតឡើងតួអង្គ Batman ហើយកន្លងមករថយន្តពិសេសនេះ មានតម្លៃជិត ៣លានដុល្លារឯណោះ។
រថយន្តរូបរាងចម្លែក Batmobile Tumbler មានប្រវែងបណ្តោយ ៤,៦៥ម៉ែត្រ និងទន្ទឹង ២,៨ម៉ែត្រ ផលិតឡើងដោយមានតួខ្លួនរថយន្តពីដែក និងរូបរាងផ្នែកខាងក្រៅរបស់រថយន្ត ធ្វើឡើងពីជាតិសរសៃកាបូន (Carbon Fiber) រួមទាំងមានការបំពាក់ប្រព័ន្ធការពារគ្រាប់កាំភ្លើងថែមទៀត។ ជាប្រភេទរថយន្តបំពាក់ដោយម៉ាស៊ីន ៨ (V8 Engines) ទំហំស៊ីឡាំង ៦,២លីត្រ រថយន្តនេះអាចបង្កើតល្បឿនសន្ទុះ ៥២៥សេះ។
ដោយឡែករថយន្ត ដែលបានបង្ហាញក្នុងខ្សែភាពយន្ត Batman អាចមានសមត្ថភាពបាញ់គ្រាប់បែកផ្សែង ប្រើប្រាស់ម៉ាស៊ីនស្រដៀងនឹងម៉ាស៊ីនយន្តហោះចម្បាំង ការបំពាក់កាំភ្លើង គ្រឿងតែងលម្អរបន្ថែម ប៉ុន្តែសមត្ថភាពទាំងនេះគឺមានតែនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ។ យ៉ាងណាមិញ រថយន្ត Batmobile ប្រភេទចម្លងរូបរាងនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាសេដ្ឋីលំដាប់ៗពិភពលោក រួមទាំង Neymar Jr ទោះវាមានតម្លៃថ្លៃក៏ដោយ។ នេះក៏ព្រោះរូបរាងការរចនាឡើងដ៏ទាក់ទាញរបស់វា។
តាមរយៈការទិញរថយន្តប្រភេទនេះ បង្ហាញឱ្យដឹងថា Neymar ក៏ជាកីឡាករ និងមនុស្សម្នាក់គាំទ្រខ្សែភាពយន្តBatman បែបវីរបុរស ឬ Super Hero។ តួយ៉ាងក្រោយខ្នងរបស់កីឡាករវ័យ ៣៣ឆ្នាំ គេក៏មានចាក់សាក់រូបភាពតួអង្គ Batman ផងដែរ។
យ៉ាងណាមិញ រឿងដ៏គួឱ្យហួសចិត្តនោះ ទោះកីឡាករប្រេស៊ីលទិញបានរថយន្តដ៏ថ្លៃ និងមានរូបរាងចម្លែកទាក់ទាញ តែគេមិនអាចបើកបររថយន្ត Batmobile លើដងផ្លូវប្រទេសប្រេស៊ីលបាននោះឡើយ។ រថយន្តតម្លៃ ១,៥លានដុល្លារ នឹងត្រូវទុកចតនៅយានដ្ឋានក្នុងគេហដ្ឋានរបស់គេនៅប្រេស៊ីល រួមជាមួយនឹងរថយន្តម៉ាក Audi R8 Spyder V10 plus, Ferrari Purosangue, Bentley Continental GT, Aston Martin DBX និង Lamborghini Huracan ដ្បិតដងផ្លូវប្រទេសប្រេស៊ីល ពុំមានលក្ខខណ្ឌសមស្រមដើម្បីបើកបរ តាមតម្រូវការរបស់ប្រភេទរថយន្តទាំងអស់នោះឡើយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកីឡាល្បីៗតារាបាល់ប្រេស៊ីល អតីតកីឡាករ Barca និង Paris Saint Germain មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥០លានដុល្លារ។ បច្ចុប្បន្នកីឡាករវ័យ ៣៣ឆ្នាំ កំពុងតែប្រកបអាជីពនៅក្លិបកំណើត Santos FC ស្របពេលរូបគេផ្តើមពង្រឹងសមត្ថភាពខ្លាំងត្រឡប់មកវិញ ក្នុងការសម្រេចក្តីស្រម៉ៃជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលជាថ្មី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក៕
ប្រភព៖ThmeyThmey