Cristiano Ronaldo Jr កូនប្រុសកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ទទួលស្គាល់ថា Lamine Yamal បច្ចុប្បន្នមានសមត្ថភាពល្អជាងឪពុករបស់គេ ប៉ុន្តែកីឡាករយុវជនដ៏មានទេពកោសល្យ វ័យ ១៨ឆ្នាំ មិនទាន់ឈ្នះពានរង្វាន់ច្រើនដូវឪពុកខ្លួននៅឡើយទេ។ យុវជនវ័យ ១៥ឆ្នាំ យល់ថា Yamal ត្រូវការពេលវែងឆ្ងាយ បើចង់សម្រេចសមិទ្ធផលដូចកម្រិត Ronaldo។
Ronaldo Jr ត្រូវបានគេស្រង់សម្តីនិយាយទាក់ទងនឹង Yamal តាមរយៈវីដេអូផ្សាយផ្ទាល់មួយ បង្ហោះលើបណ្តាញសង្គម Instagram ពេលគេជិះរថយន្តដើរកម្សាន្តជាមួយមិត្តភក្កិរបស់គេ កាលពីសប្តាហ៍មុន។
មិត្តភក្កិរបស់ Cristiano Jr បានសួរសំណួរថា តើបច្ចុប្បន្ន កីឡាករវ័យ ១៨ឆ្នាំ លេងនៅក្លិប Barca មានកម្រិតលេងល្អជា Ronaldo ជាឪពុកគេដែរឬទេ? ភ្លាមៗ យុវជនវ័យ ១៥ឆ្នាំ ឆ្លើយតបថា ពិតណាស់ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នមានកម្រិតលេងល្អជាងឪពុកខ្លួន។ ប៉ុន្តែកូនប្រុសច្បង Ronaldo សង្កត់ធ្ងន់ថា Yamal មិនទាន់ឈ្នះពានរង្វាន់ទាំងអស់ដូចឪពុកខ្លួននៅឡើយ។
Yamal ពេលនេះគេកំពុងប្រកបអាជីពនៅក្លិប Barcelona ដោយបង្ហាញខ្លួនដំបូងកាលខែមេសា ឆ្នាំ ២០២៣ ពេលគេមានវ័យទើប ១៥ឆ្នាំ។ កីឡាករទើបចូលវ័យ ១៨ឆ្នាំ បានជួយឱ្យអេស្ប៉ាញឈ្នះពាន Euro 2024 និងជួយ Barcelona ឈ្នះ La Liga, Copa del Rey និង Spanish Super Cup។
សម្រាប់កម្រិតកំណត់ត្រាឯកត្តជនវិញ Yamal នៅពេលរូបគេមានវ័យ ១៧ឆ្នាំ គេក្លាយជាកីឡាករឈ្នះពាន Golden Boy, កីឡាករវ័យក្មេងប្រចាំឆ្នាំរបស់ FIFA ពានរង្វាន់ Kopa Trophy, កីឡាករវ័យក្មេងប្រចាំការប្រកួត និងស៊ុតបញ្ចូលទីច្រើនប្រចាំ Euro 2024 ហើយឈរលេខរៀងទី៨ នៅពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤។
ប្រសិនបើប្រៀបធៀបទៅនឹង Lionel Messi ឬ Cristiano Ronaldo ពេលមានវ័យក្មេង Yamal ជាកីឡាករមួយរូបបង្ហាញសមត្ថភាពអស្ចារ្យលឿនបំផុតនៅក្នុងវ័យទើបតែ ១៦-១៧ឆ្នាំ ជាងកាលពេលដែលកំពូលកីឡាករទាំង ២ បានបង្ហាញសមត្ថភាពនៅក្នុងអាជីពបាល់ទាត់។ Yamal ត្រូវការពេលវេលាបន្ថែម ក្នុងការប្រជែងពានរង្វាន់នានា ក្នុងអាជីពដ៏អស្ចារ្យរបស់គេ នៅកម្រិតក្លិបមួយដ៏ខ្ពស់ដូចជា Barcelona ហើយកូនប្រុសរបស់ Ronaldo ក៏បាននិយាយដូចគ្នានេះដែរ ថាកីឡាករវ័យទើប ១៨ឆ្នាំ ត្រូវការពេលយូជាងនេះ ដើម្បីសម្រេចបានសមិទ្ធផលដូចឪពុករបស់គេ។
ក្នុងអាជីពរបស់ Ronaldo វ័យ ៤០ឆ្នាំ គេបានលេងឱ្យក្រុម Manchester United, Real Madrid, Juventus និង Al Nassr ហើយបានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពរួមមាន UEFA Champions League ៥លើក, Euro 2016, UEFA Nations League ២លើក, La Liga ២លើក, Serie A ២លើក និង Premier League ៣លើក។ លើសពីនេះ Ronaldo ជាកីឡាករឈ្នះពាន Ballon d’Or ៥លើក និងកីឡាករស្បែកជើងមាសអឺរ៉ុប ៤លើក ហើយបច្ចុប្បន្នគេរកបានគ្រាប់បាល់ ៩៣៨គ្រាប់
គូសបញ្ជាក់ថា Cristiano Jr កំពុងតែតាមដើរដានជើងឪពុករបស់គេ ជាកំពូលកីឡាករ ដោយគេបាននឹងកំពុងហ្វឹកហាត់បាល់ទាត់ក្នុងនាមជាកីឡាករយុវជននៅក្លិប Al Nassr ហើយកាលពីខែឧសភា គេបានជួយឱ្យក្រុមអាយុក្រោម ១៥ឆ្នាំ ព័រទុយហ្កាល់ឈ្នះពានរង្វាន់អន្តរជាតិលើកដំបូងនៅប្រទេសក្រូអាស៊ី ហើយគេរកបាន ២គ្រាប់ ក្នុងការប្រកួតនោះ៕
ប្រភព៖ThmeyThmey