NOCC៖ ម៉ារ៉ាតុងចក្រភពអង្គរថ្ងៃទី៣​ សីហា បន្តផ្អាក តាមសំណូមពរអ្នកចូលរួម

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ សីហា ចុងសប្តាហ៍នេះ ត្រូវបន្តផ្អាកដំណើរការដដែលរហូតមានការសម្រេចជាថ្មី។ ការសម្រេចបែបនេះ គឺធ្វើឡើងស្រមតាមសំណូមពរអ្នកចូលរួមរត់។​  នេះបើតាមសេចក្តីប្រកាសរបស់ NOCC ថ្ងៃទី២៩ ខែកក្កដា។

នាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា អ្នករៀបចំរត់ម៉ារ៉ាតុងចក្រភពអង្គរ ក៏ដូចជា NOCC បានប្រកាសឱ្យដំណើរព្រឹត្តិការណ៍ នៅកាលបរិច្ឆេទថ្ងៃទី៣ សីហា ដដែល ក្រោយពីឃើញស្ថានភាពនៅជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ មានភាពស្ងប់ស្ថាត់ទៅ ក្រោយមានបទឈប់បាញ់។  ក៏ប៉ុន្តែ បន្ទាប់មានប្រតិកម្ម  និងសំណូមពរច្រើនពីសំណាក់អ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏សម្រេចពន្យារពេលនៃការប្រារព្ធព្រឹត្តិការណ៍នេះដដែល នៅធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។

បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការពន្យារពេលប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នេះ នឹងធ្វើឡើងរហូតមានការជូនដំណឹងជាថ្មី។

បច្ចុប្ប ន្ននៅតាមខេត្តជាប់ព្រំដែន រួមមានឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ មានសហភាពស្ងប់ស្ងាត់ស្ថានការណ៍ក៏ដោយក្តី ប៉ុន្តែពលរដ្ឋដែលបានជម្លៀលខ្លួនចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព ពុំទាន់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ ជាក់ស្តែង ទីតាំងនៃស្រុកមួយចំនួន នៅខេត្តសៀមរាប ក៏បានយកទីតាំងធ្វើជាទីកន្លែងភៀសខ្លួន របស់ជនភៀសសឹកជាពលរដ្ឋរស់នៅជាប់ក្បែព្រំដែន ខណៈជនភៀសសឹកទាំងនោះកំពុងជួបការលំបាក និងរងគ្រោះពីបញ្ហាជម្លោះ ដែលធ្វើឱ្យអ្នកចូលរួមរត់ពុំអាចទៅរត់ដោយមិនគិតគូពីសុខទុក្ខរបស់ពលរដ្ឋទាំងនោះបានឡើយ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ដែលហៀបនឹងមកដល់ខាងមុខនេះ ដោយអ្នកចូលរួមចុះឈ្មោះរត់គិតដល់ពេលនេះ មានប្រមាណជាង ៤ ៥០០នាក់រួចមកហើយ។ ព្រោះតែស្ថានភាពតានតឹងខ្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ រហូតមានការផ្ទុះអាវុធដាក់គ្នា ចាប់ពីថ្ងៃទី២៤-២៨ កក្កដា ទើបធ្វើឱ្យអ្នករៀបចំព្រឹត្តិការណ៍ បានប្រកាសពីការសម្រេចចិត្តផ្អាករៀបចំ។

នៅយប់ម៉ោង ១២ពាក់កណ្តាលអាធ្រាត្រ ភាគីកងទ័ពកម្ពុជា និងកងទ័ពថៃ បានបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា ស្របតាមបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្រោយពីថ្នាក់ដឹកនាំកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ជួបប្រជុំស្វែងរកបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី សម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានប្តូរវេនអាស៊ាន៕

ប្រភព៖ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top