មកស្គាល់ប្រវត្តិជើងខ្លាំងវ័យក្មេង សុខុន សីហនុត ធ្លាប់ឈ្នះមេដាយមាស ៥ និងសំរឹទ្ធ ៣គ្រឿង ពីប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី ក្នុងប្រភេទកីឡាហាប់គីដូនាពេលកន្លងទៅនេះ ខណៈរូបគេចាត់ជាកីឡាករឆ្នើមប្រចាំសហព័ន្ធហើយ។
កីឡាករថ្នាល សុខុន សីហនុត មានអាយុ ១៣ឆ្នាំ និងកំពុងសិក្សានៅថ្នាក់ទី៨ នៃវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ។ កីឡាករហាប់គីដូរូបនេះមានឪពុកឈ្មោះ ខន សុខុន និងម្ដាយឈ្មោះ រ៉េត សុខហ៊ាង។ រូបគេមានបងប្អូនបង្កើត ២នាក់គឺ សីហនុត ខ្លួនឯងជាបង និងប្អូនស្រីម្នាក់ទៀតឈ្មោះ សុខុន លីហ័រ។
ជារឿងប្លែកម្យ៉ាងដែរសម្រាប់ សីហនុត នោះគឺរូបគេផ្ទាល់ និងឪពុក រួមទាំងប្អូនស្រី បានចូលហាត់កីឡាហាប់គីដូដំបូងឡើយនោះជាមួយគ្នាតែម្ដងរហូតឥលូវនេះមានកម្រិតខ្សែក្រវាត់ត្នោត និងជាសិស្សគុនជំនាន់គ្នាតែម្ដង។
អាចថាជានិស្ស័យអំឡុងជំងឺកូវីដ ១៩ នៅឆ្នាំ២០២២ លោក ខន សុខុន មិនដែលស្គាល់អ្វីទៅជាកីឡាហាប់គីដូនោះទេពីមុនមក ប៉ុន្តែចៃដន្យថ្ងៃមួយរូបលោកបានឃើញ លោក គង់ ចាន់ធីណា កំពុងបង្ហាត់សិស្សមួយក្រុមនៅឯក្លឹប Cambodian Top Team ក្បែរផ្ទះរបស់ខ្លួនទើបសាកសួរ និងបានហាត់ចាប់ពីពេលនោះមករហូតបច្ចុប្បន្ន។
ដោយសារតែជាអ្នកស្រឡាញ់ចូលចិត្តកីឡាផងនោះ និងទទួលបាននូវសុខភាពល្អ មានគុណប្រយោជន៍ច្រើនដល់រាងកាយ ការរស់នៅប្រចាំថ្ងៃ និងប្រាជ្ញាស្មារតីពីកីឡាហាប់គីដូ លោក ខន សុខុន និងកូនៗទាំងពីរចូលចិត្ត និងហាត់រៀនជាប្រចាំ។
កាន់តែអស្ចារ្យក្រៅតែពីមានសុខភាពល្អ និងរាងកាយមាំមួនហើយនោះកីឡាបែបប្រយុទ្ធមួយនេះបានផ្ដល់នូវកិត្តិយសយ៉ាងធំធេងសម្រាប់គ្រួសាររបស់លោកដោយមានអ្នកស្រុកភូមិបានសរសើរ និងរីករាយជាខ្លាំងចំពោះជ័យជម្នះមេដាយជាច្រើនគ្រឿងដែលឈ្នះមកពីប្រទេសថៃ និងឥណ្ឌូណេស៊ី។
ក្នុងការប្រកួតកម្រិតអន្តរជាតិពីរលើកគឺលើកទី១ ការប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ អំឡុងឆ្នាំ២០២៤ សុខុន សីហនុត ឈ្នះមេដាយ ៥គ្រឿង មាស៤ សំរឹទ្ធ១ និងជាប់ជាកីឡាករល្អបំផុត Best Player ទៀតផង។ ចំណែកការប្រកួតលើកទី២ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឯប្រទេសឥណ្ឌូណេស៊ី អំឡុងឆ្នាំ២០២៥ នេះរូបគេឈ្នះមេដាយ ៣គ្រឿង មាស១ និងសំរឹទ្ធ ២។ ភាពអស្ចារ្យរបស់ សីហនុត ទៀតនោះគឺអាចលេងស្ទើគ្រប់វិញ្ញាសាមិនថាប្រយុទ្ធ សម្ដែងកាច់ លោតចម្ងាយ លោតកម្ពស់ជាដើម។ រូបគេមានគោលដៅចង់ក្លាយជាជើងខ្លាំងមួយរូបរបស់សហព័ន្ធកីឡាហាប់គីដូ និងមានសមត្ថភាពល្អដូចលោកគ្រូ គង់ ម៉ូណាមិថុរ៉ា និងជួយផ្សព្វផ្សាយកីឡាមួយនេះឲ្យល្បីដូចកីឡាដទៃនៅប្រទេសកម្ពុជា៕
ប្រភព៖ KAMPUCHEATHMEY